
ទីភ្នាក់ងារសំខាន់ៗរបស់សហរដ្ឋអាម៉េរិក ដូចជា ការិយាល័យស្ថិតិការងារជាដើម បានផ្អាកប្រតិបត្តិការ ពន្យារពេលបញ្ចេញរបាយការណ៍សំខាន់ៗដូចជារបាយការណ៍ការងារ និង ទិន្នន័យអតិផរណា ដែលធ្វើឱ្យធនាគារកណ្ដាលអាម៉េរិក ពិបាកក្នុងការផ្ទៀងផ្ទាត់ ដើម្បីឈានដល់ការចេញសេចក្ដីសម្រេចរបស់ខ្លួននៅក្នុងកិច្ចប្រជុំគោលនយោបាយបន្ទាប់របស់ខ្លួនដែលគ្រោងធ្វើឡើងឆាប់ៗនេះ។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ក្នុងមួយសប្ដាហ៍ៗអាចនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ឬ GDP របស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះចន្លោះពី០,១% ទៅ០,២% ជាមួយនឹងហានិភ័យកើនឡើងកាន់តែខ្លាំង ប្រសិនបើការព្យួរការងារបុគ្គលិកក្លាយជាការបញ្ឈប់ពីការងារជាអចិន្ត្រៃយ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើនរួមមាន BBC, CNBC និង JP Morgan។
បណ្ដាទីផ្សារហិរញ្ញវត្ថុនៅតែមានស្ថិរភាព ទោះបីជាហាងឆេងមាសបានឡើងដល់កម្រិតកំណត់ត្រា ហើយប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះ ខណៈដែលបណ្ដាវិនិយោគិនងាកទៅវិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាពយ៉ាងណាក្ដី។ ក្រុមអ្នកវិភាគនិយាយថា ស្ថានភាពនេះបន្ថែមពីលើការព្រួយបារម្ភអំពីការជាប់គាំងនយោបាយរបស់សហរដ្ឋអាម៉េរិក និងភាពជឿជាក់លើសារពើពន្ធដែលអាចមានឥទ្ធិពលលើសេចក្ដីសម្រេចក្នុងការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក និងទំនុកចិត្តរបស់វិនិយោគិនទូទាំងពិភពលោក។
នៅទូទាំងពិភពលោក ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយ និងការពន្យារពេលបញ្ចេញទិន្នន័យរបស់សហរដ្ឋអាម៉េរិកអាចនឹងកើនឡើងតាមរយៈទីផ្សារវិនិយោគ ពាណិជ្ជកម្ម និងទីផ្សាររូបិយប័ណ្ណ។ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក រយៈពេលវែងដែលកាលពីអំឡុងឆ្នាំ២០១៨-២០១៩ បានអូសបន្លាយពេលដល់ ៣៥ ថ្ងៃអាចប៉ះពាល់ដល់តម្រូវការពិភពលោក ជំរុញឱ្យបណ្ដាវិនិយោគិនងាកទៅសម្រុកវិនិយោគលើទ្រព្យសកម្មដែលមានសុវត្ថិភាព និងធ្វើឱ្យទំនុកចិត្តលើអភិបាលកិច្ចរបស់សហរដ្ឋអាម៉េរិក ធ្លាក់ចុះ។
ទោះបីជាមានភាពចលាចលបែបនេះក្ដី ក៏អ្នកវិភាគជាច្រើននៅតែរំពឹងថា ទីផ្សារនានានឹងជម្នះស្ថានការណ៍នេះបាន ប្រសិនបើបក្សទាំងពីរឈានដល់កិច្ចព្រមព្រៀងអនុម័តកញ្ចប់ថវិកាចំណាយរបស់រដ្ឋាភិបាលអាម៉េរិកក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែប្រសិនបើការប្រឈមមុខដាក់គ្នានៅតែបន្ត ទាំងសេដ្ឋកិច្ចអាម៉េរិក និងបណ្ដាប្រទេសជាដៃគូពិភពលោកអាចនឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ៕
ដោយ: តែម សុខុម