មន្ត្រីការទូតកំពូលរបស់អាមេរិក និងចិនជួបពិភាក្សាគ្នាតាមរយៈទូរស័ព្ទ!

តើប្រមុខការទូតចិន និងអាមេរិក បានផ្ដោះផ្ដងវោហារសាស្ត្រការទូតអ្វីខ្លះ នៅក្នុងជំនួបតាមទូរស័ព្ទថ្មីចុងក្រោយនេះ?


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការទូតកំពូលចិនលោក Wang Yi កាលពីថ្ងៃចន្ទ ទី ៣១ តុលា បានពិភាក្សាគ្នាតាមទូរស័ព្ទអំពីរឿងរ៉ាវចាក់ស្រេះដែលបាននិងកំពុងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរកាន់តែធ្លាក់ជ្រៅចូលទៅក្នុងភាពតានតឹងចាប់តាំងពីរសង្គ្រាមនៅអ៊ុយក្រែន និងការរៀបចំការប្រកួតប្រជែងគ្នាទាំងយោធា និងសេដ្ឋកិច្ច ក៏ដូចជាបញ្ហារស៊ើបមួយចំនួនទៀតផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើប្រមុខការទូតចិន និងអាមេរិក បានផ្ដោះផ្ដងវោហារសាស្ត្រការទូតអ្វីខ្លះ នៅក្នុងជំនួបតាមទូរស័ព្ទថ្មីចុងក្រោយនេះ?

ការហៅទូរស័ព្ទរវាងមន្ត្រីកំពូលនៃប្រទេសទាំងពីរនេះ គឺកើតឡើងពីរសប្តាហ៍មុននឹងការបើកកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ១៥-១៦ តុលាខាងមុខនេះ ដែលជាកន្លែងគេរំពឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីងនឹងជួបគ្នាផ្ទាល់ផងដែរ។

លោក Blinken បាននិយាយនៅក្នុងប្រព័ន្ធថ្វីតធើរបស់លោកថា «ក្នុងការហៅទូរស័ព្ទជាមួយលោក វ៉ាង យី នោះ យើងបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរក្នុងការគ្រប់គ្រងការប្រកួតប្រជែង បញ្ហាសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងការគាំទ្រសម្រាប់ប្រទេសហៃទី»។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា លោក Blinken បានពិភាក្សាអំពីតម្រូវការដើម្បី «រក្សាទំនាក់ទំនងបើកចំហ និងការគ្រប់គ្រងដោយការទទួលខុសត្រូវ» នៃនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក ប្លីនខេន ក៏បានលើកឡើងពីសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលបានគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ចពិភពលោកទាំងមូល។

មន្ត្រីការទូតទាំងពីរក៏បានពិភាក្សាផងដែរ អំពីស្ថានភាពមនុស្សធម៌ និងសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសហៃទី និងតម្រូវការសម្រាប់ការបន្តសកម្មភាពសម្របសម្រួលក្នុងការគាំទ្រប្រជាជនហៃទីផងដែរ។

ដោយឡែក ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សមភាគីសហរដ្ឋអាមេរិកថា «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការអនុវត្តយុទ្ធសាស្ត្ររាំងខ្ទប់ និងការគាបសង្កត់ប្រឆាំងនឹងប្រទេសចិន ក៏ដូចជាកុំបង្កើតឧបសគ្គថ្មីដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ»។

គួរជម្រាបថា កាលពីសប្តាយ៍មុនលោក វ៉ាង ក៏បានហៅទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនលោក Nicholas Burns ដោយលោកបាននិយាយថា ប្រទេសទាំងពីរនឹងមិនអាច «ផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក» នោះទេ។

ក្នុងន័យនេះ ប្រទេសមហាអំណាចទាំងពីរចង់ឬមិនចង់គឺត្រូវតែប្រកួតប្រជែងគ្នា និងទាស់ទែងគ្នាដោយសារផលប្រយោជន៍រៀងខ្លួន ហើយភាពតានតឹងរវាងវ៉ាស៊ីនតោន និងប៉េកាំងត្រូវបានគេមើលឃើញថា បានចាប់ផ្តើមខ្លាំងតាំងពីចិនបានបដិសេធមិនព្រមថ្កោសទោសរុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន និងការធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ក្រោយប្រធានសភាអាមេរិកលោកស្រី ណេនស៊ី ផេឡូស៊ី បានមកទស្សនកិច្ចនៅកោះមួយនេះកាលពីខែសីហាកន្លងទៅ។

មួយវិញទៀត ក្នុងឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិនថា៖ «ជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏ស្រួចស្រាលបំផុតរបស់អាមេរិក» ហើយទីក្រុងវ៉ាស៊ីនតោនព្រមទាំងបានរឹតបន្តឹងការនាំចេញនូវបច្ចេកវិទ្យាសំខាន់ៗទៅកាន់ប្រទេសចិនផងដែរដូចជាបន្ទះឈីបជាដើម។

យ៉ាងណាមិញ ប្រសិនបើលោកចូ បៃឌិន ជួបគ្នាជាមួយលោក ស៊ី ជីនពីង នៅកោះបាលីនៃជំនួប G20 មែននោះ វានឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងបំផុតរវាងមេដឹកនាំនៃមហាអំណាចទាំងពីរ ចាប់តាំងពីការឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិករបស់លោក ចូ បៃដិន ក្នុងខែមករា ឆ្នាំ ២០២១មក ខណៈដែលជំនួបកាលពីពេលកន្លងទៅគឺប្រព្រឹត្តទៅតាមអនឡាញប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


តើកត្តាអ្វីខ្លះធ្វើឲ្យការលក់ផលិតផលបន្ទះឈីបសាកលលោកបង្ហាញពីការធ្លាក់ចុះជាលើកដំបូង គិតតាំងពីឆ្នាំ២០២០កន្លងមកនេះ?

ព័ត៌មាន
ការលក់បន្ទះឈីបនៅទូទាំងពិភពលោក បានធ្លាក់ចុះជាលើកដំបូងនៅក្នុងខែកញ្ញាកន្លងទៅ បើគិតចាប់តាំងពីឆ្នាំ២០២០មក ដោយសារតែតម្រូវការទាបដែលបណ្តាលមក…

ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបានអ្នកគាំទ្រ១លាននាក់ហើយ

ព័ត៌មាន
មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផលមួយទៀតនៅលើបណ្ដាញសង្គម ពោល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ