ធនាគារពិភពលោកបាននិយាយក្នុងរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចសកលចុងក្រោយបំផុតរបស់ខ្លួនថា អត្រាកំណើនពិតនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង ២,១% នៅឆ្នាំ២០២៣នេះ ពោលគឺកើនលើសពីការព្យាករកាលពីខែមករាដែលថាមានអត្រា ១,៧%។ ប៉ុន្ដែ វានៅតែជាកំណើនទាប បើធៀបនឹងកំណើនដែលធ្លាប់សម្រេចបាន ៣,១% កាលពីឆ្នាំ២០២២។ កំណើននៅក្នុងឆ្នាំនេះ គឺត្រូវបានរុញច្រាន ដោយសារសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសសេដ្ឋកិច្ចសំខាន់ៗផ្សេងៗទៀត បានបង្ហាញឱ្យឃើញភាពធន់ខ្លាំងជាងការព្យាករពីមុនទៅទៀត។
នៅក្នុងការព្យាករថ្មីដដែលនោះ ស្ថាប័នដែលផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍មួយនេះ បានកាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៤ ឱ្យមកនៅត្រឹម ២,៤% វិញ ដោយបានបញ្ចុះអត្រាកំណើនពី ២,៧% នៅក្នុងការព្យាករកាលពីខែមករា។ ធនាគារពិភពលោកបានពន្យល់ថា ផលប៉ះពាល់អូសបន្លាយនៃការរឹតបន្តឹងវិធានការរូបិយវត្ថុរបស់ធនាគារកណ្តាល និងលក្ខខណ្ឌឥណទានដែលកាន់តែតឹងរ៉ឹងជាងមុន កំពុងកាត់បន្ថយធុរកិច្ចនិងការវិនិយោគលើវិស័យអចលនទ្រព្យ។ នេះជាមូលហេតុដែលនឹងអាចធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៤ ប្រែជាទាបជាងអត្រាក្នុងការព្យាករកាលពីខែមករា។
ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នោះ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ ក្រៅពីប្រទេសចិន ក៏ត្រូវបានធនាគារពិភពលោកព្យាករថា នឹងមានត្រឹមតែ ២,៩% ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំមុនធ្លាប់មានកំណើន៤,១%។
ខណៈដែលកំណើនសេដ្ឋកិច្ចសកលបានថយចុះយ៉ាងខ្លាំង ហានិភ័យនៃភាពតានតឹងផ្នែកហិរញ្ញវត្ថុនៅក្នុងទីផ្សារដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (EMDEs) កាន់តែមានការកើនឡើងដែរ ចំពេលដែលអត្រាការប្រាក់សកលក៏នៅបន្ដកើនឡើងដូចគ្នា។
លោក អ៊ីនឌើមីត ជីល (Indermit Gill) ប្រធានសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកបាននិយាយថា ឆ្នាំ២០២៣នឹងនៅតែជាឆ្នាំដែលសេដ្ឋកិច្ចមានកំណើនដ៏យឺតបំផុតមួយសម្រាប់ប្រទេសជឿនលឿនមួយចំនួន បើគិតក្នុងរយៈពេល ៥ ទសវត្សរ៍ចុងក្រោយនេះ។
លោកបានបន្ថែមថា ចំនួន ២ ភាគ ៣ នៃប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន នឹងមានកំណើនទាបជាងឆ្នាំ២០២២ ព្រោះប្រទេសទាំងនោះត្រូវដោះស្រាយបញ្ហាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយសម័យជំងឺកូវីដ និងក្នុងការកាត់បន្ថយភាពក្រីក្រផង ត្រូវប្រឈមមុខនឹងសម្ពាធបំណុលជាតិដែលចេះតែកើនឡើងផង។
លោក ជីល បានប្រាប់អ្នកយកព័ត៌មានថា សូម្បីតែនៅចុងឆ្នាំ២០២៤ក៏ដោយ ក៏ ១ ភាគ ៣ នៃចំនួនប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចមានកម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ ស្មើនឹងកម្រិតកាលពីចុងឆ្នាំ២០១៩ដែរ។ សេដ្ឋកិច្ចវិទូរូបនេះបញ្ជាក់ថា នោះគឺជាការខាតបង់រយៈពេល ៥ ឆ្នាំ សម្រាប់បណ្ដាប្រទេសជិត ១ ភាគ ៣ នៃប្រទេសទាំងអស់នៅក្នុងពិភពលោក។
ចំពោះឆ្នាំ២០២៥វិញ ធនាគារពិភពលោកបានព្យាករជាថ្មីថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងស្ថិតក្នុងអត្រា ៣%៕