វេទិកា​សេដ្ឋកិច្ច​ពិភព​លោក

សហប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ទាំង​៦​រូប៖ កម្ពុជា​តូច តែ​ខ្លាំង!


វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​កម្ពុជា​ឆ្នាំ​នេះ បាន​ស្ថិត​នៅ​ក្រោម​ក្រសែ​ភ្នែក​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ពី​សំណាក់​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ល្បីៗ និង​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​ក្នុង​តំបន់ និង ​លើ​ពិភព​លោក។
កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ស្ដីពី​អាស៊ាន ពីថ្ងៃទី១០-១២ ឧសភា ឆ្នាំ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ

មាន​សំណួរ​ចោទ​សួរ​ជា​ច្រើន​ទៅ​កាន់​ថ្នាក់​ដឹកនាំ​អ្នក​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ ថា តើ​កម្ពុជា​មាន​អ្វី​ពិសេស​​ដើម្បី​​ទាក់ទាញ​វិនិយោគិន​បរទេស ហើយ​វេទិកា​នេះ កម្ពុជា​យើង​ចំណេញ​អ្វី​ខ្លះ?

ពាក់ព័ន្ធ​ទៅ​នឹង​សំណួរ​នេះ ត្រូវ​បក​ស្រាយ​ដោយ​សហប្រធាន​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក អ្នក​វិនិយោគ​ក៏ដូចជា​ពាណិជ្ជករ​ល្បីៗ និង​មេ​ដឹកនាំ​មក​ពី​ប្រទេស​ក្នុង​តំបន់ និង​ ពិភព​លោក​ថា ពិត​ណាស់​កម្ពុជា​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន​ពី​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក និង​ធ្វើ​ឲ្យ​អន្តរជាតិ​ស្គាល់​កាន់​តែ​ច្បាស់​ពី​កម្ពុជា។

លោក John Rice អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ផលិត​ថាមពល GE  លោក Tan Vongvanich អគ្គនាយក​ប្រតិបត្តិ ក្រុមហ៊ុន​រុក​រក​និង​ផលិត​ប្រេង​របស់​ថៃ PTT លោក Wolfgang Jamann  អគ្គលេខាធិការ​និង​នាយក​ប្រតិបត្តិ​អង្គការ CARE International លោក Jamaludin Ibrahim ប្រធាន​អគ្គនាយក ក្រុមហ៊ុន Axiata Group ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ម៉ាឡេស៊ី លោកស្រី Tan Hooi Ling Tevin សហប្រធាន​ក្រុមហ៊ុន Grab សិង្ហបុរី (អ្នក​ដឹកនាំ​វ័យ​ក្មេង​សកល) សុទ្ធ​តែ​បាន​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រទេស​កម្ពុជា​ថា ថ្វី​ត្បិត​តែ​ប្រទេស​នេះ​តូច ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​សក្តានុពល​សម្រាប់​វិនិយោគ ដោយសារ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស បើ​ធៀប​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់។

លោក Jamaludin Ibrahim ប្រធាន​អគ្គនាយក ក្រុមហ៊ុន Axiata Group ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​បាន ​មក​ដល់​ប្រទេស​កម្ពុជា។ លោក​និយាយ​ថា ប្រទេស​កម្ពុជា​តូច តែ​រីក​ចម្រើន​ខ្លាំង ដែល​មាន​កំណើន​សេដ្ឋកិច្ច​កើន​ឡើង ៧​ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ។

មេដឹកនាំ​រដ្ឋាភិបាលមក​ពី​៤​ប្រទេស ព្រមទាំង​មេដឹកនាំ​ធុរកិច្ច និង​វិនិយោគិន​ជាង ៧០០​នាក់ ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​ នៅ​ភ្នំពេញ។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា)

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ​ដែរ  អាច​និយាយ​បាន​ថា ជា​មេ​ដែក​ឆក់​ស្រូប​ទាញ​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​ឲ្យ​ចាប់​អារម្មណ៍​និង​ឈាន​ទៅ​រក​ការ​បោះទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ វេទិកា​ដ៏​ធំ​មួយ​នេះ ក៏​ជា​ឱកាស​មាស​សម្រាប់​បង្ហាញ​ពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​ទៅ​កាន់​ពិភព​លោក​ផង​ដែរ។ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​កម្ពុជា ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ជ្រាប​ច្បាស់​ពី​ប្រទេស​កម្ពុជា។

លោក ជីន លីហ្គន់ ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការ​ពង្រីក​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ តភា្ជប់​បណ្តាញ​ដឹក​ជញ្ជូន នឹង​ធ្វើ​ឲ្យ​ប្រទេស​នៅ​ក្នុង​តំបន់​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លាំង​ក្លា ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ លោក ជីន លីហ្គន់ បាន​បន្ត​ថា កម្ពុជា​ត្រូវ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ផ្នែក រឹង និង​ទន់ ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម ដែល​កំពុង​តែ​មាន​ការ​រីក​លូត​លាស់។ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ធនាគារ អេ អាយ អាយ ប៊ី (AIIB)។

ដោយ​ឡែក ក្រុម​អ្នក​សេដ្ឋកិច្ច វិនិយោគិន​ជាតិ និង​អន្តរជាតិ​ល្បីៗ សុទ្ធ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា តាមរយៈ​ព្រឹត្តការណ៍​សំខាន់ៗ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ បាន​ចូលរួម​ចំណែក​គោល​នយោបាយ​បើក​ចំហ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ជំរុញ​ឲ្យ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា។

មេដឹកនាំ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ចំនួន៤ មាន​កម្ពុជា វៀតណាម ឡាវ ហ្វីលីពីន បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ថា នឹង​​រួបរួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រទេស​ក្នុង​តំបន់​ឲ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន។ ហើយ​ដើម្បី​ជំរុញ​ការ​វិនិយោគ និង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ជាតិ​កាន់​តែ​មាន​ភាព​រឹងមាំ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ខិតខំ​ជំរុញ​នូវ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម វិស័យ​អប់រំ វិស័យ​បច្ចេកវិទ្យា និង​វិស័យ​បដិសណ្ឋារកិច្ច។

សូម​បញ្ជាក់​ថា កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ស្ដីពី​អាស៊ាន រយៈពេល ៣​ថ្ងៃ​ក្នុង​រាជ​ធានី​ភ្នំពេញ ពីថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧ ក្រោម​ប្រធាន​បទ «យុវជន បច្ចេក​វិទ្យា និង​ការ​រីក​ចម្រើន» ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​និង​វិនិយោគិន​កំពូលៗ ប្រមាណ​ជាង ៧០០​នាក់៕




អត្ថបទបន្ទាប់


ញ៉ាំ​៤​មុខ​នេះ​ចូល​គ្នា​ធានា​ថា​ស្រក​ក្បាល​ពោះ​ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ

វាមិនមែនជាថ្នាំទិព្វធ្លាក់ពីលើមេឃនោះទេ ប៉ុន្តែ វាគឺជាគ្រឿងផ្សំធម្មជាតិ ហើយងាយស្រួលធ្វើទៀតផង។ អ្នកប្រហែលជាមិនជឿ ប៉ុន្តែ វាពិតជាមានប្រសិទ្ធភ…

វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ចំណាយ​ថវិកា ២លាន​២​សែន​៨៨០០​ដុល្លារ​អាមេរិក

ប្រទេស​កម្ពុជា​បាន​ចំណាយ​ថវិកា​ប្រមាណ ២​លាន ២​សែន ៨៨០០​ដុល្លារ​អាមេរិក សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ