Circular Economy

ក្រុមហ៊ុន​គ្រាក់ៗនៅថៃ ចាប់ផ្ដើម​អនុវត្ត​«សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy» ដើម្បី​ការអភិវឌ្ឍ​ដោយចីរភាព! តើ​វា​ជា​អ្វី?


ថ្មីៗនេះ ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​និង​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល នៅ​ក្នុងប្រទេស​ថៃ ជួបជុំពិភាក្សា​គ្នា និង​ស្វែករក​កិច្ចសហប្រតិបត្តិការ​ដើម្បី​ជំរុញ​គោលគំនិត​ថ្មី​មួយ ដែល​គេ​ហៅថា «សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy» នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ធំៗ​ឈាន​មុខ​គេ ដើម្បីបង្កើត​និរន្តរភាព​សម្រាប់​ធនធាន​ធម្មជាតិ។
ក្រុមហ៊ុន​គ្រាក់ៗនៅថៃ ចាប់ផ្ដើម​គិត​និង​អនុវត្ត​«សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy»!
ដោយ

ក្រុមហ៊ុន Siam Cement Group (SCG) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងតិ៍ធំជាងគេ​បំផុត នៅ​ក្នុង​ប្រទេស​ថៃ ជាអ្នក​ផ្ដួចផ្ដើម​រៀបចំ​សិក្ខាសាលា​​រយៈពេល​មួយថ្ងៃ ដែល​មាន​ឈ្មោះថា «សន្និសីទ​ស្ដីពី​កិច្ច​អភិវឌ្ឍន៍​ដោយ​ចីរភាព ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «សេដ្ឋកិច្ច​វិលជុំ (Circular Economy)៖ អនាគត​ដែល​យើង​បង្កើត» ដោយ​ព្រឹត្តិការណ៍​នេះ មាន​ការចូលរួមពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ធំៗ រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​រដ្ឋាភិបាល សង្គម​ស៊ីវិល សហគ្រាស​ខ្នាតតូច​និងមធ្យម អាជីវកម្ម​បង្កើត​ថ្មី និង​សហគមន៍​មូលដ្ឋាន ប្រមាណជិត ១០០០នាក់។

គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍ គឺ​ផ្ដល់ជា​វេទិកា​សម្រាប់​ការផ្លាស់ប្ដូរ​ទស្សនទាន និងចែករំលែក​បទពិសោធន៍ជោគជ័យ ដើម្បី​រួមគ្នា​ជំរុញ​អ្វីដែលគេហៅថា «សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy» នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​ក្នុង​តំបន់ ព្រមទាំង​ជំរុញ​ផ្សព្វផ្សាយ​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធផល នៅក្នុង​ខ្សែ​សង្វាក់​តម្លៃ​ទាំងមូល គិតចាប់ពី​ការផលិត ការប្រើប្រាស់ និង​ដំណើរការ​ស្ដារ​ឡើងវិញ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព ឆ្នាំ​២០១៨នេះ ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​បណ្ឌិត ស៊ុមឃីត ចាទុកស្រ៊ីភីតាក់ (Somkid Jatusripitak) មានប្រសាសន៍ថា «គោលគំនិត​សេដ្ឋកិច្ច​វិល​ជុំ គឺ​ស្របគ្នា​នឹង​យុទ្ធសាស្ត្រ​ជំរុញ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ថៃ ជាពិសេស ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ផលិតផល​និង​សេវា​ដែល​ជំរុញ​ដោយ​គុណតម្លៃ។ យុទ្ធសាស្ត្រជាតិ​សម្រាប់​រយៈពេល​ ២០ឆ្នាំ​របស់​រដ្ឋាភិបាល​ថៃ ក៏​ផ្តោត​ផង​ដែរ​ទៅ​លើ​ការអភិវឌ្ឍ​បរិស្ថាន​មេត្រី ព្រមទាំង​តុល្យភាពរវាង​ការអភិរក្ស និង​ការប្រើប្រាស់ធនធានធម្មជាតិ»។

លោក​បណ្ឌិត Somkid Jatusripitak ឧបនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ។ រដ្ឋាភិបាលថៃ​គាំទ្រ​គោល​គំនិត​សេដ្ឋកិច្ច​វិលជុំ ឬ circular economy។

លោកឧបនាយករដ្ឋមន្ត្រី​ថៃ​បន្ត​ថា ដើម្បី​គាំទ្រ​យុទ្ធសាស្ត្រ​ជាតិ​ខាង​លើ​នេះ រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​«វិធានការ​នានា​ជាច្រើន ដូចជា ការជំរុញ​នវានុវត្តភាព (innovation) និង​សេដ្ឋកិច្ច​ឌីជីថល ដើម្បី​លើក​ទឹកចិត្ត​ដល់​ការចែករំលែក​និង​ការប្រើប្រាស់​ធនធាន​ប្រកប​ដោយ​ប្រសិទ្ធផល ការគ្រប់គ្រង​សំណល់​ឲ្យ​បាន​សមស្រប​និង​មាន​ប្រសិទ្ធផល តាមរយៈ​ការ​ប្រើ​ប្រាស់​និង​ការច្នៃ​ប្រើប្រាស់​ឡើងវិញ ព្រមទាំង​​ការអនុវត្ត​អាជីវកម្ម​ដែល​មាន​សីលធម៌ និងការទទួលខុសត្រូវ​ចំពោះ​សង្គម និង​បរិស្ថាន»។ 

លោក Roongrote Rangsiyopash ប្រធាន​ក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ​ក្រុមហ៊ុន SCG មានប្រសាសន៍ថា «គោល​គំនិត​សេដ្ឋកិច្ច​'វិលជុំ' អាច​ជួយ​ដោះស្រាយ​បញ្ហា​ធនធាន​ធម្មជាតិ​ដែល​កាន់​តែ​​ខ្សត់ទៅៗ ពីព្រោះ​គោល​គំនិត​ថ្មី​នេះ វា​ខុស​ពី​សេដ្ឋកិច្ច​'ខ្សែ​បន្ទាត់'​បែប​ប្រពៃណី​នៃ​គំរូ​យកធនធាន​ធម្មជាតិមក​ផលិត ប្រើប្រាស់ រួច​ហើយ​បោះចោល ប៉ុន្តែ សេដ្ឋកិច្ច​'វិលជុំ' គឺ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ប្រើប្រាស់​ធនធាន​ទាំង​នេះ​ក្នុង​លក្ខណៈ​មួយ​ដែល​មានប្រសិទ្ធផល​បំផុត​តាមដែលអាច​ធ្វើ​ទៅបាន»។

លោក​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SCG ដដែល បន្ថែមថា «តាមរយៈ​ការ​បង្កើត​ប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​សំណល់​អាច​ចូល​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​សា​ឡើងវិញ សេដ្ឋកិច្ច​'វិលជុំ'​អាច​នាំ​ទៅ​រក​ការសម្រេច​បាន​នូវ​​ចីរភាព​បរិស្ថាន​និង​សង្គម»។ 

ផលិតផល​ដែល​ប្រើ​រួច ត្រូវ​បាន​កែច្នៃ​ប្រើប្រាស់​ឡើងវិញ។

តើ​ SCG មានយុទ្ធសាស្ត្រ​អ្វី​ខ្លះ​ដើម្បីជំរុញ​គោល​គំនិតសេដ្ឋកិច្ច​វិលជុំ ឬ Circular Economy? 

ក្រុមហ៊ុន SCG ជឿថា ការអនុវត្ត​ជោគជ័យ​នូវគោល​គំនិត​សេដ្ឋកិច្ច​«វិលជុំ»​នេះ នឹង​នាំ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​មាននិរន្តរភាព ទន្ទឹម​គ្នា​នឹង​លើក​កម្ពស់​គុណភាពជីវិត​របស់​អតិថិជនផង និង​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្រិត​សកលលោក​ផង។ 

នៅក្រុមហ៊ុន SCG យុទ្ធសាស្ត្រ​សំខាន់ចំនួន ៣ ដែល​ក្រុមហ៊ុន​បាន​ដាក់ចេញដើម្បីជំរុញ​ Circular Economy៖ 

មួយ៖ កាត់បន្ថយ​ការប្រើប្រាស់វត្ថុធាតុដើម។ ដោយ​កាត់បន្ថយ​បរិមាណ​ធនធាន​ដែលប្រើ​ប្រាស់​នៅ​ក្នុង​ការ​ផលិត ដូចជា ផលិតផលក្រដាស​កាតុងបៃតងជ្រួញ ដែលត្រូវការ​សាច់​ក្រដាស​តិច ប៉ុន្តែ ជាប់​បាន​យូរជាងមុន ដែលជួយកាត់បន្ថយ​ទម្ងន់ក្រដាស​ចន្លោះពី ២៥ ទៅ ១២៥ក្រាម​ក្នុង​មួយ​ម៉ែត្រ​ការ៉េ និងកាត់បន្ថយ​ការប្រើប្រាស់​ផ្លាស្ទិក​ដែលប្រើ​ម្ដង​បោះចោល ពី ៥៤% មក​នៅ​ត្រឹមតែ ៣៣% ប៉ុណ្ណោះ។ 

ពីរ៖ ជំនួស។ តាមរយៈ​ការបង្កើត​នវានុវត្តភាព (innovations) ដើម្បី​ជំនួស​ផលិតផល​និងវត្ថុ​ធាតុ​ដើម​ដែល​មានស្រាប់ ដើម្បី​បន្ថយ​ការ​ប្រើប្រាស់​ធនធាន ឬធ្វើ​ឲ្យ​ផលិតផល​ទាំង​នោះ​មាន​ភាព​អាច​ច្នៃ​ប្រើប្រាស់​ឡើងវិញ​បាន។

បី៖ កែច្នៃប្រើប្រាស់ឡើងវិញ ឬស្ដារឡើងវិញ។ តាមរយៈ​ការ​កែច្នៃ​សំណល់ ឬ​ផលិតផល​ដែល​ផុត​អាយុ​ប្រើប្រាស់ សម្រាប់​ការ​​ប្រើប្រាស់ឡើងវិញ ជាជាង​ប្រើប្រាស់ធនធាន​ថ្មី ដែលនេះជាការជំរុញ​ដំណើរការ​ស្ដារ​​ឡើងវិញ ដូចជា បង្កើត​ស្ថានីយ​ដើម្បី​កិន​សំណល់​ក្រដាស​សម្រាប់ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ និង​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផលិត​កម្ម​ឡើងវិញ ការកែច្នៃ​ដប​កែវ​ចាស់ៗ​ដើម្បី​ប្រើ​ជំនួស​ខ្សាច់​ក្នុងការ​ផលិត​វត្ថុធាតុ​អ៊ីសូឡង់ និងការ​កែច្នៃ​ប្រើឡើងវិញ​គម្រប​ដប​ផ្លាស្ទិក និង​សំណល់​ប៉ូលីអេទីឡែន (PE) ដើម្បី​ធ្វើ​ជម្រក​សម្រាប់​ត្រី​ ដែល​ជួយ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុងទឹក។ 

ក្រុមហ៊ុនធំៗ​នៅថៃ ចុះ​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូជាមួយ​គ្នា ដើម្បី​ជំរុញ​ការអនុវត្ត​ circular economy។

តើ​អ្វីទៅជាសេដ្ឋកិច្ចវិលជុំ ឬ Circular Economy? 

សេដ្ឋកិច្ច'វិលជុំ' ឬ circular economy ផ្ដោត​សំខាន់លើ​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ឲ្យអស់​គុណតម្លៃ​ពេញ​លេញ​របស់វា និង​បង្កើន​ប្រសិទ្ធផល​នៃ​ការ​គ្រប់គ្រង​សំណល់ ដើម្បី​គេ​អាច​ប្រើប្រាស់​ ឬ​កែច្នៃ​ប្រើប្រាស់​​​ផលិតផល​ដែល​ប្រើ​រួច វត្ថុធាតុ​ដើម ផលិតផល​ផុត​អាយុប្រើប្រាស់ និង​ថាមពល ឡើងវិញ ដោយ​អនុវត្ត​ដំណើរការ​សមស្រប ក្នុង​នោះរួមបញ្ចូលទាំង​ ការកែច្នៃឡើងវិញ រៀបចំ​រចនា​បថ​ឡើងវិញ គុណតម្លៃ​បន្ថែម ​នវានុវត្តភាព កិច្ច​សហប្រតិបត្តិការ​តាមរយៈ​ការ​កសាង​ភាព​ជាដៃគូជាមួយ​ក្រុមហ៊ុន ឬអាជីវកម្ម​ដែលទាក់ទង​គ្នា ឬ​មិន​ទាក់ទង​គ្នា និង​ការ​ប្រើប្រាស់​ឡើងវិញ។ 

តាមរយៈ​កិច្ច​ប្រឹងប្រែងទាំងអស់នេះ គេអាច​កាត់បន្ថយ​ជាអតិបរមា​នូវ​ការ​ប្រើប្រាស់​ធនធាន​ថ្មី ប្រើប្រាស់ធនធាន​និង​វត្ថុធាតុ​ដើម​ឲ្យអស់​សក្ដានុពល កាត់បន្ថយ​សំណល់​តាមរយៈ​ការកែច្នៃប្រើប្រាស់​ឡើងវិញ និង​​ផលិត​នូវ​ផលិតផល​ដែលមាន​គុណភាពខ្ពស់ និងគង់វង្ស​បានយូរ។ ប្រការ​នេះ​បន្ថែម​គុណតម្លៃ និង​បង្កើត​នូវ​ចីរភាព​សម្រាប់​ទាំង​បរិស្ថាន សហគមន៍ សង្គម និង​ក្រុមហ៊ុន ឬអាជីវកម្ម៕

None



អត្ថបទបន្ទាប់


តើ​ការ​ទិញ​ដីឡូតិ៍​ជា​ពរ​ជ័យ​ ឬ​ជា​បន្ទុក​?

ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ អាជីវកម្មលក់ដីឡូតិ៍ កំពុងពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេស នៅតំបន់ជាយក្រុងភ្នំពេញ និងបណ្តាទីប្រជុំនានានៅទូទាំងប្…

PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗលើដងវិថីតែមួយ

បច្ចុប្បន្នតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ បាននឹងកំពុងបង្ហាញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ តំបន់ដ៏ល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ