ជុំវិញបញ្ហានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនាយកដ្ឋានកសិកម្ម ក៏បានអះអាងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលនាំចូលជី និងថ្នាំកសិកម្ម ទាំងស្រុង ទើបធ្វើឲ្យតម្លៃជី និងថ្នាំកសិកម្ម មានតម្លៃខ្ពស់។ មន្រ្តីជាន់ខ្ពស់រូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងបាននិងកំពុងជំរុញឲ្យមានការវិនិយោគលើការផលិតជីក្នុងស្រុក និងស្នើឲ្យកសិករចេះផលិតជីធម្មជាតិ សម្រាប់ប្រើប្រាស់ដោយខ្លួនឯង។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនាយកដ្ឋានកសិកម្ម ទទួលស្គាល់ថា បញ្ហាតម្លៃជី និងថ្នាំកសិកម្ម នៅតែជាកត្តាប្រឈមរបស់កសិករ នាពេលបច្ចុប្បន្ន ស្របពេលដែលតម្លៃកសិផលមួយចំនួនបានធ្លាក់ចុះ ពិសេសទីផ្សារផ្លែស្វាយស្រស់ជាដើម។ បើតាមការអះអាងរបស់ ឯកឧត្តម ងិន ឆាយ បច្ចុប្បន្ន ផលិតផលកសិកម្មកម្ពុជា មួយចំនួនក៏នៅមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសដទៃ នៅឡើយ ពិសេសកត្តា គុណភាព និងថ្លៃដើមផលិត។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ ក៏បានគូសបញ្ជាក់ដែរថា ដើម្បីដោះស្រាយបញ្ហានេះជូនកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជា ភាគីពាក់ព័ន្ធបាននិងកំពុងគិតគូរជំរុញឲ្យមានការវិនិយោគលើការផលិតជីក្នុងស្រុក និងស្នើឲ្យកសិករចេះផលិតជីធម្មជាតិសម្រាប់ប្រើប្រាស់ដោយខ្លួនឯង ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមជូនកសិករ។
ដោយឡែក ទាក់ទិននឹងការនាំចេញតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវិញ ត្រូវបានឯកឧត្តម ងិន ឆាយ គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាចជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្ម ក៏ពិតមែន តែវានឹងមិនអាចទៅរួចឡើយ បើសិនគ្មានការសហការគ្នារវាងភាគីពាក់ព័ន្ធ។ លោកបន្តថា បើសិនកម្ពុជា មានលទ្ធភាពផ្គត់ផ្គង់ និងមានគុណភាពស្ដង់ដារនាំចេញ ក៏ពិតមែន តែកាលណាថ្លៃដើមផលិតខ្ពស់ ក៏មិនអាចប្រកួតប្រជែងនឹងផលិតផលប្រទេសដទៃបានដែរ ដូច្នេះ កម្ពុជា នឹងមានបញ្ហាក្នុងការនាំចេញផលិតផល។ ឯកឧត្តម ងិន ឆាយ បានគូសបញ្ជាក់ថា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែចូលរួមដោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធដូចជា កិច្ចសម្រួលពាណិជ្ជកម្ម ការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ ការផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីទីផ្សារ សមត្ថភាពផលិតតាមស្តង់ដារ ជាពិសេសស្តង់ដារអនាម័យនិងភូតគាមអនាម័យ សុវត្ថិភាពចំណីអាហារ របាំងបច្ចេកទេសលើពាណិជ្ជកម្ម ប្រកបដោយភាពប្រកួតប្រជែង និងបំពេញបាននូវលក្ខខណ្ឌតម្រូវក្នុងការនាំចេញ។
សូមបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនគ្រប់ប្រទេសដែលជាសមាជិកអាចនាំចេញ-ចូលផលិតផលកសិកម្ម ដោយគ្មានរបាំងបច្ចេកទេស និងមិនគោរពទៅតាមលក្ខខណ្ឌភូតគាមអនាម័យបានទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) អនុញ្ញាតឱ្យមានការធ្វើសេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្មដោយជាប់របាំងពន្ធគយក្នុងកម្រិតទាបជាងមុន ឬពុំជាប់របាំងពន្ធគយទាំងស្រុងជាច្រើនបន្ទាត់ពន្ធ។ ប៉ុន្តែ ពុំមានន័យថា ប្រទេសជាដៃគូក្នុងកិច្ចព្រមព្រៀង អាចនាំចេញនាំចូលទំនិញជាផលិតផលកសិកម្ម ដោយមិនជាប់របាំងមិនមែនពន្ធគយផ្សេងៗ នោះឡើយ ដែលរួមមាន នូវរបាំងអនាម័យនិងភូតគាមអនាម័យ (SPS)ជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ងិន ឆាយ៕