តម្លៃមាសរបស់ក្រុមហ៊ុនគ្រឿងអលង្ការវៀតណាម សៃហ្គន ជូអឺលរី (Saigon Jewelry Company) បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ប្រមាណ៣.៣០០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ហើយមានការប្រែប្រួលឡើងចុះតិចតួចជុំវិញកម្រិតនោះគិតមកទល់ពេលនេះ ដោយបានកើនឡើងជិត២០% គិតចាប់តាំងពីដើមឆ្នាំ២០២៣។
លោក ហ៊ិញ ទ្រុង ខាន់ (Huynh Trung Khanh) អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម (Vietnam Gold Traders Association) បានបំភ្លឺថា ការឡើងថ្លៃខ្លាំងនេះ គឺដោយសារតែកំណើនតម្រូវការពិតប្រាកដ និងការរំពឹងទុកចំពោះការប្រែប្រួលក្នុងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក ដែលធនាគារកណ្ដាលអាម៉េរិកអាចនឹងបញ្ចុះអត្រាការប្រាក់អំឡុងខែមីនា ឆ្នាំ២០២៤ ដែលអាចនឹងធ្វើឱ្យតម្លៃប្រាក់ដុល្លារអាម៉េរិកធ្លាក់ចុះ និងរុញឱ្យតម្លៃមាសហក់ឡើងក្នុងពេលដំណាលគ្នា។
អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាមរូបនេះ ក៏បានលើកឡើងផងដែរ អំពីឥទ្ធិពលនៃការជ្រួលជ្រើមតាមគ្នា ដោយពលរដ្ឋវៀតណាម ផ្អើលសម្រុកទៅទិញមាស នៅពេលដែលមាសឡើងថ្លៃឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ដោយសង្ឃឹមថា មាសនឹងឡើងថ្លៃបន្ថែមទៀតនៅពេលអនាគត។ លោកបានបន្ថែមថា ពលរដ្ឋវៀតណាម ផ្អើលសម្រុកទៅទិញមាសទុក ដោយរំពឹងថា នឹងលក់វាចេញវិញក្នុងតម្លៃកាន់តែខ្ពស់នៅឆ្នាំក្រោយ។
ទោះជាយ៉ាងណា ហេតុផល ដ៏ចម្បងដែលនាំឱ្យតម្លៃមាសហក់ឡើងខ្ពស់ខ្លាំងបែបនេះ គឺដោយសារគម្លាតរីកកាន់តែធំរវាងតម្រូវការ និងការផ្គត់ផ្គង់មាស ដែលនេះមានន័យថា តម្រូវការកើនឡើងខ្លាំង ខណៈការផ្គត់ផ្គង់នៅទ្រឹងគ្មានការប្រែប្រួល៕
ដោយ: តែម សុខុម