វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings ព្យាករថា វិស័យអចលនទ្រព្យចិននឹងនៅតែបន្តធ្លាក់ចុះនៅឆ្នាំនេះ?


ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings ដែលមានការិយាល័យកណ្ដាលនៅក្រុងញូវយ៉កផង និងនៅក្រុងឡុងដ៍ បានព្យាករថា វិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន នឹងនៅតែបន្តធ្លាក់ចុះនៅឆ្នាំ២០២៥ នេះ ដោយសារកត្តាចម្បងមួយចំនួនរួមមានការលក់លំនៅឋានមានសម្ទុះយឺត សកម្មភាពសាងសង់ធ្លាក់ចុះ ការផ្គត់ផ្គង់លើសតម្រូវការ និងលទ្ធភាពទិញលំនៅឋានធ្លាក់ចុះទាប។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យអចលនទ្រព្យ
ដោយ

ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings បានព្យាករកាលពីថ្ងៃពុធ ទី២២ ខែមករា ថា ទំហំនៃការលក់លំនៅឋានថ្មីៗនៅក្នុងប្រទេសចិន អាចនឹងធ្លាក់ចុះក្នុងរង្វង់១៥% មកនៅត្រឹមប្រមាណ១ទ្រីលានដុល្លារអាម៉េរិក ដែលបណ្ដាលមកពីតម្លៃលំនៅឋានជាមធ្យមធ្លាក់ចុះ៥% និងការធ្លាក់ចុះ១០% នៃផ្ទៃក្រឡាលំនៅឋានសរុប។

ការធ្លាក់ចុះតម្លៃជួលផ្ទះនៅក្នុងទីក្រុងធំៗ បើធៀបនឹងអត្រាការប្រាក់ខ្ពស់សម្រាប់កម្ចីទិញលំនៅឋាន ក៏ជាកត្តាចម្បងមួយដែលធ្វើឱ្យតម្លៃផ្ទះកាន់តែធ្លាក់ចុះបន្ថែមទៀត។ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញវិធានការជំរុញកំណើនសេដ្ឋកិច្ចកាលពីអំឡុងខែកញ្ញា ចុងឆ្នាំ២០២៤ ដើម្បីជួយស្រោចស្រង់ទីផ្សារលំនៅឋាន និងផ្សារហ៊ុនក្នុងប្រទេសចិន សំដៅស្ដារទំនុកចិត្តមកវិញក្នុងចំណោមអ្នកទិញផ្ទះ ប៉ុន្តែបានតែមួយឆាវ ទំនុកចិត្តក៏ធ្លាក់ចុះវិញជាបន្តបន្ទាប់។

លោក ថាយរែន ខេម (Tyran Kam) នាយកជាន់ខ្ពស់នៃទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings ទទួលបន្ទុកផ្នែកទីផ្សារអចលនទ្រព្យចិន បានលើកឡើងថា គោលនយោបាយរបស់រដ្ឋាភិបាលចិន បានធ្វើឱ្យទីផ្សារមានស្ថិរភាពជាបណ្ដោះអាសន្ន ប៉ុន្តែសន្ទុះទីផ្សារមិនស្ថិតស្ថេរឡើយ ដោយសារតែស្តុកលំនៅឋានមានចំនួនច្រើន ពោលគឺផ្ទះនៅសល់ច្រើនលក់មិនចេញ អស្ថិរភាពការងារ និងលទ្ធភាពទិញផ្ទះធ្លាក់ចុះទាប។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យក្នុងប្រទេសចិន បានធ្លាក់ចូលក្នុងវិបត្តិ៤ឆ្នាំជាប់ៗគ្នាមកហើយគិតមកទល់នឹងពេលនេះ ដោយការលក់ផ្ទះថ្មីបានធ្លាក់ចុះ១៧,៦% ក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានកំពូលៗបានរាយការណ៍ថា ទំហំនៃការលក់របស់ពួកគេបានធ្លាក់២៨,១% មកនៅត្រឹម៥៣៥ពាន់លានដុល្លារអាម៉េរិក។

ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអន្តរជាតិ Fitch Ratings បានកត់សម្គាល់ថា ការសាងសង់កំពុងដំណើរការយឺត ដោយសារបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ជួបការលំបាកក្នុងការទិញដី ហើយក៏មានបញ្ហារំហូរសាច់ប្រាក់ផងដែរ។

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនធំៗដូចជាក្រុមហ៊ុន Country Garden និងក្រុមហ៊ុន Sunac ជាដើមបានខកខានទូទាត់មូលបត្របំណុលក្រៅប្រទេសរបស់ខ្លួនក្នុងទំហំជាង១៦០ពាន់លានដុល្លារអាម៉េរិក។ ហើយជាវិធានការរបស់ក្រុងប៉េកាំង បានបន្ធូរបន្ថយការរឹតបន្តឹងការទិញផ្ទះ និងបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ ដើម្បីបញ្ឈប់កុំឱ្យទីផ្សារលំនៅឋានធ្លាក់ចុះបន្ថែមទៀត ប៉ុន្តែប្រសិទ្ធភាពហាក់មានកម្រិតនៅឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ការបោកប្រាស់តាមអ៊ីនធឺណិតមានទំហំរហូតដល់១ទ្រីលានដុល្លារ នៅឆ្នាំ២០២៤ ខណៈចិន និងអាស៊ាន កំពុងរកវិធីការពារ និងលុបបំបាត់

ឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតមានតម្លៃធំឡើងៗពីមួយឆ្នាំទៅមួយ ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅឧក្រិដ្ឋកម្មនេះមានតម្លៃរហូតដល់ទៅ១ទ្រីលានដុល្…

តើទីផ្សាររូបិយប័ណ្ណឌីជីថលនឹងមានការវិវត្តបែបណាក្រោយលោក ដូណាល់ ត្រាំ ប្រកាសឱ្យចរាចររូបិយប័ណ្ណឌីជីថលថ្មីមួយក្នុងទីផ្សារគ្រីបតូរបស់អាម៉េរិក?

ក្រោយឡើងកាន់តំណែងបានប្រមាណ៣ថ្ងៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រកាសឱ្យចរាចររូបិយប័ណ្ណឌីជីថលថ្មីមួយ ដែលមានឈ្មោះថា $ TR…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ