រមណីយដ្ឋានភូមិ​ផ្កា​ត្រកួន

«ភូមិផ្កាត្រកួន» រមណីយដ្ឋានធម្មជាតិ លាយឡំ​វប្បធម៌​បុរាណ​ ត្រៀមបើក​ឲ្យ​ភ្ញៀវ​ចូល​កម្សាន្ដ​នាចុង​ឆ្នាំនេះ


ហាក់ប្លែក ខុសពីអ្នកអភិវឌ្ឍន៍ផលិតផលទេសចរណ៍នានា ដែលច្រើនតែបង្កើតតំបន់កម្សាន្ដ កន្លែងសម្រាកលំហែកាយ ឬរីស៊ត បែបទំនើបស៊ីវិល័យ អ្នកជំនាញស្ថាបត្យករ និងផ្នែកបដិសណ្ឋារកិច្ចល្បីឈ្មោះមួយរូប បែរជាផ្ដួចផ្ដើមគំនិតអភិវឌ្ឍកន្លែងសម្រាកលំហែកាយបែបធម្មជាតិ លាយឡំ​នឹងវប្បធម៌បុរាណដូចទៅនឹងសម័យឧដុង្គ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍។ បើតាម អ្នកអភិវឌ្ឍន៍រមណីយដ្ឋាននេះ បានឲ្យដឹងថា ទីសម្រាកលំហែកាយប្លែកអារម្មណ៍មួយនេះ នឹងបើកឲ្យភ្ញៀវចូលកម្សាន្ដ នាឱកាសឈប់សម្រាកឆ្លងឆ្នាំខាងមុខនេះហើយ។
រមណីយដ្ឋាន​ភូមិ​ផ្កាត្រកួន
ដោយ

ស្ថាបនិក​រមណីយដ្ឋាន​ភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធ បានប្រាប់​ឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍​​រមណីយដ្ឋាន​​នេះ បានចាប់​ផ្ដើម​​សាងសង់​​អស់​​រយៈរយៈពេល​ជាង​៦ខែហើយ ដោយ​បាន​អភិវឌ្ឍ​ក្នុង​ផ្ទៃដី ១០ហិចតា នៅ​លើ​ផ្ទៃដី​សរុប​ជាង ៦០ហិចតា។ ក្នុងផ្ទៃដី​១០នេះដែរ លោកបាន​រៀចំ​ជាបឹង​ធម្មតា និងពុះ​ជាដីឡូត៌​សម្រាប់​លក់​ប្រមាណ​ជា ១៧០ឡូត៌ តែពេលនេះ​លក់ជិតអស់​ហើយ ពោលគឺនៅ​សល់ប្រមាណ​ជិត ១០ឡូត៌ទៀត​ប៉ុណ្ណោះ។

ជាប្រធាន​សមាគម​សណ្ឋាគារ និងជា​ស្ថាបត្យករ​ផងនោះ លោក ឌិន សុមេធារិទ្ធ ចង់អភិវឌ្ឍ​ភូមិផ្កាត្រកួន​នេះ​ ឲ្យក្លាយ​ទៅជា​ភូមិ​បុរាណមួយ​ដូចទៅ​នឹងសម័យ​លង្វែក ទើបភាគ​ច្រើនផ្ទះ ដែលត្រូវ​សាងសង់​នៅក្នុង​​ភូមិនេះ គឺជាផ្ទះ​លំហែកាយ​​បែប​បុរាណខ្មែរ ដោយមិន​មានការ​ចម្លងម៉ូត​ពីប្រទេស​ជិតខាង​ឡើយ។ 

ផ្ទះសម័យបុរាណ​នៅក្នុង​រមណីយដ្ឋាន​ភូមិផ្កា​ត្រកួន

ម្យ៉ាងវិញ​​ទៀត ដោយ​លោក​​គិតថា ពលរដ្ឋ​រស់នៅ​ទីក្រុង​ភាគច្រើន​ធ្លាប់រស់​នៅផ្ទះថ្ម ឬវីឡា​ហើយ ដូចនេះហើយ​លោកចង់​​ឲ្យអតិថិ​ជន​ផ្លាស់ប្តូរ​បរិយាកាស មករស់នៅ​ផ្ទះឈើ​បុរាណ​វិញម្តង។ តែយ៉ាងមិញ​ក៏មិនបាន​​ហាម​ឃាត់​ដាច់ខាត មិនឲ្យ​សាងសង់ផ្ទះ​ម៉ូ​ត​​​សម័យ​​ថ្មី​នោះទេ គ្រាន់តែ​ការសាងសង់​ផ្ទះនោះ ត្រូវតែស្ថិត​ក្រោមការ​​ត្រួតពិនិត្យ​របស់​ក្រុមការងារ​​លោក​ជាមុន​សិន។

ចំណុចសំខាន់២​របស់រមណីយ​ដ្ឋាន​ភូមិផ្កាត្រកួនគឺ ទី១ជាសួន​កម្សាន្ដ​បែប​ធម្មជាតិ​ដ៏ធំដោយ​មានបឹង​ធម្ម​ជាតិ ទី២ ជាលំនៅដ្ឋាន​លំហែកាយ បែប​បុរាណ​ប្រកប​ដោយ​ផាសុកភាព​ផងដែរ។​ ស្ថាបត្យករ ឌិន សុមេធារិទ្ធ ប្តេជ្ញាថា នឹងធ្វើ​ឲ្យ​រមណីយដ្ឋាន​ផ្កាត្រកួន​នេះ ក្លាយជា​ជម្រើស​ដំបូង និងមាន​តែមួយគត់​​សម្រាប់​អ្នកទីក្រុង​មកកម្សាន្ដ​លេង​ជាលក្ខណៈ​ក្រុមគ្រួសារ។

ផ្ទះសម័យ​បុរាណ​ក្នុង​រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន​

រមណីយដ្ឋាន​ភូមិផ្កា​ត្រកួន មានទីតាំង​ស្ថិត​នៅក្នុង ឃុំស្វាយ​ប្រទាល ស្រុកស្អាង ខេត្តកណ្តាល។ បើយើងធ្វើដំណើរ​តាមផ្លូវ​ជាតិលេខ ២១A ពីទួល​ក្រសាំងមក រមណីយដ្ឋាន​នេះ មានចំងាយ​ប្រមាណ ​២០គីឡូម៉ែត តែបើសិន​ជាធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ២១ រមណីយដ្ឋាន​នេះមាន​ចំងាយ ២៧គីឡូម៉ែត ​ដោយត្រូវ​វាងកោះ​អន្លុងចិន នឹងជិះកាត់​តាមកោះ​ក្របី។

លោកស្រី ដា រ៉ាវី និងស្វាមី​បានទិញ​ដីឡូត៌មួយ​កន្លែង​នៅក្នុង​ភូមិផ្កាត្រកួន​នេះ ដោយត្រៀម​នឹងធ្វើការ​សាង​សង់​ផ្ទះបុរាណ​មួយនាពេល​ខាងមុខ​នេះហើយ។ លោកស្រីបាន​ប្រាប់​ឲ្យដឹងថា មូលហេតុ​ដែលលោក​ស្រី​និងស្វាមី​សម្រេចចិត្ត​ទិញដីឡូត៌​សម្រាប់​សាងសង់​ផ្ទះ​នៅទីនេះ ​ព្រោះ​តែបរិយាកាស​នៅតំបន់​នេះ មាន​ភាព​អំណោយ​ផលច្រើន ទាំងទេសភាព ភាពស្ងប់ស្ងាត់ ហើយថែម​ទាំងមិន​ចាំបាច់​ត្រូវធ្វើដំណើរ​ឆ្ងាយទៀតផង ពោលគឺ វា​ជាកន្លែង​កម្សាន្ដ​ដ៏មនោរម្យ​បំផុត​សម្រាប់​ថ្ងៃចុង​សប្តាហ៍។ មួយវិញទៀត លោកស្រី ចង់ឲ្យ​​កូនៗ​របស់លោកស្រី បានឃើញ​នូវអ្វី​ដែលអាច​នាំឲ្យ​ពួកគេ​​មានការ​រីកចម្រើន​ផ្នែក​ខួរ​ក្បាល និងបញ្ញា​ស្មារតី​ផងដែរ។ 

ទេសភាព​នៅក្នុង​រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន

បើតាមលោក ឌិន សុមេធារិទ្ធ ក្រុមការងារ​សាងសង់​របស់​លោក​កំពុងតែ​មមាញឹក​ក្នុងការ​ត្រៀមរៀប​ចំ​ឲ្យហើយ​ខ្លះៗ ដើម្បីទទួល​ការស្វាគមន៍​អតិថិជន ដែលមាន​គម្រោងមក​ឆ្លងឆ្នាំ​នៅរមណីយ​ដ្ឋាន​នេះ ទោះបីជា មិនទាន់​ហើយ​រួចរាល់១០០ភាគរយ​ក៏ដោយ។ ប្រហែល​មួយឆ្នាំ​ទៀត រមណីយដ្ឋាននេះ នឹងសាង​សង់រួច ក្នុងរូបរាង​ជាផ្ទះ​លំហែកាយ​បែប​បុរាណខ្មែរ អមដោយ​សួនកម្សាន្ដ​ធម្មជាតិ ដ៏ធំមួយ​ក្នុងទឹក​ដីខេត្ត​​កណ្តាល ខណៈដែល​សព្វថ្ងៃ​ទើបតែ​សាងសង់​ផ្ទះបុរាណ​បាន​ប្រជាង ១០ផ្ទះ។

លោក ឌិន​ សុមេធារិទ្ធ ស្ថាបនិក​រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន

ដោយសារតែ​ផ្ទៃដីមាន​ទំហំដល់​ទៅ​ជាង ៦០ហិកតា​ ហើយនៅ​ជាប់ទន្លេ​ទៀតនោះ ស្ថាបនិក​ភូមិផ្កា​ត្រកួន​​មាន​គម្រោង​នឹងពង្រីក​ជាបន្ត​បន្ទាប់​ទៀត ដោយបច្ចុប្បន្ន​បានពង្រីក​គម្រោង​ពុះដីឡូត៌​ថែម​ជាង ១០០​ឡូត៌ទៀត​។ នៅក្នុងថ្ងៃ​អនាគត​លោកគ្រោង​នឹងអភិវឌ្ឍ​តំបន់នេះ ឲ្យស្រដៀង​ទៅនឹង​ផ្ទះបណ្តែត​ទឹក​នៅភូមិ​​កំពង់​ផ្លុក នាខេត្តសៀមរាប ដើម្បី​អាចផ្តល់​ជម្រើស​ឲ្យបាន​ច្រើន ក្នុងការ​ស្នាក់នៅ​បែបលំហែកាយ​ដល់ ពលរដ្ឋ​កម្ពុជា។

ទេសភាព​ក្នុងរមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន

គួរជម្រាបថា វិស័យ​ទេសចរណ៍ គឺជា​សរសរស្ដម្ភ​​ដ៏សំខាន់​មួយ ដើម្បី​ទ្រទ្រង់​​ដល់​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា ខណៈដែល​វិស័យនេះ ក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​​ចាត់​ទុកថា គឺជាមាស​បៃតង របស់​កម្ពុជា និងកំពុង​​ត្រូវបាន​ជ្រោមជ្រែង​​យ៉ាង​ខ្លាំង​​ផងដែរ។ ក្នុងនោះ ការបង្កើ​ត​នូវ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ដូចជា តំបន់​កម្សាន្ដ ​កន្លែងសម្រាក​លំហែកាយ​នានា ត្រូវ​បាន​​រាជរដ្ឋាភិបាល ចាត់ទុក​ថា គឺជាអាទិភាព​ចម្បង​មួយ ក្នុងការ​ជំរុញ​ដល់កំណើន​​ទេសចរ​​ចូលមក​កម្សាន្ដ​​នៅកម្ពុជា​កាន់តែ​ច្រើន​ឡើង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោក៖ តម្លៃ​ប្រាក់ឈ្នួល​នៅ​វៀតណាម ​ខ្ពស់​ជាង​កម្ពុជាពី ៣០ ទៅ ៤៥%

ព័ត៌មាន
បើប្រៀបធៀប ពីតម្លៃប្រាក់ឈ្នួលពលករដែលធ្វើការនៅក្នុងក្រុមហ៊ុនថ្នាក់កណ្ដាល បាន​បង្ហាញ​ថា តម្លៃប្រាក់ឈ្នួលរបស់ប្រទេស​វៀតណាម គឺមានខ្ពស់ជាងប្រទេសម…

អាណាចក្រ​ជំនួញ ជីប ម៉ុង បាន​និង​កំពុង​ក្តោបក្តាប់​ចរន្ត​សេដ្ឋកិច្ទ​កម្ពុជា?

ព័ត៌មាន
ជីប ម៉ុង អាច​រាប់​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​វិនិយោគ​ដោយ​ខ្មែរ ១០០​ភាគរយ និង​មាន​ឥទ្ធិលពល​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ