ច្បាប់ទាក់ទងនឹងការគាំទ្រផ្នែកផលិតបន្ទះឈីប និងបច្ចេកវិទ្យា (Chips and Science Act) របស់អាមេរិក ដែលទើបត្រូវបានប្រធានាធិបតី ចូ បៃឌិន ចុះហត្ថលេខានេះ គ្រោងបញ្ចេញទឹកប្រាក់ប្រហែល ៥២ ពាន់លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការផលិតមីក្រូឈីប ដែលជាសមាសធាតុតូចៗដ៏សំខាន់ក្នុងការរួមបញ្ចូលសម្រាប់ការផលិតគ្រឿងម៉ាស៊ីនអេឡិចត្រូនិកទំនើបៗរាប់តាំងពីទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ រថយន្ដ និងផលិតផលបច្ចេកវិទ្យាផ្សេងៗទៀត។ ទន្ទឹមនឹងនោះ ចំនួនទឹកប្រាក់រាប់សិបពាន់លានដុល្លារបន្ថែមទៀតត្រូវបានបម្រុងទុកសម្រាប់ការស្រាវជ្រាវ និង ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ។
លោកចូ បៃឌិន បាននិយាយនៅក្នុងពេលថ្លែងសុន្ទរកថានៅសេតវិមានថា ការបញ្ចេញសាច់ប្រាក់ពីច្បាប់គាំទ្រដល់ការផលិតបន្ទះឈីបរបស់ទីក្រុងវ៉ាស៊ីនតោននឹងជួយឱ្យអាមេរិកឈ្នះការប្រកួតប្រជែងសេដ្ឋកិច្ចក្នុងសតវត្សទី ២១។ លោក Neil Bradley អនុប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា ការចុះហត្ថលេខាកាលពីថ្ងៃអង្គារទី ៩ ខែសីហា នៃច្បាប់គាំទ្រដល់ការផលិតបន្ទះឈីប ទ្វេភាគី គឺជាការវិនិយោគជាប្រវត្តិសាស្ត្រសម្រាប់អនាគតរបស់អាមេរិក។ វានឹងជំរុញការផលិតមីក្រូឈីបនៅលើទឹកដីអាមេរិក និងពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ បង្កើនការស្រាវជ្រាវ និង ការអភិវឌ្ឍក្នុងស្រុក និង ពង្រឹងសន្តិសុខជាតិអាមេរិកផងដែរ។
សេតវិមានបានអះអាងថា ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់កំពុងទាក់ទាញអ្នកវិនិយោគឯកជនខ្នាតធំជាមួយនឹងការវិនិយោគថ្មីលើវិស័យបន្ទះឈីបចំនួន ៥០ ពាន់លានដុល្លារ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនយក្សអាមេរិក Micron ក៏បានប្រកាសផែនការក្នុងការដាក់ប្រាក់វិនិយោគចំនួន ៤០ ពាន់លានដុល្លារក្នុងការពង្រីកការផលិតបន្ទះឈីបក្នុងស្រុកនៅឆ្នាំ ២០៣០ផងដែរ។
គួរជម្រាបថា ចាប់តាំងពីរដ្ឋកាលលោក ចូ បាយឌិន ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកមក បានចាប់ផ្តើមផ្តោតលើការច្នៃប្រឌិតទំនើប និង កសាងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកឡើងវិញ ដើម្បីប្រឈមមុខនឹងការវិនិយោគដែលគាំទ្រដោយរដ្ឋដ៏ធំរបស់ប្រទេសចិន។ ជាពិសេស អាមេរិកមានការព្រួយបារម្ភលើវិស័យផលិតបន្ទះឈីបជាខ្លាំង ខណៈវាមានសារៈសំខាន់ខ្លាំងណាស់លើការបង្កើតផលិតផលបច្ចេកវិទ្យាទំនើបៗ។ បើយោងតាមសេតវិមាន បានឱ្យដឹងថា ទោះបីជាឧបករណ៍អេឡិចត្រូនិកត្រូវបានបង្កើតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនផលិតបានតែប្រហែល ១០% នៃការផ្គត់ផ្គង់សកលប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់មួយចំនួនសម្រាប់តម្រូវការនៅទីផ្សារសហរដ្ឋអាមេរិក គឺប្រហែល ៧៥% ក៏ត្រូវនាំចូលមកពីតំបន់អាស៊ីខាងកើតផងដែរ៕