ឯកឧត្តមបណ្ឌិត ងិន ឆាយ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ទៅកាន់ទីផ្សារប្រទេសចិនរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់សម្រាប់នាំចេញទៅកាន់ប្រទេសចិនផងដែរ។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យនាំមុខមួយ ដែលផ្ដល់នូវថាមពលបន្ថែមដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទានយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ ។ រហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលនៅតែបន្ដផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម តាមរយៈការជំរុញអនុវត្តកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាមួយនឹងរបត់ថ្មី ដើម្បីឈានឆ្ពោះទៅរកការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ។
ឯកឧត្តមបណ្ឌិត ងិន ឆាយ បានបញ្ជាក់បន្ថែមថា វិធានការអនាម័យនិងភូតគាមអនាម័យ កំពុងដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ពិសេស ផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលជាប់កម្រិតកំណត់ឬជាក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ ដែលការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូលតាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃពាក់ព័ន្ធនឹងការនាំចូលទំនិញដែលបានស្នើសុំ។
ក្នុងនោះផ្លែតាង៉ែនស្រស់ ក៏ស្ថិតក្នុងក្រុមផលិតផល ដែលមានកម្រិតហានិភ័យខ្ពស់ផងដែរ ហើយដើម្បីឱ្យការនាំចេញនូវផលិតផលកសិកម្មរបស់កម្ពុជា ពិសេសផ្លែតាង៉ែនទៅកាន់ទីផ្សារនៃប្រទេសចិន កសិករត្រូវតែអនុវត្តកសិកម្មល្អ មានន័យថា ការអនុវត្តកសិកម្មល្អ គឺជាស្តង់ដារស្ម័គ្រចិត្តមួយសម្រាប់អនុវត្តការងារកសិកម្មល្អ ក្នុងអំឡុងពេលធ្វើផលិតកម្ម ពេលប្រមូលផល និងក្រោយពេលប្រមូលផល។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ងិន ឆាយ បានអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មតាង៉ែន និងម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់នាំចេញផ្លែតាង៉ែនស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជីផងដែរ។
តាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ងិន ឆាយ ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួនជាង ៤លាន៦សែនតោន ទៅកាន់ទិសដៅ ៦០ប្រទេស គឺមានការកើនឡើងចំនួនជាង ៤សែន២ម៉ឺន៨ពាន់តោន ស្មើនឹងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែជាង ៤លានតោន។ ដោយឡែកការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសវៀតណាម មានចំនួនជាង ១រយតោនផងដែរ។ ដែលកំណើននៃបរិមាណនាំចេញ គឺបានឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណនិងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា៕