លោក សុង ស៊ីថា កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវ បានអះអាងថា ស្រូវប្រភេទ OM នៅតំបន់របស់លោកអាចលក់បានក្នុងតម្លៃចន្លោះពី៦៨០រៀលទៅ៧០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ដែលជាតម្លៃមួយមិនអាចផ្តល់ប្រាក់ចំណេញដល់រូបលោក និងកសិករដទៃឡើយ។ ទន្ទឹមនឹងនេះ លោក ក៏បានសំណូមពរដល់រដ្ឋាភិបាល និងភាគីពាល់ព័ន្ធទាំងអស់ជួយស្វែងរកទីផ្សារស្រូវដែលមានតម្លៃល្អជាងនេះ ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់ចំណូលខ្លះ ក៏ដូចជាលើកទឹកចិត្តឱ្យបន្តធ្វើស្រែបន្តទៀត។
មិនខុសពីកសិករខាងលើនោះទេ លោកស្រី ឯក សុខម៉េង ប្រជាពលរដ្ឋធ្វើស្រែម្នាក់នៅខេត្តតាកែវដែរនោះ ក៏បានបង្ហាញពីក្ដីកង្វល់ដូចគ្នានេះផងដែរ ដោយលោកស្រីបានលើកឡើងថា តម្លៃស្រូវនៅឆ្នាំនេះ បានធ្លាក់ថ្លៃយ៉ាងខ្លាំង និងបានចោទថា តម្លៃស្រូវវាមានការប្រែប្រួលទៅតាមមាត់ឈ្មួញកណ្តាល។
ពាក់ព័ន្ធតម្លៃស្រូវមានការធ្លាក់នេះដែរ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាគោលនយោបាយស្រូវអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតម្លៃស្រូវ OM បច្ចុប្បន្នមានការធ្លាក់ចុះ គឺដោយសារឈ្មួញវៀតណាម ផ្អាកចុះមកប្រមូលទិញស្រូវនៅកម្ពុជា ដោយសារជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន និងម្យ៉ាងទៀតដោយសារវៀតណាម នៅសល់ស្តុកអង្ករច្រើន។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ទីផ្សារ និងតម្លៃស្រូវប្រណិតៗមិនមានការធ្លាក់ចុះនោះទេ។
ជាមួយគ្នានេះ លោកឧកញ៉ា ភូ ពុយ ម្ចាស់រោងម៉ាស៊ីនកិនស្រូវម្នាក់នៅខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការធ្លាក់ថ្លៃ និងការកកស្ទះស្រូវនៅមួយរយៈចុងក្រោយនេះ គឺដោយសារឈ្មួញវៀតណាមមិនសូវចុះមកប្រមូលទិញស្រូវពីកម្ពុជា។
ជុំវិញការធ្លាក់ចុះតម្លៃស្រូវ OM នេះដែរ សារព័ត៌មានខេមបូណូមីស បានព្យាយាមទាក់ទងសុំការបញ្ជាក់ពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវដែរ តែទូរសព្ទចូលគ្មានអ្នកទទួល៕
អត្ថបទដោយ៖ ជា ម៉ារ៉ា