ការលើកឡើងបែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលត្រូវបានគេមើលឃើញថា ជាការផ្ញើសារ និងជាការត្បកក្បាលថៃ ដែលបានប្រើប្រាស់ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញធ្វើជាលេស បើកការវាយប្រហារចូលឈ្លានពានទឹកដីកម្ពុជា។នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់តំណាងប្រទេស និងស្ថាប័នអន្តរជាតិធំៗជិត៣០ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជា មិនមែនជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនក្នុងការប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ ហើយកម្ពុជា ក៏មិនអនុញ្ញាតឱ្យបណ្តាញឧក្រិដ្ឋជនមកបំផ្លាញវឌ្ឍនភាព និងជីវភាពរស់នៅរបស់ប្រជាជននោះដែរ។
ទន្ទឹមនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធអនឡាញមិនគួរត្រូវបានប្រទេសណាមួយយកមកប្រើប្រាស់ជាឧបករណ៍សម្រាប់ប្រឆាំង ឬយកធ្វើជាលេសសម្រាប់ការវាយប្រហារកាន់កាប់ទឹកដីប្រទេសណាមួយទៀតនោះដែរ ពីព្រោះវាជាការរំលោភបំពានយ៉ាងច្បាស់លាស់លើគោលការណ៍ច្បាប់អន្តរជាតិ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការឆបោកតាមប្រព័ន្ធអនឡាញមិនមែនចាប់ផ្តើមនៅកម្ពុជា ហើយក៏មិនមែនកើតមានតែនៅកម្ពុជានោះដែរ ខណៈការកើតមានបញ្ហានេះនៅកម្ពុជាត្រូវបានផ្សារភ្ជាប់ដោយសារកើនឡើងល្បែងអនឡាញ និងធុរកិច្ចនានាពាក់ព័ន្ធកាស៊ីណូ។
ការគូសបញ្ជាក់បែបនេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងនាពិពីបើកសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ការដែលភាគីថៃ យកលេសបង្ក្រាបបទល្មើសស្កេម ដើម្បីចូលមកបំផ្លិចបំផ្លាញ និងកាន់កាប់ទីតាំងនានាដោយខុសច្បាប់ គឺជាអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោកបណ្ឌិតបានបន្ថែមថា រាល់ទីតាំង អគារ សណ្ឋាគារ និងកាស៊ីណូក្នុងតំបន់កើតហេតុ សុទ្ធសឹងស្ថិតក្រោមដែនសមត្ថកិច្ច និងអធិបតេយ្យភាពដាច់មុខរបស់កម្ពុជា ដូច្នេះការលាតត្រដាងការពិតពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ច្បាស់ពីចេតនាពិត និងអំពើរំលោភបំពានអធិបតេយ្យភាពកម្ពុជា យ៉ាងប្រហើនពីសំណាក់ប្រទេសថៃ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា គ្មានរដ្ឋណាមួយមានសិទ្ធិយកច្បាប់ផ្ទៃក្នុងរបស់ខ្លួនមកអនុវត្តលើដែនអធិបតេយ្យរបស់រដ្ឋមួយផ្សេងទៀតបានឡើយ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការដែលថៃ ប្រើប្រាស់រូបភាពបង្ក្រាបបទល្មើសឆបោកតាមអនឡាញធ្វើជាលេសបិទបាំងការឈ្លានពាន និងរំលោភបំពានដែនដីកម្ពុជា គឺជាអំពើខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយសារបទល្មើសបច្ចេកវិទ្យាជាឧក្រិដ្ឋកម្មឆ្លងដែន ដូច្នេះការលុបបំបាត់វាអាចសម្រេចទៅបានលុះត្រាតែមានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលរួមគ្នាតាមក្របខ័ណ្ឌច្បាប់ ហើយត្រូវចងចាំថា កម្ពុជាមិនមែនជាមជ្ឈមណ្ឌលស្កេមនោះទេ ប៉ុន្តែជាប្រទេសរងគ្រោះពីបទល្មើសឆ្លងដែននេះដូចគ្នា។
ដោយឡែកលោក Stephen Flores ប្រធានផ្នែកជាន់ខ្ពស់នៃនាយកដ្ឋានប្រតិបត្តិការអន្តរជាតិរបស់ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI) បានគូសបញ្ជាក់ថា បទល្មើសបច្ចេកវិទ្យាមិនខុសគ្នាពីបទល្មើសភេរវកម្មនោះទេ ពីព្រោះវាគ្មានព្រំដែនកំណត់ឡើយ ដូច្នេះត្រូវទាមទារឱ្យមានភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេស និងស្ថាប័នអនុវត្តច្បាប់ ដើម្បីការពារជនរងគ្រោះ។ មន្រ្តីជាន់ខ្ពស់ FBI រូបនេះបានសង្កត់ធ្ងន់ថា ការបង្ក្រាបបទល្មើសឆបោកតាមបច្ចេកវិទ្យានេះមិនមែនចេះតែធ្វើដោយគ្មានការសហការពីដៃគូ និងម្ចាស់ប្រទេសនោះទេ។
ជាមួយគ្នានេះលោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានកោតសរសើពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជានៅមួយរយៈចុងក្រោយនេះក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ការឆបោកតាមអនឡាញនៅតែជាប្រភេទបទល្មើសដែលកើតមានច្រើនជាងគេនៅក្នុងពិភពលោកដោយបានកើនឡើងដល់ជាង៥០% នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ហើយបានបំប្លែងខ្លួនពីមជ្ឈមណ្ឌលទ្រង់ទ្រាយធំ ទៅជាក្រុមតូចៗ ដែលធ្វើមន្ត្រីអនុវត្តច្បាប់ពិបាកតាមដាន និងត្រូវប្រឹងប្រែងខ្លាំងជាងមុន។ លោកស្រី Delphine Schantz អ្នកតំណាងប្រចាំតំបន់នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្លាំងណាស់ពីព្រោះកម្ពុជា បានយល់ច្បាស់ថា បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសទាំងអស់នៅក្នុងតំបន់ និងប្រទេសនានាលើសពីតំបន់ផងដែរ។ លោកស្រី មានការកោតសរសើរកម្ពុជា ចំពោះការរៀបចំសន្និសីទនេះ និងបានប្រមូលអ្នកចូលរួមជិត ៥០០នាក់ មកពីប្រមាណ ៣០ប្រទេស និងអង្គការអន្តរជាតិនានា។
គួរបញ្ជាក់ថា ដោយផ្អែកលើស្មារតីនៃទំនុកចិត្តគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមកម្ពុជា រង់ចាំទទួលស្វាគមន៍ការចូលរួមពីដៃគូអន្តរជាតិនានា ដើម្បីអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ដើម្បីកាត់ផ្តាច់ខ្សែច្រវាក់ និងបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ជាស្ថាពរ។ ព្រឹត្តិការណ៍សន្និសីទអន្តរជាតិ ជាប្រវត្តិសាស្ត្រនេះ មានការចូលរួមយ៉ាងកុះករពីតំណាងប្រទេស និងអង្គការអន្តរជាតិធំៗជិត៣០រួមមានអង្គការសហប្រជាជាតិ, អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol), មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង, ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាម៉េរិក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាដើម៕