កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២

តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ នៅឥណ្ឌូនេស៊ី មានការពិភាក្សា និងឯកភាពគ្នាអ្វីខ្លះ?


ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និងវឌ្ឍនភាពក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ានឆ្នាំ២០២៣ ដែលមានគោលដៅពង្រឹងអាស៊ាន ជាអង្គការមួយដែលមានភាពរឹងមាំ និងសកម្ម ប្រកបជាមួយនឹងសមត្ថភាព ដែលត្រូវបានពង្រឹង និងប្រសិទ្ធភាពស្ថាប័ន។ នេះបើយោងតាមការបញ្ជាក់លើទំព័រហ្វេសបុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ នៅឥណ្ឌូនេស៊ី មានការពិភាក្សា និងឯកភាពគ្នាអ្វីខ្លះ?
ដោយ

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល២ថ្ងៃ មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការចូលរួមជាលើកដំបូង របស់នាយករដ្ឋមន្ត្រីទីម័រឡេស្តេ ក្នុងកិច្ចប្រជុំកម្រិតប្រមុខដឹកនាំអាស៊ាន នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នេះ ដែលជាគោលការណ៍ក្នុងនាមជាសមាជិកទី១១របស់អាស៊ាន។ មេដឹកនាំអាស៊ានបានធ្វើការអះអាងជាថ្មី នូវការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។ លើការកសាងសហគមន៍អាស៊ាន មេដឹកនាំអាស៊ាន បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានានូវការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន ក៏បានអនុម័តលើសេចក្តីប្រកាស និងសេចក្តីថ្លែងការណ៍ចំនួន៩ ផងដែរ។

យ៉ាងណាមិញ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន ក្នុងនោះរួមមាន ទី១.ការស្តារនិងការកសាងឡើងវិញ ទី២. សេដ្ឋកិច្ចឌីជីថល និងទី៣. ចីរភាព ដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារនិងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

ទន្ទឹមនេះ មេដឹកនាំអាស៊ាន ក៏បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញនិងប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹបបណ្តោះអាសន្ន ជាអង្គភាពគាំទ្រនៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាននៅក្នុងអាក្លឹប។

ពាក់ព័ន្ធសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពីសារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍(TAC) ដែលជាក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះសម្រាប់រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។

ចំពោះទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ាន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃមជ្ឈភាពនិងឯកភាពអាស៊ាន ក្នុងការភ្ជាប់ទំនងទំនងជាមួយដៃគូខាងក្រៅ តាមរយៈយន្តការអាស៊ានបូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មេដឹកនាំអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះ ត្រូវតែទទួលខុសត្រូវ។

លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច៕




អត្ថបទបន្ទាប់


ធនាគារពិភពលោក អនុម័តទឹកប្រាក់៦០លានដុល្លារ ដើម្បីគាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគា…

កំពង់ផែអន្តរជាតិដ៏ធំមួយក្នុងខេត្តកោះកុង គ្រោងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ

បើគ្មានការប្រែប្រួលទេកំពង់ផែលំដាប់អន្តរជាតិគិរីសាគរនៅខេត្តកោះកុងនឹងដាក់ឲ្យដំណើរការនៅឆមាសទី២ឆ្នាំនេះ ខណៈបច្ចុប្បន្នការអភិវឌ្ឍហេដ្ឋារចនាសម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ