អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការធ្លាក់ចុះទុនបម្រុងអន្តរជាតិរបស់កម្ពុជានេះ គឺដោយសាររាជរដ្ឋាភិបាលប្រើប្រាស់ទុនបម្រុងទាំងនោះ ដើម្បីទប់ទល់នឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើងយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា នៅត្រីមាសទី៣ ឆ្នាំនេះ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាសរុបមានចំនួនជិត១៨ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពាក់ព័ន្ធនឹងការធ្លាក់ចុះទុនបម្រុងអន្តរជាតិនេះដែរ ត្រូវបាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលចិននៃរាជបណ្ឌិត្យសភាកម្ពុជា គូសបញ្ជាក់ថា គឺដោយសារតែ រាជរដ្ឋាភិបាលប្រើប្រាស់ទុនបម្រុងទាំងនោះដើម្បីទប់ទល់នឹងអត្រាប្តូរប្រាក់ ខណៈដែលសហរដ្ឋអាមេរិកបានធ្វើការដំឡើងអត្រាប្រាក់របស់ខ្លួនយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យតម្រូវការប្រាក់ដុល្លារមានការកើនឡើងខ្ពស់។ លោកបន្ថែមថា មិនមែនតែកម្ពុជានោះទេដែលបានធ្លាក់ចុះនូវទុនបម្រុងអន្តរជាតិរបស់ខ្លួន ប៉ុន្តែនៅតាមបណ្តាប្រទេសផ្សេងៗទៀតក៏មានការធ្លាក់ចុះទុនបម្រុងអន្តរជាតិរបស់ពួកគេផងដែរ ដោយសារតែត្រូវការបញ្ចេញសាច់ប្រាក់ដុល្លារទៅក្នុងទីផ្សារដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅក្នុងប្រទេស។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បញ្ជាក់បន្ថែមថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជានេះដែរ គឺមិនមែនបានពីការកៀរគរពីប្រភពខាងក្រៅអ្វីនោះទេ ពោលគឺទុនបម្រុងអន្តរជាតិនេះ គឺបានពីការធ្វើពាណិជ្ជកម្មនាំចេញនាំចូល ជាក់ស្តែង នៅពេលមានការនាំចេញកាន់តែច្រើន នោះទុនបម្រុងអន្តរជាតិក៏ទទួលបានការចំណេញកាន់តែច្រើនផងដែរ ហើយនិងបូករួមជាមួយនឹងអត្រាប្តូរប្រាក់ផងដែរ។ ដូច្នោះ ពាក់ព័ន្ធនឹងទុនបម្រុងអន្តរជាតិមានការប្រែប្រួលនេះ គឺវារឿងទូទៅនៅក្នុងប្រព័ន្ធធនាគារ ដោយពាក់ព័ន្ធនឹងអត្រាប្តូរប្រាក់ តែយ៉ាងណាក៏ដោយចុះប្រសិនបើបញ្ហានេះជះឥទ្ធិពលយូរនោះ វាអាចធ្វើឱ្យអស់ទុនបម្រុងអន្តរជាតិរបស់កម្ពុជា ហើយនៅពេលនោះ រាជរដ្ឋាភិបាលនឹងត្រូវយកមាសទៅលក់សម្រាប់ទិញទុនបម្រុងអន្តរជាតិផងដែរ។
បើតាមលោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា ទុនបម្រុងអន្តរជាតិរបស់កម្ពុជា មានសារៈសំខាន់ណាស់ក្នុងការរីកដុះដាលលូតលាស់នៃសេដ្ឋកិច្ចជាតិ និងជាលទ្ធភាពក្នុងការទាញយកចំណែកមួយដែលបានមកពីផលកំណើនសេដ្ឋកិច្ច ពិសេសតាមរយៈថវិការជាចំណូលជាតិ។ លើសពីនេះ ទុនបម្រុងអន្តរជាតិនេះដែរ មានតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ សម្រាប់សន្សំទុកប្រើប្រាស់ពេលមានតម្រូវការចាំបាច់ណាមួយ ហើយក៏ជាឧបករណ៍មួយសម្រាប់ទប់ស្កាត់ផលគម្រាមកំហែងពីខាងក្រៅ ពេលជួបវិបត្តិហិរញ្ញវត្ថុ ដែលទាមទារឱ្យប្រទេសនីមួយៗត្រូវធ្វើការសន្សំទុកនូវទុនបម្រុងអន្តរជាតិនេះ។
សូមជម្រាបថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ ទុនបម្រុងរបស់កម្ពុជាមានដល់ជិត២១ពាន់លានដុល្លារ ដែលអាចធានាដល់ការនាំចូលបានដល់ទៅ ១០ខែ ហើយកំណើនទុនបម្រុងនេះ ក៏បានពង្រឹងដល់ទំនុកចិត្តរបស់សាធារណជនមកលើប្រាក់រៀលផងដែរ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងរក្សាបានកំណើន ៥,៤% ក្នុងឆ្នាំ២០២២នេះ បើទោះបីជារងការប៉ះទង្គិចដោយប្រយោលពីការផ្ទុះឡើងនៃសង្គ្រាមនៅអ៊ុយក្រែន ក៏ដោយ។ ការរក្សាបានកំណើននេះ គឺដោយសារតែទីផ្សារធំៗ របស់កម្ពុជានៅតែមានតម្រូវការ ព្រមទាំងសកម្មភាពធុរកិច្ច និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មក្នុងស្រុក មានភាពលួប្រសើរ ។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២៕