លោក គង់ សុខហេង អនុប្រធាននាយកដ្ឋានស៊ើបអង្កេតបទល្មើសពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា មកទល់ពេលនេះសំណុំរឿងរបស់ក្រុមហ៊ុនប្រមាណ៥០ ដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារ កំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ បើតាមមន្រ្តីពន្ធដាររូបនេះ ក្រៅពីក្រុមហ៊ុនខាងលើ ក៏មានក្រុមហ៊ុន សហគ្រាសមួយចំនួនធំទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារនេះផងដែរ។
បើតាមលោក គង់ សុខហេង ការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌនេះ ធ្វើឡើងតែចំពោះក្រុមហ៊ុន សហគ្រាសណា ដែលគេចវេសពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះ ដែលរារាំងដល់ការកំណត់ពន្ធ និងការប្រមូលពន្ធ។ ក្រៅពីនេះ ក៏មានការកសាង ឬផ្ដល់ដោយកំណត់ត្រាឯកសារ របាយការណ៍ព័ត៌មានក្លែងបន្លំ និងការលាក់ទុក ឬបំផ្លាញចោលដោយចេតនានូវបញ្ជីនានា ព្រមទាំងការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលក្នុងគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់ និងប្រមូលពន្ធជាដើម។
ជាមួយគ្នានេះអនុប្រធាននាយកដ្ឋាន ស៊ើបអង្កេតបទល្មើសពន្ធដារ បានគូសបញ្ជាក់ថា ការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារ គឺសំដៅលើទម្រង់នៃការស៊ើបអង្កេត និងស្រាវជ្រាវ ដែលមានឯកទេសស៊ីជម្រៅ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ការបំពេញកាតព្វកិច្ចពន្ធដារ និងការរកឱ្យឃើញនូវបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិ ស្តីពីពន្ធដារ ដើម្បីទាមទារប្រាក់ពន្ធដែលបាត់បង់មកវិញ ខណៈមុខងារស៊ើបអង្កេតបទល្មើសពន្ធដារ ដែលកំពុងតែអនុវត្តនេះ មិនមែនមានតែនៅកម្ពុជា នោះទេ ប៉ុន្តែមុខងារនេះត្រូវបានរដ្ឋសារពើពន្ធនៅក្នុងតំបន់ និងលើពិភពលោកក៏កំពុងអនុវត្តដូចគ្នាដែរ៕
អត្ថបទ៖ បូ ដូឡា