
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ចូលមកទីផ្សារកម្ពុជានេះ គឺមិនបានផ្តល់ការរំខានដល់តម្រូវការផ្គត់ផ្គង់បន្លែផ្លែឈើនៅទីផ្សារកម្ពុជា នោះទេ ដ្បិតថា ក្រៅពីការនាំចូលពីថៃ កម្ពុជា ក៏បាននាំចូលពីប្រទេសដទៃដូចជាវៀតណាម និងចិន ផងដែរ។ បន្ថែមលើនេះ កម្ពុជា ក៏មានផលិតកម្មដាំដុះបន្លែផ្លែឈើក្នុងស្រុកជាច្រើន ដែលជាប្រភពផ្គត់ផ្គង់មួយផ្នែកធំសម្រាប់តម្រូវការប្រើប្រាស់នៅទូទាំងប្រទេស។ បើតាមអ្នកនាំពាក្យរូបនេះ ការប្រើប្រាស់បន្លែ និងផ្លែឈើដែលនាំចូលពីថៃ នាពេលកន្លងមក ភាគច្រើនជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ដូច្នេះជាយន្តការបន្ទាប់ គឺត្រូវធ្វើយ៉ាងណាបង្វែរការផ្គត់ផ្តង់បន្លែពីតំបន់ផលិតក្នុងស្រុកទៅកាន់ទីផ្សារនៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យទាន់ពេលវេលាប៉ុណ្ណោះ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាអ្នកជំនួញក្នុងវិស័យកសិកម្មម្នាក់នៅកម្ពុជា យល់ឃើញថា ការបិទការនាំចូលបន្លែ និងផ្លែឈើពីថៃ មកកម្ពុជា នេះ អាចនឹងជះផលប៉ះពាល់តិចតួចប៉ុណ្ណោះសម្រាប់កម្ពុជា ដោយសារបច្ចុប្បន្នកម្ពុជា មានសមត្ថភាពផលិតបន្លែផ្លែឈើដោយខ្លួនឯងដល់ទៅប្រមាណ៨០% នៃតម្រូវការប្រើប្រាស់ក្នុងស្រុកសរុប ស្របពេលកម្ពុជា ក៏មានការនាំចូលបន្ថែមពីទីផ្សារដទៃផងដែរ។ អ្នកជំនាញរូបនេះបានបន្ថែមថា ការបិទការនាំចូលនេះ ក៏ជាឱកាសមួយជួយលើកកម្ពស់ និងជំរុញផលិតកម្មក្នុងវិស័យកសិកម្មកម្ពុជា ឱ្យកាន់តែប្រសើរផងដែរ។ បើតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ ការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ ចូលមកកម្ពុជា នាពេលកន្លងមក ភាគច្រើនជាប្រភេទបន្លែ និងផ្លែឈើ ដែលកម្ពុជា មិនអាចផលិតបាន ពោលគឺការនាំចូលទាំងនោះ ដើម្បីបំពេញតម្រូវការរបស់វិនិយោគិន និងទេសចរបរទេសដែលស្នាក់នៅកម្ពុជា។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ស្របពេលដែលមានការបិទការនាំចូលបន្លែផ្លែឈើពីប្រទេសថៃ កម្ពុជា មានសមត្ថភាពផលិតគ្រប់គ្រាន់ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀងរបស់ខ្លួន ពោលគឺរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មនានា សុទ្ធតែអាចជំនួសបានទាំងស្រុងដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀត។ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីធានានិរន្តរភាពនៃដំណើរការផលិតកម្មកសិកម្ម និងរក្សាឱ្យបាននូវស្ថិរភាព នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេស។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសថៃ សម្រេចបានទឹកប្រាក់ជាង១ពាន់៨រយលានដុល្លារ កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅថៃ មានជាង៣៩៥លានដុល្លារ ខណៈនាំចូលពីថៃ មកវិញ មានជាង១ពាន់៤រយលានដុល្លារ៕