ការកំណត់តម្លៃប្រេងរុស្ស៊ីជះឥទ្ធិពលប្រេងសកល?

តើផែនការរបស់G7 ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីអាចនឹងបង្កផលវិបាកអ្វីខ្លះដល់រុស្ស៊ី និងទីផ្សារប្រេងសកល?


ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬG7 បានពិភាក្សាប្រកបដោយវិជ្ជមាន និងផ្លែផ្កាល្អ ជាមួយប្រទេសចិននិងឥណ្ឌាស្តីអំពី ផែនការកំណត់តម្លៃប្រេងរបស់រុស្ស៊ីនៅលើទីផ្សារសកល។ ក្នុងនោះ ទាំងចិននិងរុស្ស៊ីដែលបច្ចុប្បន្នជាអ្នកនាំចូលប្រេងច្រើនជាងគេរបស់រុស្ស៊ីបានយល់ព្រមអនុវត្តតាម លើចំណុចមួយចំនួនរួចរាល់ហើយ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានស្រង់សម្ដីពីប្រភពជិតស្និទ្ធនឹងកិច្ចពិភាក្សារបស់ G7 ។
តើផែនការរបស់G7 ក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីអាចនឹងបង្កផលវិបាកអ្វីខ្លះដល់រុស្ស៊ី និងទីផ្សារប្រេងសកល?

ប្រភព​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា កម្រិត​តម្លៃ​ប្រេង​ដែល​ត្រូវ​បាន​គេ​ពិភាក្សា​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា វា​នឹង​ត្រូវ​ស្ថិត​ក្នុង​តម្លៃ​មួយ​សមរម្យ មិន​ឱ្យ​ខ្ពស់​ពេក ឬ​ទាប​ពេក​ឡើយ ធ្វើ​យ៉ាងណា​ផ្តល់​ការ​លើកទឹកចិត្ត​ខ្លះ ដល់​ប្រទេស​រុ​ស្ស៊ី​ក្នុង​ការ​បន្ត​ផលិត​ប្រេង​របស់​ខ្លួន​។

មេដឹកនាំ​ក្រុម​ប្រទេស G7 កាលពី​ថ្ងៃ​អង្គារ​ក៏​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​បន្ត​ស្វែងរក​វិធី ដាក់​បម្រាម​លើ​ការ​ដឹក​ជញ្ជូន​ប្រេង​របស់​រុ​ស្ស៊ី ដែល​ត្រូវ​បាន​លក់​មិន​ត្រូវ​តាម​តម្លៃ​ជាក់លាក់​។ ទាំងនេះ​សុទ្ធ​សឹង​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កាត់​បន្ថយ​ប្រាក់​ចំណូល​របស់​ទីក្រុង​មូ​ស្គូ និង​ធ្វើ​យ៉ាង​ឱ្យ​រុ​ស្ស៊ី​អស់​ធនធាន​សម្រាប់​ការ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ដាក់​ទណ្ឌកម្ម​ដំណាក់កាល​បន្ទាប់​ផង​ដែរ លើ​ប្រេង​រុ​ស្ស៊ី​នៅ​ចុងឆ្នាំ​នេះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា មេដឹកនាំ​នៃ​ក្រុម​ប្រទេស G7 កំពុង​កំណត់​ឱ្យ​បាន​ច្បាស់ ថា​តើ​សេវាកម្ម​ដឹក​ជញ្ជូន​ប្រេង​ណាមួយ​របស់​រុ​ស្ស៊ី នឹង​ត្រូវ​ដាក់​បម្រាម ហើយ​គេ​ក៏​កំពុង​ពិចារណា​ការ​ហាមឃាត់​ដោយ​ផ្ទាល់​ផង​ដែរ លើ​ការ​ធានា​រ៉ាប់រង​ដឹក​ជញ្ជូន ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម ឈ្មួញកណ្តាល​ដែល​ទិញ​ប្រេង​ពី​រុ​ស្ស៊ី និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​។

បច្ចុប្បន្ន ប្រេង​រុ​ស្ស៊ី មានការ​លក់​បញ្ចុះតម្លៃ​ពី​៣០ ទៅ​៤០​ដុល្លារ​អា​មេ​រិ​ក ក្នុង​មួយ​ធុង​បារ៉ែល ធៀប​នឹង​តម្លៃ​ប្រេង​ដែល​កំណត់​នៅ​ក្នុង​ទីផ្សារ​អង់គ្លេស​វិញ គឺ​មាន​ដល់​ទៅ​១១០ ទៅ​១២០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល​។

ក្នុង​ន័យ​នេះ ប្រសិនបើ​គេ​កំណត់​តម្លៃ​ប្រេង​រុ​ស្ស៊ី និង​ដាក់​សម្ពាធ​លើ​ការ​ដឹក​ជញ្ជូន និង​ឈ្មួញកណ្តាល​បាន​ជោគជ័យ នោះ​រុ​ស្ស៊ី​ត្រូវ​តែ​បង្ខំចិត្ត​លក់​ប្រេង​ក្នុង​តម្លៃ​មួយ​ខ្ពស់​ជាង​មុន ពោល​គឺ ទីក្រុង​ម៉ូ​ស្គូ​លែង​អាច​លក់​ប្រេង​បញ្ចុះ​ថ្លៃ​ដូច​មុន​បាន​ទៀត​ហើយ ខណៈ​ចំនួន​ដែល​លក់​ចេញ​ក៏​ត្រូវ​តិច​ជាង​មុន​។ ជាមួយនឹង​ការ​លក់​មាន​កំណត់ រុ​ស្ស៊ី​នឹង​ត្រូវ​បន្ថយ​ផលិតកម្ម​ប្រេង ហើយ​វា​នឹង​ឈាន​ទៅ កាត់​បន្ថយ​លំហូរ​សាច់ប្រាក់ និង​បង្ក​ប៉ះពាល់​បន្ថែម​ទៀត​ដល់​វិស័យ​ថាមពល​របស់​ម៉ូ​ស្គូ ពីលើ​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​។

យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​វិភាគ​របស់​អ្នកកាសែត​ជាន់ខ្ពស់ មាន​ជំនាញ​ខាង​ទីផ្សារ​ពិភពលោក និង​អាជីវកម្ម របស់​សារព័ត៌មាន CNN បានឱ្យ​ដឹង​ថា ការ​កំរិត​តម្លៃ​លើ​ប្រេង​រុ​ស្ស៊ី ទោះ​បាន​កាត់​បន្ថយ​ចំណូល​របស់​ប្រទេស​នេះ​ក៏​ពិតមែន តែ​វា​នឹង​ធ្វើ​ឱ្យ​រង្គោះរង្គើ​ទីផ្សារ​ប្រេង​សកល​កាន់តែ​ខ្លាំង​ជាង​មុន​ទៀត​។

បច្ចុប្បន្ន​ចិន និង​ឥណ្ឌា​កំពុង​រីករាយ​ក្នុង​ការ​ទិញ​ប្រេង​តម្លៃ​ថោក​ពី​រុ​ស្ស៊ី ហើយ​រុ​ស្ស៊ី​ក៏​កំពុង​សប្បាយ​ចិត្តនឹង​ចំណូល​ដែល​បាន​ពី​ការ​លក់​ដ៏​សន្ធឹកសន្ធាប់​ពី​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ស្រប​ពេល​ដែល​ប្រេង​ឆៅ​សកល​កំពុង​ឡើងថ្លៃ ទោះបី​ការ​កំណត់​តម្លៃ​លើ​ប្រេង​រុ​ស្ស៊ី​ត្រូវ​បាន​ដាក់​ចេញ ហើយ​ចិន​និង​ឥណ្ឌា បន្ថយ​ការ​នាំ​ចូល​ពី​រុ​ស្ស៊ី​ក៏​ដោយ​ចុះ ក៏​ទីផ្សារ​សកល​មិន​អាច​ខ្វះ​ប្រេង​រុ​ស្ស៊ី​បាន​ដែរ ពោល​គឺ​ប្រេង​រុ​ស្ស៊ី​ទោះ​ក្នុង​ចំនួន​តិច​ឬ​ច្រើន ត្រូវ​តែ​លក់​មាន​លក់​នៅ​ក្នុង​ទីផ្សារ​។ ទន្ទឹម​នឹង​នោះ ទោះ​ច្រើន ឬ​តិច ទីក្រុង​ម៉ូ​ស្គូ​នៅ​តែ​អាច​រក​ចំណូល​បាន​ពី​ការ​លក់​ថាមពល​ដដែល​។

ប្រភព​អ្នកវិភាគ​ពី​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​នោះ​ចិន និង​ឥណ្ឌា​ត្រូវ​បង្ខំចិត្ត​រក​ប្រភព​ផ្សេង​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រេង​របស់​ខ្លួន ជំនួស​ឱ្យ​ប្រេង​រុ​ស្ស៊ី​មួយ​ចំនួន ដែល​ទាំង​អស់នេះ​ហើយ នឹង​អាច​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​សកល​ហក់​ឡើង​ដល់ ២០០​ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ដោយហេតុ​ថា ចិន​និង​ឥណ្ឌា ត្រូវការ​ប្រើប្រាស់​ប្រេង​ច្រើន​ណាស់ សម្រាប់​ប្រជាជន​រាប់​ពាន់​លាន​នាក់​របស់​ខ្លួន​។ បច្ចុប្បន្ន​តម្លៃ​ប្រេង​ជួញដូរ​លើ​ទីផ្សារ​មាន​ដល់ ១១២​ដុល្លារ​អា​មេ​រិ​ក​ហើយ​ក្នុង​មួយ​ធុង​បារ៉ែល​។

សរុប​មក​វិធានការ​ដាក់​សម្ពាធ​លើ​តម្លៃ​ប្រេង​រុ​ស្ស៊ី​នៅ​ម្ខាង ទំនងជា​អាច​កាត់​បន្ថយ​ប្រាក់​ចំណូល​សម្រាប់​ទីក្រុង​ម៉ូ​ស្គូ​ពិតមែន តែ​នៅ​ម្ខាង​ទៀត​វា​នឹង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​និន្នាការ​ប្រេង​សកល​ដែល​កំពុង​ឡើងថ្លៃ​ខ្លាំង​ស្រាប់​ទៅ​ហើយ​នោះ​៕




អត្ថបទបន្ទាប់


នៅទីបំផុត ប្រទេសទួរគីបានអនុម័តល់ព្រមឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអែតឈានជើងចូលជាសមាជិកអង្គការណាតូហើយ

ព័ត៌មាន
បន្ទាប់ពីតស៊ូក្រាញននៀលអស់រយៈពេលជិតពីរខែមកនេះ នៅទីបំផុត នៅពីថ្ងៃអង្គារសប្ដាហ៍នេះប្រទេសទួរគីបានយល់ព្រមសម្រេចឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់…

អាមេរិកបានដាក់ក្រុមហ៊ុនចិនធំៗចំនួន៥ ចូលបញ្ជីខ្មៅ ដោយចោទថាបានគាំទ្រយោធារុស្ស៊ី

ព័ត៌មាន
រដ្ឋបាលប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) បានដាក់ក្រុមហ៊ុនគ្រាក់ៗរបស់ចិនចំនួន៥បន្ថែមទៀត ចូលក្នុងបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មរបស់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ