ការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm បង្ហាញថា ការនាំចូលសព្វាវុធក្នុងក្របខណ្ឌទូទាំងពិភពលោកបានធ្លាក់ចុះជិត៥% ក្នុងឆ្នាំ២០១៧ដល់ឆ្នាំ២០២១ និងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពី៥ឆ្នាំមុន។ ក្នុងរយៈពេលដូចគ្នានេះ ទ្វីបអឺរ៉ុបនិយាយដោយឡែក ដែលបានរងការបោកបក់ពីរលកឆ្លងកូវីដ១៩ចាប់ពីឆ្នាំ២០២០ផង នោះ ប៉ុន្តែនិន្នាការនាំចូលអាវុធយុទ្ធភណ្ឌមិនមានការស្រុតចុះនោះទេ។ ផ្ទុយទៅវិញ វាបានកើនឡើងដល់ទៅជិត២០%ឯណោះ។
លោក ស៊ីម៉ុន វ៉ីស៍មែន(Siemon Wezeman) អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុង Stockholm បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា អឺរ៉ុបបានក្លាយជាទីតាំងនាំចូលអាវុធដ៏សកម្មថ្មីមួយរបស់ពិភពលោកហើយ។
អ្នកជំនាញរូបនេះអះអាងថា អឺរ៉ុបនឹងបង្កើនការចំណាយខាងយោធារបស់ខ្លួន មិនមែនតែបន្តិចបន្តួចប៉ុណ្ណោះទេ ប៉ុន្តែក្នុងកំរិតមួយដ៏ច្រើន។ អឺរ៉ុបត្រូវការសព្វាវុធថ្មី ហើយភាគច្រើនអាវុធទាំងនោះ បានមកពីការនាំចូលជាជាងផលិតដោយខ្លួនឯង។ ភាគច្រើននៃការដោះដូរគ្រឿងសព្វាវុធក្នុងតំបន់អឺរ៉ុប គឺបាននាំចូលទៅវិញទៅមករវាងប្រទេសអឺរ៉ុបដូចគ្នា និងមួយចំនួនធំទៀតនាំចូលពីសហរដ្ឋអាមេរិក។
ជាក់ស្តែង អាល្លឺម៉ង់ ដែលជាបងធំរបស់អឺរ៉ុប ទើបបានប្រកាសពីការពង្រីកថវិកាយោធាបន្ថែមសម្រាប់ឆ្នាំ២០២២នេះ ស្របពេលដែលដាណាម៉ាក និងស៊ុយអែតបានបង្កើនការចំណាយតាំងតែពីឆ្នាំមុនមកម្ល៉េះ។ នេះជាលើកទីមួយហើយ ដែលអាល្លឺម៉ង់បានបង្កើនថវិកាការពារជាតិរបស់ខ្លួនក្នុងចំនួនច្រើន ចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ខាងលិច និងខាងកើតទាំងពីក្នុងឆ្នាំ ១៩៩០មក ដែលវាបានកត់សម្គាល់ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយការពារជាតិរបស់អាល្លឺម៉ង់ ស្របពេលដែលបច្ចុប្បន្នកំពុងមានអស្ថិរភាពរបស់ពិភពលោក។
បន្ថែមពីលើនេះ របាយការណ៍ស្រាវជ្រាវបានគូសបញ្ជាក់ដែរថា បណ្តាប្រទេសនៅអ៊ឺរ៉ុបដែលកំពុងភិតភ័យ ពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងបង្កើនកម្លាំងយោធារបស់ពួកគេ ជាមួយនឹងការបញ្ជាទិញសព្វាវុធពីសហរដ្ឋអាមេរិក មានដូចជាយន្តហោះចម្បាំងដ៏ទំនើប F-35 កាំជ្រួចកាពារដែនអាកាស មីស៊ីល កាំភ្លើងធំ និងអាវុធធុនធ្ងន់ផ្សេងទៀត។
ជាក់ស្តែង ប្រភពពីសភាជាតិអាល្លឺម៉ងបានបង្ហើបឲ្យដឹងកាលពីថ្ងៃចន្ទទី១៤ខែមីនាថា អាល្លឺម៉ង់មានបំណងទិញយន្តហោះចម្បាំង F-35ពីអាមេរិកចំនួន៣៥គ្រឿង ដើម្បីជំនួសយន្តហោះម៉ូដែលចាស់ៗរបស់ខ្លួន។
សូមជម្រាបថា សម្រាប់ប្រទេសនៅតំបន់អឺរ៉ុប ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជាការគំរាមកំហែងមួយ ដែលគេមិនអាចមើលរំលងបាន។ ប្រទេសនៅអឺរ៉ុបខ្លះផ្តើមពង្រឹងនិងពង្រីកវិស័យការពារជាតិរបស់ខ្លួន តាមរយៈការបង្កើនការចំណាយ ខ្លះស្នើសុំចូលជាសមាជិកអង្គការតំបន់ដូចជាសហភាពអឺរ៉ុប ដើម្បីមានខ្នងបង្អែក ខ្លះទៀតស្នើសុំអាមេរិកដែលជាមហាអំណាចយោធាពិភពលោក អោយដាក់ទ័ពអចន្ត្រៃយ៍ក្នុងប្រទេសរបស់ខ្លួនជាដើម៕