លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ចូលដល់ខែមេសា នេះ គ្រាប់ស្វាយចន្ទីសើមនៅកម្ពុជា បានហក់ឡើងថ្លៃដល់៥ពាក់រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ការហក់ឡើងថ្លៃនេះ ត្រូវបានប្រធានសមាគមរូបនេះអះអាងថា គឺបន្ទាប់កសិករភាគច្រើនបាននាំគ្នាហាលគ្រាប់ស្វាយចន្ទីទុក បន្ទាប់ពីមានការធ្លាក់ថ្លៃខ្លាំងនៅប៉ុន្មានខែកន្លងមកនេះ គួបផ្សំគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះទិន្នផលនៅឆ្នាំនេះ។ ហើយការនាំគ្នាហាលគ្រាប់ស្វាយចន្ទីទុកនេះ ក៏បានទាញតទម្លាក់បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារវៀតណាមផងដែរ។ ទន្ទឹមនេះ លោកសង្ឃឹមថា គ្រាប់ស្វាយចន្ទីស្ងួត ដែលកសិករបានហាលទុកនឹងបន្តឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ ក្រោយប្រទេសជាច្រើនដែលដាំដំណាំស្វាយចន្ទីបានរងផលប៉ះពាល់ពីបាតុភូតអែលនីណូ ដែលបណ្តាលឱ្យទិន្នផលមានការធ្លាក់ចុះយ៉ាងខ្លាំង។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ដំណាំស្វាយចន្ទីនៅកម្ពុជា បានរងការគំរាមកំហែងពីបាតុភូតអែលនីណូ បង្កឱ្យមានការខូចខាតដល់ផ្លែ ផ្កា និងធ្លាក់ចុះទិន្នផល។ តាមរយៈការគំរាមកំហែងពីបាតុភូតអែលនីណូនេះបានជំរុញឱ្យសមាគមស្វាយចន្ទីកម្ពុជាព្យាករថា ទិន្នផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី១០% ទៅ៣០% បើធៀបនឹងឆ្នាំ២០២៣។ បើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានចំនួន៤៧ម៉ឺន៤ពាន់តោន កើនឡើង១៣% ក្នុងនោះនាំចេញទៅប្រទេសវៀតណាមបានចំនួន៤២ម៉ឺន៤ពាន់តោន គិតជាប្រាក់៥៤៣លានដុល្លារ ខណៈតម្លៃមធ្យមសម្រាប់គ្រាប់ស្វាយចន្ទីស្ងួតត្រូវបានឈ្មួញទិញក្នុងតម្លៃ១ពាន់២រយដុល្លារក្នុង១តោន៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ