លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេមើលឃើញថា នឹងមិនត្រូវបានចាប់ខ្លួន និងបញ្ចូនទៅក្នុងគុកនៅទីក្រុងឡាអេក្នុងពេលឆាប់ៗខាងមុខនេះនោះទេ ប៉ុន្តែដីកាចាប់ខ្លួននេះអាចធ្វើឱ្យប៉ះពាល់លើការធ្វើដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំកំពូលរុស្ស៊ីរូបនេះ ពោលគឺបើមិនប្រុងប្រយ័ត្ននោះលោកអាចនឹងត្រូវចាប់ខ្លួននៅប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មែនទែនទៅ លោក ពូទីន គឺជាប្រមុខរដ្ឋទីបីហើយ ដែលទទួលបានដីកាចាប់ខ្លួនពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ ដីកាចាប់ខ្លួនលោកពូទីននេះត្រូវបានចេញបន្ទាប់ពីការដាក់ពាក្យសុំដោយរដ្ឋអាជ្ញានៃតុលាការអន្តរជាតិកំពូលមួយនេះគឺលោក Karim Khan ដោយចោទ «មេដឹកនាំវិមានក្រឹមឡាំងពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងការនិរទេសកុមារអ៊ុយក្រែនចូលទៅក្នុងទឹកដីនៃសហព័ន្ធរុស្ស៊ី»។ បើតាមប្រធាននៃតុលាការនេះលោក Piotr Hofmanski បានបន្ថែមថា៖ «ការអនុវត្តនៃដីកាចាប់ខ្លួននេះគឺត្រូវមានការសហការជាអន្តរជាតិ»។
ភ្លាមៗនោះ វិមានក្រឹមឡាំងបានចេញមកច្រានចោលការចោទប្រកាន់នេះទាំងស្រុង ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយថា ការសម្រេចរបស់ ICC គឺគ្មានន័យសម្រាប់ប្រទេសរបស់យើងនោះទេ សូម្បីតែជ្រុងនៃសម្រេចដោយភាពស្របច្បាប់ក្តី»។
គួរជម្រាបថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មានសមាជិកចំនួន១២៣ប្រទេស ដែលរដ្ឋទាំងនោះគឺមានកាតព្វកិច្ចក្នុងការឃុំឃាំង និងបញ្ចូលខ្លួនលោក ពូទីន ប្រសិនបើលោកមានវត្តមានជាន់ទឹកដីនៃប្រទេសរបស់ពួកគេ។ យ៉ាងណាមិញ ទាំងរុស្ស៊ី ចិន សហរដ្ឋអាមេរិក និងឥណ្ឌា គឺមិនមែនជាសមាជិកនៃតុលាការអន្តរជាតិនេះទេ ដូចនេះហើយគេមើលឃើញថា វានឹងមិនមានបញ្ហាអ្វីឡើយសម្រាប់មេដឹកនាំរុស្ស៊ីរូបនេះ ដែលនឹងត្រូវមានវត្តមានក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទឹកដីនៃប្រទេសឥណ្ឌានៅឆ្នាំនេះ។
ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃទី១៧ ថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាមពិតប្រាដកមែន ហើយថាការសម្រេចចេញដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនេះ គឺពិតជាស័ក្តិសមណាស់សម្រាប់លោក ពូទីន។ ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី បានឱ្យដឹងដែរថា ការសម្រេចនេះគឺជាប្រវត្តិសាស្ត្រមួយដែលត្រូវតែចាំទុក។ លោកបន្តថា មានកុមារជាង១ម៉ឺន៦ពាន់នាក់០០០ត្រូវបាននិរទេសខ្លួនចេញពីប្រទេសអ៊ុយក្រែនដោយកងទ័ពរុស្ស៊ី ដែលមានលោក ពូទីន ជាអ្នកនៅពីក្រោយ។
យោងតាមរបាយការណ៍ស្រាវជ្រាវពីសាកលវិទ្យាល័យ Yale របស់អាមេរិកបានឱ្យដឹងកាលពីខែមុនថា យ៉ាងហោចណាស់មានកុមារអ៊ុយក្រែន៦ពាន់នាក់កំពុងរស់នៅក្នុងជំរំ៤៣កន្លែង ដែលមានលក្ខណៈឃុំឃាំងជាប្រព័ន្ធក្នុងទឹកដីរុស្ស៊ី។ ផ្ទុយទៅវិញ រុស្ស៊ីបានបដិសេដនូវការចោទប្រកាន់ដែលថា កងទ័ពរបស់ខ្លួនបានប្រព្រឹត្តអំពើឃោរឃៅអស់ទាំងនេះនៅអំឡុងពេលឈ្លានពានលើប្រទេសអ៊ុយក្រែន។ ហើយវិមានក្រឹមឡាំងបានហៅការសម្រេចរបស់ ICC កាលពីថ្ងៃសុក្រនោះថា ជាការខឹងសម្បារ និងមិនមានការគោរពឡើយពីសំណាក់រុស្ស៊ី៕