សង្គ្រាមចិត្តសាស្ត្រ

សង្គ្រាមនៅលើសមរភូមិស្ងប់ស្ងាត់ហើយ នៅឡើយតែសង្គ្រាមព័ត៌មាន តើពលរដ្ឋគួរធ្វើដូចម្តេច ដើម្បីកុំឱ្យចាញ់សង្គ្រាមចិត្តសាស្ត្រ?


អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមសង្កេតឃើញថា ទោះបីសង្គ្រាមនៅលើសមរភូមិបានស្ងប់ស្ងាត់ក៏ពិតមែន តែសង្គ្រាមព័ត៌មានជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រឹមតែមិនស្ងាត់នោះទេ តែវាកំពុងវាយលុកនៅលើបណ្តាញសង្គមក្នុងសង្គមកម្ពុជា និងថៃ ដែលបញ្ហានេះកំពុងជះផលប៉ះពាល់មិនល្អដល់សតិអារម្មណ៍របស់ពលរដ្ឋនៃប្រទេសទាំងពីរ។ សម្រាប់អ្នកជំនាញ ប្រសិនបើកម្ពុជា មិនអាចឆ្លើយតប និងទប់ស្កាត់ព័ត៌មានក្លែងក្លាយឱ្យបានទាន់ពេលវេលាទេ នោះកម្ពុជា អាចប្រឈមនឹងការចាញ់សង្គ្រាមចិត្តសាស្ត្រ។
សង្គ្រាមចិត្តសាស្ត្រ
ដោយ

តែយ៉ាងណាអ្នកជំនាញទទួលស្គាល់ថា ពលរដ្ឋហាក់មានការលំបាកក្នុងការបែងចែកឱ្យដាច់រវាងព័ត៌មានពិត និងព័ត៌មានក្លែង ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)។ យ៉ាងណាមិញក្រសួងព័ត៌មាន បន្តអំពាវនាវឱ្យពលរដ្ឋតាមដានព័ត៌មានចេញពីប្រភពជួររដ្ឋាភិបាល និងសារព័ត៌មានមានវិជ្ជាជីវៈ ចៀសវាងកើតមានការភន់ច្រឡំណាមួយ។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម សង្កេតឃើញថា ព័ត៌មានក្លែងក្លាយកំពុងរីករាលដាល និងវាយលុកខ្លាំងនៅលើបណ្តាញសង្គមទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃ ជាពិសេសសង្គ្រាមព័ត៌មានពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា និងថៃ តែម្តង។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ទោះបីការប្រយុទ្ធគ្នានៅលើសមរភូមិបានស្ងប់ស្ងាត់ក៏ពិតមែន តែសង្គ្រាមព័ត៌មានមិនទាន់ស្ងប់ស្ងាត់នោះទេ ដែលបញ្ហានេះកំពុងជះផលប៉ពាល់ដល់បញ្ហាផ្លូវចិត្តទាំងពលរដ្ឋកម្ពុជា និងពលរដ្ឋថៃ និងកំពុងដុតបញ្ឆេះឱ្យប្រជាជននៃប្រទេសទាំងពីរជះកំហឹងដាក់គ្នាផងដែរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យពលរដ្ឋត្រូវមានការគិតពិចារណាឱ្យបានខ្ពស់ ហើយត្រូវចាំថា ព័ត៌មានដែលផ្សាយទាំងនោះមិនសុទ្ធតែជាការពិតនោះទេ ដើម្បីជៀសវាងចាញ់សង្គ្រាមចិត្តសាស្រ្តរបស់ថៃ។

​​ជាមួយគ្នានេះ លោកបណ្ឌិត ធួន ស៊ីណាន អ្នកតាមដានស្ថានការណ៍សង្គម បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ ថា សង្គ្រាមដែលកំពុងគ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា ក្នុងកាលៈទេសៈដ៏លំបាកនេះ គឺសង្គ្រាមព័ត៌មានវិជ្ជា ឬហៅជាភាសាអង់គ្លេសថា Digitalization War ដែលកំពុងកើតមានឡើង ហើយតម្រូវឱ្យទប់ស្កាត់ឱ្យបាន ប្រសិនជាភាគីពាក់ព័ន្ធទាំងអស់មិនអាចទប់ស្កាត់បានទេ នោះនឹងប្រឈមការចាញ់សង្គ្រាមផ្នែកព័ត៌ទាំងអស់នេះ។

ដើម្បីកុំឱ្យធ្លាក់ក្នុងអន្ទាក់បោកប្រាស់ និងចាញ់ក្នុងសង្គ្រាមចិត្តសាស្ត្រ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់ពលរដ្ឋបន្តតាមដានប្រភពព័ត៌មានច្បាស់ការចេញពីរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន ដែលមានវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មានជុំវិញស្ថានភាពព្រំដែនកម្ពុជា ជាមួយថៃ ជាពិសេសក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន និងក្រុមអ្នកនាំពាក្យក្នុងជួររដ្ឋាភិបាល រួមទាំងថ្នាក់ដឹកនាំកំពូលៗ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

​បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នភាគីថៃ កំពុងប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ និងប្រឌិតរឿងខុសពីការពិត ដើម្បីបំពុលបរិយាកាសព័ត៌មាន បង្កភាពច្របូកច្របល់ និងការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ ជុំវិញស្ថានការណ៍ពិត ដែលបាន និងកំពុងកើតមានឡើងទាក់ទងនឹងជម្លោះព្រំដែននេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលរួមទាំងក្រសួងព័ត៌មាន កំពុងចាត់វិធាននានា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានបែបបំពុលផ្សេងៗ មិនឱ្យរីកសាយភាយ ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងស្ថានភាពបច្ចុប្បន្ន និងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកជំនាញសង្កេតឃើញថា បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែមានភាពផុសស្រួយ ទោះមានការអន្តរាគមន៍ពីប្រទេសមហាអំណាច

អ្នកជំនាញភូមិសាស្ត្រនយោបាយសង្កេតឃើញថា បទឈប់បាញ់រវាងប្រទេសកម្ពុជា និងថៃនៅតែស្ថិតក្នុងភាពផុយស្រួយ បើទោះបីមានការលូកដៃជួយអន្តរាគមន៍ និងសម្រ…

លោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ជាលើកទី២ និងព្រមានក្រុមហាម៉ាសឱ្យប្រញាប់រំសាយអាវុធ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ ថា សហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារដ៏ធំមួយទៀតប្រឆាំងនឹងអ៊…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ