អ្នកជំនាញក្នុងវិស័យទេសចរណ៍ជឿជាក់ថា កំណើនភ្ញៀវទេសចរផ្ទៃក្នុងទៅកម្សាន្តនៅខេត្តសៀមរាប នឹងមានការកើនឡើង ក្រោយគម្រោងនេះដាក់ឲ្យដំណើរការជាផ្លូវការ។ លើសពីនេះ គម្រោងនេះ ក៏នឹងជួយតភ្ជាប់តំបន់ទេសចរណ៍ឆ្នេរសមុទ្រ និងវប្បធម៌ឲ្យកាន់តែគៀកគ្នាផងដែរ។ សម្រាប់អ្នកជំនាញផ្លូវល្បឿនមិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងការចំណាយរបស់ភ្ញៀវទេសចរណ៍នោះទេ ថែមទាំងរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្នើឲ្យរដ្ឋបាលរាជធានីខេត្តចំនួន៥រួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាបផ្តល់ការគាំទ្រសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក្នុងការដំណើរការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប។ ការស្នើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួល និងពន្លឿនដំណើរការសិក្សាឲ្យបានឆាប់ចប់ ដើម្បីឈានទៅវាយតម្លៃពីលទ្ធភាព និងទំហំចំណាយក្នុងការអភិវឌ្ឍគម្រោងផ្លូវល្បឿនលឿនមួយនេះ។ ទោះយ៉ាងណា ឯកឧត្តមទេសរដ្ឋមន្ត្រី មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់សម្រាប់ការសិក្សាគម្រោងនេះនោះទេ គ្រាន់តែអះអាងថា ក្រុមហ៊ុនចិន CBRC ដែលទទួលបានសិទ្ធិសិក្សាលើគម្រោងនេះ គ្រោងចាប់ផ្តើមដំណើរការសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តសៀមរាបកាន់តែច្រើនបន្ថែមទៀត។ ការរំពឹងបែបនេះ ក៏ដោយសារគម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីខេត្តផ្សេងទៅកាន់ខេត្តនេះកាន់តែមានភាពងាយស្រួល ហើយវានឹងជួយតភ្ជាប់រវាងខេត្តផ្សេងៗជាមួយខេត្តសៀមរាបកាន់តែគៀកជាងមុនបន្ថែមទៀត។
ជាមួយគ្នានេះលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបអាចបម្រើឲ្យវិស័យទេសចរណ៍ច្រើនជាងការដឹកជញ្ជូនទំនិញ។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញរូបនេះជឿជាក់ថា តាមរយៈគម្រោងនេះ វានឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់កសិករពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពីភ្នំពេញទៅកាន់ព្រំដែនថៃ ដ្បិតថា កន្លងមកក៏មានក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រើប្រាស់ច្រកផ្លូវកាត់តាមខេត្តសៀមរាប ដើម្បីដឹកជញ្ជូនទំនិញទៅកាន់ខេត្តជាប់ព្រំដែនថៃផងដែរ។
ប្រសិនបើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបបានបញ្ចប់ការសិក្សាហើយឈានដល់ការកំណត់ពេលវេលាបើកការសាងសង់ វានឹងក្លាយជាគម្រោងភ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតម្លៃជិត១ពាន់៧រយលានដុល្លារ ដែលគ្រោងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៣ នេះ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុមព្រះសីហនុត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ជាមួយទុនវិនិយោគជាង២ពាន់លានដុល្លារអាមេរិក៕