លោក ចូ បៃឌិន

លោក ចូ បៃឌិន ទទូចឱ្យយកពន្ធ១គុណនឹង៣លើផលិតផលដែក និងអាលុយមីញ៉ូមរបស់ចិន


ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី១៧ ខែមេសា បានទទូចឱ្យដំឡើងពន្ធ១គុណនឹង៣លើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់មហាយក្សចិន ហើយព្រមានថា ការហូរចូលនៃផលិតផលចិន ដែលមានតម្លៃថោកអាចជះផលប៉ះពាល់ដល់កម្មករនិយោជិតអាម៉េរិក ប្រសិនបើគ្មានការត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
លោក ចូ បៃឌិន
ដោយ

ថ្លែងពីការិយាល័យកណ្តាលរបស់សហជីពកម្មករនិយោជិតផលិតដែកអាម៉េរិក United Steelworkers Union នៅទីក្រុងភីតស្បឺក (Pittsburgh) សហរដ្ឋអាម៉េរិក ប្រធានាធិបតី ចូ បៃឌិន បានលើកឡើងចំៗថា អស់រយៈពេលជាយូរពេកមកហើយដែលរដ្ឋាភិបាលចិន បានចាក់បញ្ចូលថវិការដ្ឋជួយបណ្ដាក្រុមហ៊ុនផលិតដែកថែបរបស់ប្រទេសចិន ដោយជំរុញឱ្យក្រុមហ៊ុនទាំងនោះផលិតដែកយ៉ាងច្រើនលើសលប់។

លោកបានបន្ថែមថា ដោយសារតែក្រុមហ៊ុនដែកថែបចិន ទាំងនោះផលិតដែកថែបច្រើនជាងតម្រូវការរបស់ប្រទេសចិន ផលិតផលទាំងនោះបានហូរហៀរជោរជន់ពាសពេញទីផ្សារជុំវិញពិភពលោក និងលក់ក្នុងតម្លៃទាបខ្លាំងដោយមិនត្រឹមត្រូវតាមច្បាប់ប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម។

លោកបានបន្តថា តម្លៃផលិតផលទាំងនោះ គឺទាបខ្លាំងណាស់ដោយសារតែក្រុមហ៊ុនទាំងនោះមិនចាំបាច់ព្រួយបារម្ភអំពីការរកប្រាក់ចំណេញ ហើយថា ទង្វើបែបនោះមិនមែនជាការប្រកួតប្រជែងដោយភាពត្រឹមត្រូវនោះទេ តែវាគឺជាការបោកប្រាស់។

ទន្ទឹមនេះ លោក ចូ បៃឌិន បានប្រាប់កម្មករនិយោជិតនៅសហជីពខាងលើនេះថា ប្រធានទីភ្នាក់ងារតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក លោកស្រី ខាធើរីន តៃ (Katherine Tai) កំពុងស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មរបស់ចិន ទាក់ទងនឹងផលិតផលដែកថែប និងអាលុយមីញ៉ូម។

លោកបានថ្លែងថា ប្រសិនបើការស៊ើបអង្កេតរកឃើញថា ក្រុមហ៊ុនចិន ទាំងនោះពិតជាអនុវត្តពាណិជ្ជកម្មប្រឆាំងការប្រកួតប្រជែងដោយភាពត្រឹមត្រូវដូចការចោទប្រកាន់មែន លោកនឹងទទូចឱ្យលោកស្រី ខាធើរីន តៃ (Katherine Tai) ពិចារណាដំឡើងពន្ធ១គុណនឹង៣ទាំងលើផលិតផលដែកថែប និងអាលុយមីញ៉ូម។

ការថ្លែងបែបនេះធ្វើឡើងបន្ទាប់ពីប្រទេសចិន កាលពីថ្ងៃអង្គារ ទី១៦ ខែមេសា បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួសសម្រេចបានកំណើន៥,៣%ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដែលល្អជាងការរំពឹងទុក។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ត្រីបរទេសជាន់ខ្ពស់ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេឡេន (Janet Yellen) និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្កូល (Olaf Scholz) ផង សុទ្ធតែបានសង្កត់ធ្ងន់លើបញ្ហាផលិតកម្មឧស្សាហកម្មច្រើនលើសលប់ ជាពិសេសផលិតផលពណ៌បៃតងដូចជារថយន្តអគ្គិសនី (EV) និងបន្ទះសូឡាជាដើម៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សន្សំប្រាក់នៅធនាគារ ប្រ៊ីដ ទទួលបានអត្រាការប្រាក់ខ្ពស់ ៧,៥%ក្នុងមួយឆ្នាំ និងមានឱកាសទទួលបានរង្វាន់សំបុត្រយន្ដហោះថែមទៀត

ព័ត៌មាន
ធនាគារ ប្រ៊ីដ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បាននិងកំពុងបោះជំហានកាន់តែលឿនរហ័ស និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរ…

គ្រាប់ស្វាយចន្ទីសើមនៅខែមេសា នេះ បានហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

ព័ត៌មាន
គ្រាប់ស្វាយចន្ទីសើមនៅកម្ពុជាបានចាប់ផ្ដើមឡើងថ្លៃជាបណ្តើរៗវិញហើយនៅក្នុងខែមេសា នេះ បន្ទាប់ពីបានធ្លាក់ចុះខ្លាំងជាបន្តបន្ទាប់នៅប៉ុន្មានខែកន្លងមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ