វិស័យទេសចរណ៍

ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ


ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បាននាំគ្នាទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ដោយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណ២ម៉ឺននាក់។ អ្នកជំនាញទេសចរណ៍ បានវាយតម្លៃថា តាមរយៈព្រឹត្តិការណ៍ដ៏អស្ចារ្យ ដែលកើតឡើង២ដងក្នុងមួយឆ្នាំនេះ បានជំរុញការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីបណ្តាប្រទេសឆ្ងាយៗយ៉ាងច្រើនឱ្យចូលមកកម្សាន្តនៅខេត្តសៀមរាប។
វិស័យទេសចរណ៍
ដោយ

ព្រឹត្តិការណ៍សមរាត្រីតែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវប្រាំង ដែលកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែមីនា និងលើកទី២ គឺសមរាត្រីរដូវវស្សា ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ជាក់ស្តែង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះកររហូតដល់២ម៉ឺននាក់ បាននាំគ្នាទៅទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកព្រឹត្តិការណ៍សមរាត្រី ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា ជាពិសេសភ្ញៀវទេសចរមកពីតំបន់ឆ្ងាយៗ ដូចជាអឺរ៉ុបជាដើម ដ្បិតថា ពួកគេមានចំណាប់អារម្មណ៍ខ្លាំងទៅលើបាតុភូតប្លែកៗនៅជុំវិញពិភពលោក ដូចជាបាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្តនេះតែម្តង។ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈកំណើនភ្ញៀវទេសចរចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រីនេះ វានឹងជួយជំរុញការផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្តកម្ពុជា ឱ្យកាន់តែទូលំទូលាយ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរថ្មីៗបានកាន់តែច្រើនថែមទៀត។

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនៅក្នុងអំឡុងព្រឹត្តិការណ៍សមរាត្រី ដែលកើតឡើង២ដងក្នុង១ឆ្នាំនេះ ខេត្តសៀមរាប អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានយ៉ាងច្រើនជាងថ្ងៃធម្មតា ដ្បិតវាជាព្រឹត្តិការណ៍ពិសេស ដែលកើតចេញពីភាពអស្ចារ្យនៃស្ថាបត្យកម្មរបស់ដូនតាខ្មែរដែលបានបន្សល់ទុកឱ្យ។ ទោះបីព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះ មិនទាន់ដឹងអាចទាក់ទាញភ្ញៀវទេសចរបានប៉ុន្មានក៏ដោយ តែអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ស្ថានភាពវិស័យទេសចរណ៍នៅខេត្តសៀមរាប មានកំណើនវិជ្ជមានជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។

​គួរជម្រាបថា បើតាមការគូសបញ្ជាក់របស់លោក ហូ វណ្ឌី បច្ចុប្បន្នខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៣ពាន់នាក់ ក្នុង១ថ្ងៃ ដែលចូលទៅទស្សនានៅប្រាសាទអង្គរវត្ត៕




អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះជំរុញឱ្យប្រាក់ដុល្លារអាម៉េរិក ហក់ឡើងថ្លៃមកវិញ?

ប្រាក់ដុល្លារអាម៉េរិក ដែលជារូបិយប័ណ្ណបម្រុងអន្តរជាតិ ដ៏ធំ និងមានឥទ្ធិពលបំផុតរបស់ពិភពលោកបានហក់ឡើងថ្លៃមកវិញបន្តិច បើធៀបនឹងរូបិយប័ណ្ណសំខ…

រដ្ឋាភិបាលថៃ គ្រោងជួយដោះស្រាយឥណទានមិនដំណើរការ ដែលមានទំហំជាង១២ពាន់លានដុល្លារអាម៉េរិក

រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ត្រាំ ដែលជាកូនស្រីបង្កើតរបស់លោក ថាក់ស៊ីន គ្រោងធ្វើអន្តរាគមន៍ដោះស្រាយវិប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ