ពាណិជ្ជកម្ម​កម្ពុជា-ចិន-អាមេរិក

អាមេរិក​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន លម្អៀង​ខ្លាំង​ទៅ​ចិន និង​​មាន​ហេតុផល​ត្រូវ​ព្រួយ​បារម្ភ


មន្រ្តី​ជាន់​ខ្ពស់​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ចិន បង្ហាញ​នូវ​អតុល្យភាព ដោយ​មាន​ភាព​លម្អៀង​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន និង​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ត្រូវ​ព្រួយ​បារម្ភ។
លោក ម៉ៃឃើល ញូបៀល (Michael Newbill) ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា។ រូបថត​ឯកសារ​គេហ​ទំព័រ​ស្ថានទូត​អាមេរិក
ដោយ

លោកភារធារី ម៉ៃឃើល ញូបៀល (Michael Newbill) នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សុន្ទរកថា​នៅឯ​កិច្ច​ពិភាក្សា​អំពី​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​អាមេរិក​និង​ចិន នៅ​កម្ពុជា ថា ៨៧​ភាគរយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ គឺ​ជា​ការ​នាំចូល​ពី​ចិន​ ដែល​ភាគច្រើន​គឺ​ជា​វត្ថុធាតុ​ដើម​សម្រាប់​សម្លៀក​បំពាក់​និង​វិស័យ​សំណង់។

លោក ម៉ៃឃើល ញូបៀល បាន​បន្ត​ថា លើ​បញ្ហា​នេះ សហរដ្ឋ​អាមេរិក ឬ អឺរ៉ុប បាន​ដើរ​តួនាទី​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នាំចេញ​សំខាន់ៗ បង្កើត​ការងារ​ជា​ច្រើន ដូចជា ប្រព័ន្ធ​អនុគ្រោះ GSP ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា នៅ​ឆ្នាំ​២០១៦ សម្រាប់​ទំនិញ​ធ្វើ​ដំណើរ បាន​បង្កើត​ឧស្សាហកម្ម ៥០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ និង​គាំទ្រ​ដល់​ការងារ​របស់​ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់។

លោក ម៉ៃឃើល ញូបៀល បាន​និយាយ​ដូច្នេះ​ថា ៖ «ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម កម្ពុជា​ក៏​កំពុង​បង្ហាញ​នូវ​អតុល្យភាព​ដូចគ្នា ដែល​សហរដ្ឋ​អាមេរិក​មាន​ជាមួយ​ប្រទេស​ចិន។»

លោកភារធារី​ស្ថានទូត​អាមេរិកដដែល ក៏​បាន​លើក​ហេតុផល​មួយ​ចំនួន ដែល​ត្រូវ​ព្រួយ​បារម្ភ ដូចជា ទី១ ប្រសិន​បើ​សេដ្ឋកិច្ច​របស់​ចិន​យឺតយ៉ាវ នោះ​សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ធ្លាក់​ចុះ​ដែរ។ 

ទីពីរ ដោយសារ​ការ​ពឹង​ផ្អែក មាន​ភាព​កាន់តែ​ងាយ​រងគ្រោះ ប្រទេស​ចិន​បាន​បង្ហាញ​នៅ​ក្នុង​បរិបទ​ផ្សេង​ទៀត​ថា ខ្លួន​នឹង​ប្រើ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​បង្ខំ​ឱ្យ​ប្រទេស​នានា​ព្រម​ទទួល​យក​ជា​លក្ខណៈ​ការទូត ឬ​នយោបាយ លើ​បញ្ហា​ដែល​មាន​សារសំខាន់​ចំពោះ​ចិន។ លោក ម៉ៃឃើល ញូបៀល បាន​បន្ត​ថា លើសពី​នេះ​ទៀត ដោយសារ​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ កាន់តែ​មាន​តួនាទី​ធំ​នៅ​ក្នុង​សេដ្ឋកិច្ច អ្នក​មិន​អាច​បែងចែក​រវាង​វិស័យ​ឯកជន​និង​រដ្ឋាភិបាល​បាន​ទេ។ 

ទីបី មាន​បញ្ហា​ខាង​ក្រៅ​ដែល​យើង​មើល​ឃើញ​ថា អវិជ្ជមាន​ជាច្រើន ទាក់ទង​នឹង​ការ​វិនិយោគ​របស់​ចិន ដូចជា ការ​ខ្វះ​នូវ​តម្លាភាព ឬ​គណនេយ្យភាព ការ​កើន​ឡើង​នៃ​អំពើ​ពុករលួយ និង​ការ​នាំចេញ​នូវ​របស់​មិន​ល្អ។​ ទីបួន វិនិយោគទុន​ចិន​ត្រូវ​បាន​តម្រង់​ទិសដៅ​ដើម្បី​តែ​ប្រយោជន៍​របស់​រដ្ឋាភិបាល​ចិន។

លោក ម៉ៃឃើល ញូបៀល បានបញ្ជាក់ថា កម្ពុជា​គួរតែ​ទទួល​អត្ថប្រយោជន៍​ជាច្រើន​ពី​ដៃគូ​ផ្សេង​ទៀត​ជាច្រើន​ផងដែរ មិនមែន​ពឹង​ផ្អែក​តែ​លើ​ចិន ដើម្បី​អភិវឌ្ឍ​ប្រទេស ដោយ​គួរ​តែ​ផ្តល់​កន្លែង​សម្រាប់​មនុស្ស​គ្រប់គ្នា ហើយ​លោក​​យល់​ថា នេះ​ជា​អ្វី​ដែល​ប្រជាជន​កម្ពុជា​ចង់​បាន​ ផងដែរ។

លោក ម៉ៃឃើល ញូបៀល បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​ជាមួយ​ចិន នៅ​កម្ពុជា គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ ដើម្បី​ឲ្យ​ប្រាកដថា វា​មាន​ផល​ប្រយោជន៍​សម្រាប់​អ្នក​រាល់​គ្នា និង​មិន​ត្រឹមតែ​សម្រាប់​ពីរ​បី​នាក់​នោះ​ទេ។

លោកភារធារី បាន​និយាយ​ដូច្នេះ​ថា ៖ «ការ​វិនិយោគ​របស់​ចិន​អាច​មានអត្ថ​ប្រយោជន៍ ប៉ុន្តែ កិច្ច​ព្រមព្រៀង​ទាំង​នេះ ត្រូវការ​ការ​ពិនិត្យ​ពិច័យ​និង​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ដើម្បី​ធានា​ថា អត្ថប្រយោជន៍​បានទៅ​ដល់​ប្រទេស​ជាតិ​នោះ មិនមែនបានទៅដល់​បុគ្គលដែល​ចុះ​កិច្ច​ព្រមព្រៀង​ប៉ុណ្ណោះ​នោះទេ។ នេះ​ជា​មធ្យោបាយ​តែមួយ​គត់​ដែល​យើង​អាច​ធានា​ថា ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​កិច្ច​ព្រមព្រៀង​ដែល​ល្អ​ប្រសើរ​​បំផុត»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន កោតសរសើរ និងជំរុញឲ្យពលរដ្ឋទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ជាពិសេសការបង់ពន្ធផ្សេងៗ

ព័ត៌មាន
សម្ដេច ហ៊ុន សែន បានប្រកាសកោតសរសើរ និងលើកទឹកចិត្ត ឲ្យពលរដ្ឋងាកមកប្រើការទូទាត់ប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យា ឌីជីថល ជាពិសេស គឺការបង់ពន្ធផ្…

សណ្ឋាគារ​លំដាប់​ផ្កាយ​៥ តម្លៃ​ជាង ១០០​លាន​ដុល្លារ ផុស​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ពេល​ខាងមុខ!

ព័ត៌មាន
សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Hyatt Regency Phnom Penh បាន​បោះទុន​វិនិយោគ​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក បាន​បញ្ចប់​ការ​សាងស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ