លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច យល់ឃើញថា បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបានផ្ទុះឡើងសាជាថ្មីនាពេលនេះ ចង់ ឬមិនចង់ វានឹងជះផលប៉ះពាល់ខ្លាំងដល់ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា ផងដែរ។ ផលប៉ះពាល់ ក៏ដោយសារប្រទេសអ៊ីរ៉ង់ និងប្រទេសជិតខាង គឺជាប្រភពផលិតប្រេងដ៏សំខាន់របស់ពិភពលោក ដូច្នេះកាលណាទីផ្សារប្រេងរងការរង្គោះរង្គើ នោះនឹងជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនរបស់ពិភពលោក។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា តាមរយៈការវាយប្រហារទ្រង់ទ្រាយធំរបស់អាម៉េរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់នាពេលនេះ គឺមិនងាយនឹងបញ្ចប់ទៅវិញដោយលឿននោះទេ ដ្បិតសុទ្ធសឹងតែជាប្រទេស ដែលមានសញ្វវុធទំនើបៗ និងមានសេដ្ឋកិច្ចធំ ដូច្នេះហើយកម្ពុជា ដែលជាប្រទេសតូចត្រូវត្រៀមខ្លួនឱ្យបានដិតដល់ ដើម្បីទប់ស្កាត់នឹងបញ្ហាប្រឈម នៃការប្រែប្រួលសេដ្ឋកិច្ចនេះ តាមរយៈការពង្រឹងខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសការពង្រឹងលើការផលិតនៅក្នុងស្រុកតែម្តង។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ភ្លើងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងឡើងកម្ដៅនាពេលនេះបានជំរុញឱ្យច្រកសមុទ្រហ័រមូស ដ៏សំខាន់បំផុតសម្រាប់ថាមពលពិភពលោក ដែលគ្រប់គ្រង់ប្រមាណ២០% នៃការប្រើប្រាស់ប្រេងសកលត្រូវបានបិទទាំងស្រុង ដែលជំរុញឱ្យតម្លៃទីផ្សារប្រេងបានកើនឡើងយ៉ាងគំហុកភ្លាមៗ។ បើបញ្ហាសង្រ្គាមនេះនៅបន្តអូសបន្លាយយូរ អ្នកជំនាញរូបនេះយល់ឃើញថា តម្លៃប្រេងនឹងបន្តកើនឡើងខ្ពស់ថែមទៀត ដែលជាសញ្ញាហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចសកល ពោល គឺកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៦ អាចនឹងថមថយល្បឿនយ៉ាងគំហុក។ ស្ថិតក្នុងបរិបទនេះ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីរក្សាភាពធន់សេដ្ឋកិច្ចរបស់ខ្លួនទប់ទល់នឹងការរង្គោះរង្គើសេដ្ឋកិច្ចសកល កម្ពុជា ត្រូវបន្តពង្រីកការបម្លែងប្រភពថាមពលឱ្យបានច្រើន បន្តគ្រប់គ្រងអត្រាអតិផរណាដោយប្រុងប្រយ័ត្ន បង្កើនការធ្វើពិពិធកម្មទីផ្សារនាំចេញ ព្រមទាំងរក្សាប្រព័ន្ធហិរញ្ញវត្ថុឱ្យបានរឹងមាំ។
គួររំលឹកថា បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំកាលពីថ្ងៃសៅរ៍ សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល នៅតែបន្តប្រតិបត្តិការយោធារបស់ខ្លួនរហូតដល់ថ្ងៃទី១ ខែមីនា បើទោះបីជាមានសេចក្តីរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Khamenei ត្រូវបានសម្លាប់ក្នុងយុទ្ធនាការនេះក៏ដោយ។ ស្ថានភាពនេះកំពុងធ្វើឱ្យពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈដែលទីផ្សារភាគហ៊ុន និងទីផ្សារថាមពលកំពុងរងការរង្គោះរង្គើ និងស្ថិតក្រោមការតាមដានយ៉ាងដិតដល់បំផុតរបស់ពិភពលោក៕