ចំនួននៃការលក់ឈីបលើពិភពលោក ធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ២០២០

តើកត្តាអ្វីខ្លះធ្វើឲ្យការលក់ផលិតផលបន្ទះឈីបសាកលលោកបង្ហាញពីការធ្លាក់ចុះជាលើកដំបូង គិតតាំងពីឆ្នាំ២០២០កន្លងមកនេះ?


ការលក់បន្ទះឈីបនៅទូទាំងពិភពលោក បានធ្លាក់ចុះជាលើកដំបូងនៅក្នុងខែកញ្ញាកន្លងទៅ បើគិតចាប់តាំងពីឆ្នាំ២០២០មក ដោយសារតែតម្រូវការទាបដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសាកល។ ទន្ទឹមនឹងនេះក្រុមហ៊ុនឈីបមួយចំនួនក៏បានធ្លាក់ចុះប្រាក់ចំណេញ និងការលក់ ហើយក្រុមហ៊ុនខ្លះទៀត ក៏នឹងជួបការប្រឈមបញ្ហា និងបានព្រមានអំពីការបិទរោងចក្រក្នុងប្រទេសចិនជាដើម ដោយសារតែវិធានការរឹតត្បិតរបស់អាមេរិកថ្មីៗនេះ។
តើកត្តាអ្វីខ្លះធ្វើឲ្យការលក់ផលិតផលបន្ទះឈីបសាកលលោកបង្ហាញពីការធ្លាក់ចុះជាលើកដំបូង គិតតាំងពីឆ្នាំ២០២០កន្លងមកនេះ?

យោងតាមទិន្នន័យរបស់សមាគមឧស្សាហកម្មបន្ទះសៀគ្វីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលបានចេញផ្សាយកាលពីថ្ងៃទី២៨ ខែតុលា ឱ្យដឹងថា ការលក់បន្ទះឈីបនៅទូទាំងពិភពលោក ក្នុងខែកញ្ញាកន្លងទៅ បានធ្លាក់ចុះ ០,៥% បើធៀបនឹងខែសីហា និងធ្លាក់ចុះ ៣% បើធៀបនឹងខែកញ្ញា ឆ្នាំមុន។

របាយកការណ៍ដដែលបន្តថា ការលក់បន្ទះឈីបនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ មានចំនួនសរុប ១៤១ពាន់លានដុល្លារ ថយចុះ ៣% ផងដែរ បើប្រៀបធៀបនឹងត្រីមាសទី៣នៃឆ្នាំ២០២១ ហើយទាបជាង ៦,៣% នៃត្រីមាសទី២ ឆ្នាំ២០២២។

លោក John Neuffer ប្រធានសមាគមឧស្សាហកម្មបន្ទះសៀគ្វី បាននិយាយថា ក្រោយមានកំណើនដ៏ខ្លាំងកាលពីពាក់កណ្តាលឆ្នាំ២០២២ ការលក់បន្ទះឈីបស្រាប់តែបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែវិបត្តិសេដ្ឋកិច្ចសាកល។ ទោះជាយ៉ាងណា លោករំពឹងថា ទីផ្សារឈីបនេះនឹងងើបរឹងមាំឡើងវិញ ដោយសារតែវានឹងដើរតួនាទីកាន់តែសំខាន់ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថលនេះ។

ស្របគ្នាជាមួយទិន្នន័យខាងលើនេះ ក្រុមហ៊ុនឈីបធំៗមួយចំនួន បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណូលរបស់ខ្លួនផងដែរ។ ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុនឈីបកូរ៉េខាងត្បូង SK Hynix ក្នុងរយៈពេល៣ខែ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួនសរុបជិត ១ពាន់២រយលានដុល្លារ ធ្លាក់ចុះពីចំនួនជិត ២ពាន់៣រយលានដុល្លារកាលពីឆ្នាំមុន។

ក្រុមហ៊ុនអាមេរិក Intel បានប្រកាសកាលពីសប្តាហ៍មុនថា ចំណូលសុទ្ធរបស់ខ្លួននៅត្រីមាសទី៣បានធ្លាក់ចុះរហូតដល់ ៨៥% បើធៀបនឹងឆ្នាំមុន។ ចំណែកក្រុមហ៊ុន Samsung ក៏មានប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ ៤៩% ក្នុងផ្នែកបន្ទះឈីបនេះផងដែរ។

យោងតាមការិយាល័យស្ថិតិជាតិរបស់កូរ៉េខាងត្បូង បានបង្ហាញថា ការផលិតឈីបរបស់ក្រុមហ៊ុនកូរ៉េនៅខែកញ្ញា ឆ្នាំ២០២២ បានធ្លាក់ចុះ ៣,៥% បើធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ០,១% ធៀបនឹងខែសីហា។

ក្រៅពីនេះ ក្រុមហ៊ុនឈីបខ្លះទៀត ក៏បានព្រមានពីការធ្លាក់ចុះប្រាក់ចំណេញរបស់ខ្លួននាពេលខាងមុខនេះ ដោយសារតែការដាក់វិធានការរបស់រដ្ឋាភិបាលអាមេរិក ក្នុងការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនផងដែរ។ ក្រុមហ៊ុន KLA ដែលជាអ្នកនាំមុខផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតឈីប បានព្រមានពីផលប៉ះពាល់ចំណូលរបស់ខ្លួនដល់ ៩០០លានដុល្លារនៅឆ្នាំក្រោយ ដោយសារតែការរឹតត្បិតនេះ។ រីឯក្រុមហ៊ុន LAM ក៏ប៉ាន់ស្មានថា ខ្លួននឹងទទួលរងផលប៉ះពាល់ប្រាក់ចំណូលដល់ជាង ២ពាន់លានដុល្លារផងដែរ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


Apple ប្រឈមនឹងការធ្លាក់ចុះការផលិត iPhone ដល់ទៅ៣០% ក្នុងខែវិច្ឆិកា ដោយសារការផ្ទុះកូវីដ១៩ នៅរោងចក្រដំឡើងមួយក្នុងប្រទេសចិន

ព័ត៌មាន
រោងចក្រមួយរបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn នៅក្រុងចឹងចូវ ប្រទេសចិន កំពុងជួបបញ្ហាប្រឈមដ៏ធំបំផុត ខណៈមានការផ្ទុះកូវីដ១៩ ក្នុងរោងចក្រនេះ ដែលត្…

តើប្រមុខការទូតចិន និងអាមេរិក បានផ្ដោះផ្ដងវោហារសាស្ត្រការទូតអ្វីខ្លះ នៅក្នុងជំនួបតាមទូរស័ព្ទថ្មីចុងក្រោយនេះ?

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការទូតកំពូលចិនលោក Wang Yi កាលពីថ្ងៃចន្ទ ទី ៣១ តុលា បានពិភាក្សាគ្នាតាមទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ