​វិស័យ​វប្បធម៌

តើមានអ្វីនៅពីក្រោយ ដែលជំរុញឱ្យថៃ បន្តយកបញ្ហាវប្បធម៌មកបង្កជម្លោះជាមួយកម្ពុជា?


នាពេលថ្មីៗនេះភាគីថៃ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងជុំវិញការរៀបចំសម្ដែងសិល្បៈបុរាណក្នុងកម្មវិធីប្រកួតបវរកញ្ញានៅកម្ពុជា ដោយបានអះអាងទាំងបំពានថា រូបភាពវប្បធម៌ទាំងនោះជារបស់ខ្លួន។ ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយមើលឃើញថា ជម្លោះវប្បធម៌រវាងកម្ពុជា និងថៃ គឺជាមុខរបួសដ៏រ៉ាំរ៉ៃ ដែលកំពុងរង្គោះរង្គើខ្លាំងក្នុងបរិបទវិវាទព្រំដែន។
​វិស័យ​វប្បធម៌
ដោយ

ទន្ទឹមនឹងនេះក្រុមអ្នកជំនាញ បានជំរុញឱ្យកម្ពុជា ពង្រឹងការស្រាវជ្រាវ ផ្អែកលើភស្តុតាងប្រវត្តិសាស្ត្រដ៏រឹងមាំ ដើម្បីការពារអត្តសញ្ញាណជាតិ និងទប់ស្កាត់ការប៉ុនប៉ងប្លន់យកមរតកដូនតាខ្មែរពីសំណាក់ប្រទេសថៃ។

លោកបណ្ឌិត តឹក ម៉េង សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្ត្របានលើកឡើងថា ជម្លោះវប្បធម៌រវាងកម្ពុជា និងថៃ គឺជាបញ្ហារ៉ាំរ៉ៃមួយ ដោយសារប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា និងមានព្រំដែនភូមិសាស្ត្រជាប់គ្នា។ លោកបណ្ឌិតយល់ថា ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ទាមទារឱ្យមានការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ជាពិសេសក្នុងបរិបទដែលកម្ពុជា និងថៃកំពុងមានវិវាទព្រំដែន។ យ៉ាងណាមិញ អ្នកជំនាញរូបនេះ បានបង្ហាញក្តីបារម្ភថា ការប្រកួតប្រជែង ឬការអះអាងលើមរតកវប្បធម៌របស់គ្នាទៅវិញទៅមកអាចប៉ះពាល់ដល់ការយល់ដឹងអំពីអត្តសញ្ញាណជាតិ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ស្របពេលដែលកម្ពុជា និងថៃមានវិវាទព្រំដែន ការដណ្ដើមយកប្រៀបផ្នែកវប្បធម៌ពីសំណាក់ភាគីថៃ ក៏មិនខុសពីការប៉ុនប៉ងចង់លុបបំបាត់អត្តសញ្ញាណជាតិខ្មែរនោះដែរ ដែលទាមទារឱ្យយុវជនបង្កើនការស្រាវជ្រាវ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរឱ្យបានទូលាយបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ កត់សម្គាល់ឃើញថា បញ្ហាជម្លោះវប្បធម៌នាពេលបច្ចុប្បន្នកំពុងត្រូវបានថៃយកធ្វើជាឧបករណ៍នយោបាយ ដោយសារតែចលនាជ្រុលនិយមមួយចំនួននៅប្រទេសថៃបានឆក់ឱកាសទាញយកប្រយោជន៍ពីបញ្ហាវប្បធម៌ ដើម្បីកៀរគរការគាំទ្រក្នុងបំណងបង្វែរដានពីវិបត្តិនយោបាយ និងការប្រឈមផ្ទៃក្នុងរបស់ខ្លួន។ បន្ថែមលើនេះ លោកបណ្ឌិត បានកត់សម្គាល់ថា ភាគីថៃអាចកំពុងព្រួយបារម្ភចំពោះការកើនឡើងនៃអំណាចទន់របស់កម្ពុជា តាមរយៈការផ្សព្វផ្សាយវប្បធម៌ខ្មែរយ៉ាងរវើក ដែលមានភស្តុតាងប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រគាំទ្រយ៉ាងរឹងមាំ។ លោកបណ្ឌិត បានព្រមានថា ការបង្កើតភាពតានតឹងផ្នែកវប្បធម៌ គួរតែត្រូវបញ្ចប់ភ្លាមៗ ព្រោះវាអាចជំរុញឱ្យមានកំហឹងប្រឆាំងគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ និងអាចរុញច្រានឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់។

ក្រុមអ្នកជំនាញយល់ឃើញថា ស្ថិតក្នុងស្ថានភាពនេះកម្ពុជាត្រូវតែពង្រឹងសាមគ្គីភាពជាតិឱ្យបានរឹងមាំ ប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងបង្កើនការស្រាវជ្រាវប្រវត្តិសាស្ត្របែបវិទ្យាសាស្ត្រ ដើម្បីថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិលើឆាកអន្តរជាតិ។ ជាពិសេសយុវជនកម្ពុជា ត្រូវដើរតួនាទីជាកម្លាំងចលករដ៏សំខាន់ក្នុងការសិក្សា ផ្ទៀងផ្ទាត់ប្រភព និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរ ដើម្បីធានាថា អត្តសញ្ញាណជាតិខ្មែរនឹងត្រូវបានការពារបានយ៉ាងរឹងមាំ និងបន្តចាក់ឫសយ៉ាងជ្រៅទៅកាន់ជំនាន់ក្រោយៗទៀត៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


កម្ពុជា លាតត្រដាងនៅចំពោះមុខសហគមន៍អន្តរជាតិថា បទល្មើសឆបោកអនឡាញមិនអាចប្រើជាលេសរំលោភអធិបតេយ្យភាព និងកាន់កាប់ទឹកដីប្រទេសមួយបានឡើយ

នៅចំពោះមុខតំណាងប្រទេស និងស្ថាប័នអន្តរជាតិកំពូលៗជិត៣០ក្នុងពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ដ…

ADB បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា និងដំឡើងអត្រាអតិផរណា តែអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា សេដ្ឋកិច្ចនៅតែមានភាពធន់

ក្រុមអ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា ទោះបីស្ថាប័នអន្តរជាតិបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ និងត្រូវរងសម្ពាធពីឥទ្ធិពលនៃវិបត្តិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ