វិស័យសេដ្ឋកិច្ច

តើមានកត្តាអ្វីជំរុញឱ្យបំណុលរបស់ប្រទេសធំៗនៅលើពិភពលោក ជាពិសេសអាម៉េរិក ចេះកើនឡើងឥតឈប់ឈរ?


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា សហរដ្ឋអាម៉េរិក កំពុងស្ថិតលើផ្លូវនៃការកសាងកំណត់ត្រាបំណុលដ៏ច្រើនបំផុតនៅលើពិភពលោក។ កម្រិតបំណុលសាធារណៈរបស់អាម៉េរិក នៅពេលនេះ កំពុងមាននិន្នាការវិវត្តទៅរកកំណើនដ៏ខ្ពស់ លើសបណាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ដែលនាំឲ្យពិភពលោកកំពុងស្ថិតក្នុងហានិភ័យជាសកល និងជាប្រព័ន្ធ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
វិស័យសេដ្ឋកិច្ច
ដោយ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា សហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងកំណត់ត្រាជាប្រទេសជំពាក់បំណុលច្រើនជាងគេបំផុតនៅលើពិភពលោក ដោយលើសពីកម្រិតនៅក្នុងប្រទេសអ៊ីតាលី និងក្រិកទៅទៀត។ ស្ថិតក្នុងស្ថានភាពនេះ IMF បានព្រមានថា ស្ថានភាពបំណុលរបស់អាម៉េរិកនេះកំពុងក្លាយជាហានិភ័យជាសកល។ ជាការកត់សម្គាល់របស់ IMF អាម៉េរិក កំពុងមើលឃើញពីកើនឡើងយ៉ាងខ្លាំងនូវទំហំបំណុល បើធៀបនឹងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿនធំៗផ្សេងទៀត បើផ្អែកលើការប្រៀបធៀបរវាងទំហំបំណុលនឹងអត្រាផលិតផលក្នុងស្រុកសរុប។

ស្ថាប័នហិរញ្ញវត្ថុនេះ បានវាយតម្លៃថា បំណុលរបស់រដ្ឋាភិបាលអាម៉េរិក អាចនឹងកើនពីជិត១២០% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ ដល់ជាង១៤៣% នៃ GDP ក្នុងឆ្នាំ២០៣០។ ទំហំបំណុលនេះ វាខ្ពស់ជាងអ៊ីតាលី ដែលបច្ចុប្បន្នទំហំបំណុលរបស់អ៊ីតាលីមានក្នុងរង្វង់ប្រមាណ១៣៧% នៃផលិតផលក្នុងស្រុកសរុប ហើយរហូតដល់ឆ្នាំ២០៣០ IMF រំពឹងថា ប្រទេសនេះនឹងអាចរក្សាទំហំបំណុលឱ្យនៅថេរដដែល។ ចំណែកបំណុលរបស់ប្រទេសក្រិក ដែលបច្ចុប្បន្នមានក្នុងរង្វង់ជាង១៤៦% ត្រូវបានគេរំពឹងថា នឹងថយចុះមកនៅត្រឹម១៣០%នៅឆ្នាំ២០៣០។

ក្រៅពីសហរដ្ឋអាម៉េរិក អ៊ីតាលី និងក្រិក ប្រទេសដែលមានទំហំបំណុលខ្ពស់បើធៀបនឹងអត្រាផលិតផលក្នុងស្រុកសរុបរួមមានបារាំង ដោយមានក្នុងរង្វង់ជាង១១៦% អេស្ប៉ាញប្រមាណ១០០% និងអាល្លឺម៉ង់ដែលជាបងធំនៅតំបន់អឺរ៉ុបមានក្នុងរង្វង់ជាង៦៤%។

មូលហេតុដែលធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចធំៗនៅលើពិភពលោកមានកម្រិតបំណុលសាធារណៈខ្ពស់បែបនេះ ត្រូវបានគេស្តីបន្ទោសលើការចំណាយច្រើនជាងចំណូល។ ជាក់ស្តែងដូចជាសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក គឺមានការចំណាយខ្ពស់លើវិស័យការពារជាតិ សុខាភិបាល សន្តិសុខសង្គម។ កំណើននៃអត្រាការប្រាក់ ក៏ជាបញ្ហាចម្បងធ្វើឱ្យបំណុលរបស់ប្រទេសធំៗមានការកើនឡើងផងដែរ ជាពិសេសនៅក្នុងស្ថានភាពសេដ្ឋកិច្ចរងការគំរាមកំហែងពីវិបត្តិផ្សេងៗរាប់ចាត់តាំងពីកូវីដ-១៩ សង្គ្រាម និងជម្លោះពាណិជ្ជកម្ម។

បញ្ហាដែលគេកត់ត្រាពិសេសមួយទៀតនោះ គឺបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗទាំងនោះកំពុងជួបបញ្ហាការកើនឡើងចំនួនមនុស្សវ័យចំណាស់ ដែលធ្វើឱ្យការចំណាយលើវិស័យសុខមាលភាពសង្គមមានការកើនឡើងខ្ពស់។ ជាមួយគ្នានេះ បញ្ហានយោបាយជាកត្តាចម្បងមួយផងដែរ។ IMF បានព្រមានថា វប្បធម៌នៃការសន្យារបស់អ្នកនយោបាយពេលធ្វើយុទ្ធនាការបោះឆ្នោត ពាក់ព័ន្ធនឹងគោលនយោបាយពន្ធដូចជាការបន្ថយពន្ធ ហើយបន្ថែមសេវាសាធារណៈ ក៏ជាបញ្ហាចម្បងដែលអាចជំរុញឱ្យទំហំបំណុលរបស់បណ្តាប្រទេសធំៗមានការកើនឡើងផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


វៀតណាមនឹងសាងសង់ផ្លូវរថភ្លើងក្រោមដីតម្លៃ៣៦០លានដុល្លារនៅកោះត្រល់

វៀតណាម គ្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅកោះត្រល់ជាលើកដំបូង ដែលអាចរត់បានក្នុងល្បឿនចន្លោះពី៧០ទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវរថភ្លើងដែលមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ