
ក្រសួងការបរទេសជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លិខិតឆ្លងដែនដែលមានសុពលភាពមានប្រហែលជាង២១លានច្បាប់គិតត្រឹមចុងឆ្នាំ២០២៤ ហើយក្រសួង ក៏បានចេញលិខិត ឆ្លងដែនជិត៤លានច្បាប់ក្នុងឆ្នាំ២០២៤ផងដែរ ដោយបានកើនឡើងជាងឆ្នាំ២០២៣។ ប៉ុន្តែវាបានធ្លាក់ចុះប្រហែល៧០ម៉ឺនច្បាប់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ នៅមុនពេលមានជំងឺរាតត្បាតកូវីត-១៩។ ក្នុងចំណោមអ្នកកាន់លិខិតឆ្លងដែននេះ គឺប្រហែលពាក់កណ្តាលជាក្រុមមនុស្សមានអាយុក្រោម៣០ឆ្នាំ ហើយអ្នកមានអាយុ៦០ឆ្នាំឡើងមានចំនួន១៣%។
សមាគមទីភ្នាក់ងារទេសចរណ៍ជប៉ុនបាននិយាយថា អត្រាអ្នកកាន់លិខិតឆ្លងដែនជប៉ុនបានឡើងដល់កំពូលក្នុងឆ្នាំ២០១៣ មានចំនួន២៤% នៃចំនួនប្រជាជនជប៉ុន ហើយចាប់តាំងពីពេលនោះមក វាបានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ក្រោម២០%នៅឆ្នាំ២០២១ ដោយមិនអាចងើបឡើងវិញបានឡើយ ទោះបីជាការរឹតបន្តឹងជំងឺកូវីត១៩បានបញ្ចប់ក៏ដោយ ខណៈដែលពលរដ្ឋអាម៉េរិកពាក់កណ្តាលកាន់លិខិតឆ្លងដែន ពលរដ្ឋកូរ៉េខាងត្បូងមានចំនួន៤០% និងប្រជាជនតៃវ៉ាន់កាន់លិខិតឆ្លងដែនចំនួន៦០%។
ការធ្លាក់ចុះចំនួនជនជាតិជប៉ុនកាន់លិខិតឆ្លងដែននេះគឺមួយផ្នែកបណ្ដាលមកពីកត្តាសេដ្ឋកិច្ច។ មនុស្សជាច្រើនបានច្រានចោលការធ្វើដំណើរក្រៅប្រទេស ដោយសារប្រាក់យ៉េនធ្លាក់ចុះ ហើយតម្លៃកើនឡើងនៅតាមគោលដៅទេសចរណ៍នានា រីឯថ្លៃសិក្សានៅបរទេសក៏ឡើងថ្លៃ។
ចំណូលចិត្តនៃការធ្វើដំណើរទៅក្រៅប្រទេសហាក់ដូចជាកំពុងផ្លាស់ប្តូរផងដែរ។ អង្គការទេសចរណ៍ជាតិរបស់ជប៉ុនបានរាយការណ៍ថា អ្នកដំណើរជនជាតិជប៉ុនមានចំនួន១៣លាននាក់ ដែលបានទៅក្រៅប្រទេសក្នុងឆ្នាំ២០២៤ ដែលប្រហែលពាក់កណ្តាលនៃកម្រិតមុនជំងឺកូវីដ និងត្រឹមតែជាងមួយភាគបីនៃចំនួនភ្ញៀវទេសចរបរទេសដែលចូលទៅប្រទេសនេះ៕
អត្ថបទ៖ សុខ មង្គល