តាមប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុន បីរូបដែលដឹងអំពីផលិតកម្មយោធា រួមជាមួយនឹងប្រភពពីឧស្សាហកម្មយោធាចំនួនប្រាំផ្សេងទៀត ឱ្យដឹងថា រដ្ឋាភិបាលជប៉ុន នឹងចាប់ផ្តើមកាត់បន្ថយការទិញយន្តហោះយោធានៅឆ្នាំ២០២៤ ដោយសារប្រាក់យ៉េនធ្លាក់ថ្លៃ។ ទោះយ៉ាងណា ព័ត៌មានលម្អិតថា តើទីក្រុងតូក្យូនឹងរៀបចំបែបណាចំពោះបម្រែបម្រួលប្រាក់ក្នុងស្រុកនេះ មិនទាន់មានសេចក្តីរាយការណ៍នៅឡើយទេ។
យោងតាមប្រភពព័ត៌មាន ទីក្រុងតូក្យូបានកំណត់យកអត្រាប្តូរប្រាក់ ១០៨យ៉េន ប្ដូរបានមួយដុល្លារអាម៉េរិក កាលពីឆ្នាំ២០២១។ ប៉ុន្តែកាលពីដើមខែវិច្ឆិកា ប្រាក់យ៉េនបានធ្លាក់ចុះដល់ ១៥១យ៉េន ក្នុងមួយដុល្លារ។ ចំពោះការធ្លាក់ចុះនេះ ធនាគារកណ្តាលជប៉ុន កាលពីថ្ងៃទី៣១ខែតុលា បានដាក់ចេញនូវវិធានការណ៍ទប់ស្កាត់តិចតួចប៉ុណ្ណោះ។ យោងតាមប្រភពមន្រ្តីជប៉ុន មិនដូចក្រុមហ៊ុនធំៗ ដែលធ្វើអាជីវកម្មនៅបរទេសនោះទេ ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន មិនបានធ្វើការទប់ស្កាត់ការឡើងចុះនៃអត្រារូបិយប័ណ្ណឡើយ ទើបធ្វើឱ្យការបញ្ជាទិញមីស៊ីល Tomahawk និងយន្តហោះចម្បាំងបំបាំងកាយ F-35 មានតម្លៃខ្ពស់។
នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា បានពិពណ៌នាការចំណាយ យោធាជប៉ុន ដ៏ធំមិនធ្លាប់មាន កាលពីចុងឆ្នាំមុនថា «ជារបត់នៃប្រវត្តិសាស្ត្រ»។ យោងតាមឯកសារការពារជាតិជប៉ុន ការចំណាយ ដ៏មហាសាលនេះ គឺជប៉ុនត្រៀមសម្រាប់ជម្លោះដែលអាចកើតមាន ជុំវិញប្រជុំកោះឆ្ងាយៗរបស់ខ្លួនដែលលាតសន្ធឹងតាមគែមសមុទ្រចិនខាងកើតក្បែរកោះតៃវ៉ាន់។ ជាមួយគ្នា តូក្យូក៏ត្រូវការការពារមូលដ្ឋាន ទ័ពអាម៉េរិកនៅលើដីរបស់ខ្លួនដែរ ហើយអាម៉េរិកក៏អាចប្រើមូលដ្ឋានទ័ពទាំងនោះវាយប្រហារប្រឆាំងនឹងកងទ័ពចិន ពេលណាមួយប៉េកាំងបើកការវាយប្រហារលើកោះតៃវ៉ាន់។
ក្នុងការប្រកាសកាលពីខែធ្នូឆ្នាំមុន ជប៉ុននឹងត្រូវកាត់ ២% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ខ្លួនជារៀងរាល់ឆ្នាំចូលទៅក្នុងយោធា។ ខ្ទង់ចំណាយប្រមាណ៤៣ទ្រីលានយ៉េន ឬស្មើនឹង៣២០ពាន់លានដុល្លារសម្រាប់រយៈពេលប្រាំឆ្នាំ ប៉ុន្តែក្រោយការធ្លាក់ចុះរូបិយប័ណ្ណយ៉េនកញ្ចប់ជំនួយនេះ នៅសល់តែជាង ២៨៩ពាន់លានដុល្លារប៉ុណ្ណោះ។ ដូច្នេះ សម្រាប់ការចំណាយយោធាឆ្នាំសារពើពន្ធ ២០២៤ រដ្ឋាភិបាលទំនងជានឹងកាត់បន្ថយការចំណាយ៕