
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ថា ទោះបីសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា ពុំទាន់មានភាពច្បាស់លាស់ក៏ដោយ តែការចុះបញ្ជីរបស់ក្រុមហ៊ុនានានៅផ្សារមូលបត្រកម្ពុជា នៅតែមានដំណើរល្អ។ ជាក់ស្ដែងនៅឆ្នាំ២០២៥នេះ គ្រាន់តែធនាគារ អេស៊ីលីដា តែមួយប៉ុណ្ណោះបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលក្នុងទំហំរហូតដល់២០០លានដុល្លារ ខណៈមានក្រុមហ៊ុនផ្សេងទៀត ក៏បានចុះបញ្ជី និងកៀរគរទុនបានរាប់សិបលានដុល្លារផងដែរ។ កត្តានេះជំរុញឱ្យមេផ្សារហ៊ុនកម្ពុជា ជឿជាក់ថា នៅពេលសេដ្ឋកិច្ចសកលមានស្ថានភាពប្រសើរឡើងវិញ នោះការកៀរគរទុនពីផ្សារភាគហ៊ុននឹងអាចឈានដល់ពី៥០០លានដុល្លារទៅ១,០០០លានដុល្លារក្នុង១ឆ្នាំនាពេលខាងមុខ ខណៈវិស័យមូលបត្រកម្ពុជា នៅតែជាវិស័យមួយដែលមានសក្ដានុពលខ្ពស់របស់វិនិយោគិន។
បើតាមការអះអាងរបស់ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា ការជួញដូរភាគហ៊ុននៅក្នុងឆ្នាំ២០២៥នេះ ពុំបានរងផលប៉ះពាល់ពីឥទ្ធិពលនៃភាពមិនច្បាស់លាស់របស់សេដ្ឋកិច្ចពិភពលោកនោះទេ ដោយវាមានការកើនឡើងបន្តិចបើធៀបនឹងឆ្នាំ២០២៤។ ការអះអាងបែបនេះរបស់មេផ្សារហ៊ុនកម្ពុជា ធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងកម្មវិធីបោះផ្សាយលក់មូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ប្រមាណ១២លានដុល្លារ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
បើតាមឯកឧត្តម ហុង សុហួរ នៅក្នុងឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានក្នុងចន្លោះពី១៥ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈការបើកគណនីជួញដូរប្រចាំខែស្ថិតក្នុងចន្លោះពី៥០០ទៅ១,០០០គណនី។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៦ ក្នុងនោះ១២ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន និង១៤ក្រុមហ៊ុនបានចុះបញ្ជីជាសញ្ញាបណ្ណ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៦៥០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន