ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញនៅក្នុងវិស័យ SME កត់សម្គាល់ឃើញថា នៅមួយរយៈពេលចុងក្រោយនេះវិស័យ SME ហាក់ចាប់ផ្ដើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ក្រោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ ក្រុមអ្នកជំនាញ ក៏បានបង្ហាញគំនិតសុទិដ្ឋិយមសម្រាប់ឆ្នាំ២០២៤ ខាងមុខ ថាវិស័យ SME កម្ពុជា នឹងកាន់តែល្អប្រសើរ និងរួមចំណែកកាន់តែធំក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ឃើញថា វិស័យ SME កាន់តែរីកចម្រើន និងដើរតួនាទីកាន់តែសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច។ ជាក់ស្តែងបច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមមានប្រមាណ៩៨% នៃសហគ្រាសសរុបទូទាំងប្រទេសកម្ពុជា ដោយបានរួមចំណែកប្រមាណ៥៨% នៃផលិតផលក្នុងស្រុកសរុប(GDP) និងបានបង្កើតការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប។ បើតាមការកត់សម្គាល់របស់ឯកឧត្តម ហេង សុគង់ នៅពេញមួយឆ្នាំ២០២៣ វិស័យ SME នៅកម្ពុជា មានការប្រែប្រួលគួរឲ្យកត់សម្គាល់ ពោលគឺវិស័យនេះបានជួបបញ្ហាប្រឈមផង និងឱកាសផង។ ការខ្វះដើមទុន គួបផ្សំនឹងការខ្វះចំណេះដឹង នៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមគ្នាបន្ត និងជំរុញការដោះស្រាយ និងលើកកម្ពស់វិស័យ SME កម្ពុជាបន្តទៀត។
ជាក់ស្ដែង កន្លងមករាជរដ្ឋាភិបាលតាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្ដល់កម្ចីជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់វិស័យ SME នៅកម្ពុជា។ លើសពីនេះ កាលពីពេលថ្មីៗ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់គ្រប់ធនាគារទាំងអស់នៅកម្ពុជា បន្តផ្ដល់ឥណទានដល់វិស័យ SME សំដៅរួមចំណែកជួយលើកកម្ពស់ និងលើកទឹកចិត្តបន្ថែមទៀតដល់វិស័យ SME នៅកម្ពុជា។
ជាមួយគ្នានេះឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាលមានការជួយជ្រោមជ្រែងកាន់តែខ្លាំង ក្នុងការជួយដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់វិស័យ SME នៅកម្ពុជា ដែលធ្វើឲ្យវិស័យនេះ ហាក់មានកំណើនវិជ្ជមានគួរឲ្យកត់សម្គាល់។ ក្រោយទទួលបានទទួលការជួយពីរាជរដ្ឋាភិបាល បញ្ហាប្រឈមមួយចំនួនក្នុងវិស័យនេះ ហាក់ចាប់ផ្ដើមធូរស្បើយ ពិសេសទាក់ទិននឹងបញ្ហាទីផ្សារតែម្ដង។ តែយ៉ាងណា វិស័យនេះ នៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជាការយល់ដឹងពីការធ្វើអាជីវកម្មរបស់ម្ចាស់អាជីវកម្មមួយចំនួននៅមានកម្រិត និងបញ្ហាដើមទុនជាដើម។ លើសពីនេះ អ្វីដែលជាបញ្ហាប្រឈមខ្លាំងបំផុតសម្រាប់ SME កម្ពុជានោះ គឺការបន្តហូរចូលនូវផលិតផលសម្រេចពីខាងក្រៅ តែម្ដង ពិសេសផលិតផលដែលកម្ពុជាមានលទ្ធភាពផលិតដោយខ្លួនឯង។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមអ្នកជំនាញនៅតែបង្ហាញគំនិតសុទិដ្ឋិនិយមខ្ពស់ថា វិស័យ SME កម្ពុជានៅឆ្នាំ២០២៤ខាងមុខ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៣ ហើយវានឹងរួមចំណែកកាន់តែសំខាន់ក្នុងការជួយគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៣ សហគ្រាសធុនតូច និងមធ្យមប្រភេទកម្មន្តសាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រមាណ៤ម៉ឺន៤ពាន់មូលដ្ឋាន និងបានបង្កើតការងារសរុបជាង៤១ម៉ឺន កន្លែង។ ក្នុងនោះ កំណើន SME ដែលចុះបញ្ជីថ្មីមានប្រមាណ១ពាន់មូលដ្ឋាន និងអាចបង្កើតការងារបន្ថែមជាង១ម៉ឺននាក់។ ដោយឡែក ចំពោះ SME ដែលរងផលប៉ះពាល់ខ្លាំង និងឈានដល់ការបិទអាជីវកម្មនោះមានចំនួនជាង៧០០សហគ្រាស។ សូមបញ្ជាក់ថា វិស័យ SME បានបែងចែកជា៤ផ្នែក រួមមានផ្នែកកម្មន្តសាល កសិកម្ម សេវាកម្ម និងឧស្សាហកម្ម៕