បើតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ចិន នៅថ្ងៃច័ន្ទទី១៨ តុលាបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបឬ GDP របស់ចិនក្នុងត្រីមាសទី៣ឆ្នាំនេះ មានកំណើន ត្រឹម៤,៩%ប៉ុណ្ណោះ ដែលជាកំណើនមួយទាបបំផុត បើធៀបនឹងត្រីមាសទី៣ឆ្នាំទៅមិញ។ កំណើននេះផងដែរ ជាតួលេខដែលផ្ទុយពីការព្យាកររបស់រដ្ឋាភិបាលចិនកន្លងមកដែលថា សេដ្ឋកិច្ចចិននៅត្រីមាសទី៣ នឹងអាចមានដល់ទៅ ៦%។
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃច័ន្ទដដែលថា កំណើនសេដ្ឋកិច្ចផ្ទៃក្នុងរបស់ចិននៅមិនទាន់មានស្ថិរភាពនៅឡើយ។
គួរជម្រាបថា កត្តាដែលបណ្តាលឲ្យសេដ្ឋកិច្ចចិនមានកំណើនយឺតដូចនេះ គឺកើតឡើងដោយសារតែ រដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រឈមមុខដោះស្រាយនឹងបញ្ហាដែលបានកើតឡើងផ្ទួនៗជាច្រើនដូចជា វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande, បញ្ហាខ្វះខាតថាមពល ដែលបណ្តាលឲ្យប៉ះពាល់ដល់ ខ្សែសង្វាក់ផ្គត់ផ្គង់ និង ផលិតកម្មជាដើម។
ជុំវិញបញ្ហាកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកនេះផងដែរ នាយករដ្ឋមន្ត្រីចិន លោកលី ឃឺ ឈាំង ក៏បានចេញមុខមកអះអាងកាលពីសប្តាហ៍មុនដែរថា រដ្ឋអំណាចចិនមានសមត្ថភាព និងមានវិធីសាស្ត្រគ្រប់គ្រាន់សម្រាប់ដោះស្រាយវិបត្តិទាំងអស់នេះបាន។
ដោយឡែក ប្រធានធនាគារកណ្តាលរបស់ចិន លោក យី ហ្គាង (Yi Gang) បានចេញមកធ្វើការអះអាងម្តងហើយម្តងទៀតដែរថា អាជ្ញាធរចិននឹងអាចទប់ស្កាត់បាន នូវហានិភ័យសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់មិនឲ្យមានវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយ បញ្ហាបំណុលរបស់ក្រុមហ៊ុន Evergrandeនៅឡើយ។
លោក យី បានទទួលស្គាល់ថា វិបត្តិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ពិតជាបង្កការព្រួយបារម្ភបន្តិចមែនសម្រាប់សេដ្ឋកិច្ចចិន ប៉ុន្តែសរុបមកអាជ្ញាធរអាចទប់ស្កាត់វិបត្តិនេះបាន។
សូមជម្រាបថា ទោះបីសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងព្យុះភ្លៀងផ្ទួនៗ ដែលឈានទៅបង្អាក់កំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងណាក្តី ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២១ ក្នុងកម្រិតមួយខ្ពស់ដដែល ពោលគឺអត្រា៨% ធ្លាក់ចុះពីការព្យាករកន្លងមកតែ ០,១%ប៉ុណ្ណោះ។ តួលេខនេះ ដូចទៅនឹងធនាគារកណ្តាលចិនបានព្យាករថាសេដ្ឋកិច្ចចិននឹងមានកំណើន៨% នៅពេញមួយឆ្នាំ២០២១៕