ស៊ី ជីនពីង-ពូទីន

តើលោក ស៊ី ជីនពីង បានពិភាក្សាជាមួយលោក ពូទីនអ្វីខ្លះ នៅវិមានក្រឹមឡាំង ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន?


លោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូកាលពីរសៀលថ្ងៃចន្ទទី ២០ខែមីនា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅប្រទេសរុស្ស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហើយកាលពីល្ងាចថ្ងៃដដែលនោះលោក ស៊ី បានចូលទៅជួបលោក ពូទីន នៅវិមានក្រឹមឡាំង ដើម្បីពិភាក្សាពីបញ្ហាមួយចំនួនរួមទាំងវិបត្តិនៅអ៊ុយក្រែនផងដែរ។ តើមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចទាំងពីរនេះ បានពិភាក្សាគ្នាពីដំណោះស្រាយអ្វីខ្លះ ជុំវិញវិបត្តិដែលកំពុងតែបន្តកើតឡើងនៅអ៊ុយក្រែននោះ?
តើលោក ស៊ី ជីនពីង បានពិភាក្សាជាមួយលោក ពូទីនអ្វីខ្លះ នៅវិមានក្រឹមឡាំង ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន?

យោងតាមសារព័ត៌មានចិន CCTV និងសារព័ត៌មានធំផ្សេងទៀតបានរាយការណ៍ថា មេដឹកនាំទាំង២ គឺលោក ស៊ី ជីនពីង និងលោក ពូទីន បានជួបពិភាក្សាគ្នាពីរបៀបវារៈមួយចំនួនរួមមានទំនាក់ទំនងទ្វេភាគី និងវិបត្តិដែលកំពុងតែកើតឡើងនៅអ៊ុយក្រែនផងដែរ។

មេដឹកនាំទាំង២នេះបានផ្លាស់ប្តូរទស្សនគ្នាស៊ីជម្រៅ និងដោយស្មោះត្រង់លើទំនាក់ទំនងចិន-រុស្ស៊ី និងបញ្ហាដែលផ្ដល់ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ស៊ី បាននិយាយថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ លោក និងលោក ពូទីន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយលោក ស៊ី ក៏បានអរគុណលោក ពូទីន ដែលបានផ្ញើសារអបអរសាទរភ្លាមៗចំពោះលោក ដែលបានជាប់ឆ្នោតជាប្រធានាធិបតីចិនសម្រាប់អាណត្តិទី៣របស់លោកផងដែរ។

ក្រៅតែពីលើកសរសើរគ្នាទៅវិញទៅមកនៅ ក្នុងចំណងការទូតរវាងគ្នាអស់រយៈពេលជាច្រើនមកហើយនោះ មេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង២នេះ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លោក ស៊ី បានសង្កត់ធ្ងន់ថា សំឡេងសម្រាប់សន្តិភាព និងភាពសមហេតុផលបាននិងកំពុងកើតឡើងនៅលើបញ្ហានៅអ៊ុយក្រែន ហើយថា ប្រទេសភាគច្រើនបានគាំទ្រការបន្ធូរបន្ថយភាពតានតឹង គាំទ្រឱ្យមានកិច្ចចរចាសន្តិភាព និងប្រឆាំងនឹងចាក់សាំងបន្ថែមទៅលើភ្លើងសង្គ្រាមដែលកំពុងឆាបឆេះ។ លោក ស៊ី បានបន្ថែមថា តាមប្រវត្តិសាស្រ្តបង្ហាញថា នៅទីបញ្ចប់ជម្លោះទាំងអស់ គឺសុទ្ធតែត្រូវបានដោះស្រាយតាមរយៈការសន្ទនា និងការចរចាគ្នា។

លោក ស៊ី បាននិយាយថា ប្រទេសចិនបានចេញផ្សាយឯកសារមួយស្តីពីជំហររបស់ខ្លួនលើវិបត្តិអ៊ុយក្រែន ដោយបានតស៊ូមតិលើដំណោះស្រាយនយោបាយនៃវិបត្តិនេះ និងបានច្រានចោលគំនិតនៃសង្គ្រាមត្រជាក់ និងការដាក់ទណ្ឌកម្មឯកតោភាគីផងដែរ។

លោក ស៊ី ជឿថា កាន់តែមានការលំបាក គឺកាន់តែតម្រូវឲ្យរក្សាកន្លែងសម្រាប់សន្តិភាពឱ្យកាន់តែច្រើន ហើយបើមានកាន់តែមានបញ្ហាធ្ងន់ធ្ងរ គឺកាន់តែចាំបាច់ត្រូវតែបន្តកិច្ចប្រឹងប្រែងសម្រាប់កិច្ចចរចាគ្នាឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។ ទោះយ៉ាងណាលោក ស៊ី បានបញ្ជាក់ថា ចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ការដោះស្រាយនយោបាយនៃបញ្ហានៅអ៊ុយក្រែន។

លោក ពូទីន បាននិយាយតបវិញថា ប្រទេសរុស្ស៊ីសូមកោតសរសើរចំពោះប្រទេសចិនដែលតែងតែប្រកាន់ខ្ជាប់នូវជំហរមិនលម្អៀង និងមានជំហរតុល្យភាពព្រមទាំងគាំទ្រភាពត្រឹមត្រូវ និងយុត្តិធម៌លើបញ្ហាអន្តរជាតិធំៗ។

លោក ពូទីន បានបន្ថែមថា រុស្ស៊ីបានសិក្សាដោយប្រុងប្រយ័ត្ននូវឯកសារគោលជំហររបស់ចិនស្តីពីដំណោះស្រាយនយោបាយនៃបញ្ហាអ៊ុយក្រែន ហើយបើកចំហរសម្រាប់កិច្ចពិភាក្សាដើម្បីសន្តិភាព ហើយលោក ពូទីន បានបន្ថែមថា រុស្ស៊ីសូមស្វាគមន៍ចិនក្នុងការដើរតួនាទីស្ថាបនានៅក្នុងរឿងនេះ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


តើយោធាចិននឹងឆ្លើយតបយ៉ាងដូចម្តេច ខណៈអាមេរិកងាកមកពង្រីកវត្តមាននៅអាស៊ីប៉ាស៊ីហ្វិកកាន់តែស្រួចស្រាល់?

ព័ត៌មាន
អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមើលឃើញថា ប្រទេសចិននឹងពង្រីកវិស័យយោធារបស់ខ្លួនបន្ថែមទៀត ដើម្បីរារាំងកម្លាំងខាងក្រៅចូលមកដែនទឹក ដែលជាដែនឥទ្ធ…

ព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យរំលាយសភានៅមុនការបោះឆ្នោតសកល ក្នុងខែឧសភាខាងមុខ

ព័ត៌មាន
ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជីរ៉ាឡុងកន បានចេញព្រះរាជក្រឹត្យស្តីពីការរំលាយសភាថៃ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ឲ្យមានការបោះឆ្នោតជាតិ ដែលនឹងឈា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ