
ជោគវាសនារបស់កម្មវិធី TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ប្រហែលជាមិនអាចគេចផុតពីលក់នោះទេ ខណៈលោក ដូណាល់ ត្រាំ កំពុងជជែកជាមួយមនុស្ស៤ក្រុមផ្សេងគ្នាអំពីការលក់កម្មវិធីនេះ។ ជោគវាសនារបស់កម្មវិធីនេះបានស្ថិតក្នុងភាពមិនប្រាកដប្រជា ចាប់តាំងពីរដ្ឋាភិបាលអាម៉េរិក បានចេញច្បាប់ថ្មីមួយ ដោយតម្រូវឱ្យក្រុមហ៊ុនយក្សចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok លក់កម្មវីធីបណ្ដាញទំនាក់ទំនងសង្គមបែបវីដេអូខ្លីៗដ៏ពេញនិយមមួយនេះ ក្រោមហេតុផលការពារសន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក ប្រសិនបើមិនដូច្នោះទេនឹងត្រូវប្រឈមបម្រាមឱ្យបិទចោលតែម្ដងដែលបានចូលជាធរមានកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំនេះ។ ទោះជាយ៉ាងណា ក្រោយចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាឱ្យពន្យារពេលអនុវត្តច្បាប់នេះរយៈពេល៧៥ថ្ងៃ។
នៅពេលត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរថា តើនឹងមានកិច្ចព្រមព្រៀងទិញលក់ TikTok ក្នុងពេលឆាប់ៗខាងមុខនេះ ឬយ៉ាងណាលោក ដូណាល់ ត្រាំ បានឆ្លើយតបនៅលើយន្តហោះ Air Force One ថា វាអាចទៅរួច។ លោក ដូណាល់ ត្រាំ លើកឡើងបន្ថែមទៀតថា រដ្ឋបាលរបស់លោកកំពុងជជែកចរចាជាមួយមនុស្ស៤ក្រុមផ្សេងគ្នា ហើយជម្រើសដែលពួកគេផ្ដល់ឱ្យគឺសុទ្ធតែល្អទាំងអស់។ ទោះជាយ៉ាងណា ភ្លាមៗក្រុមហ៊ុនបុត្រសម្ព័ន្ធ TikTok និងក្រុមហ៊ុនមេ ByteDance មិនបានឆ្លើយតបជុំវិញបញ្ហានេះនោះទេ។
ភាពចលាចលនៅក្រុមហ៊ុន TikTok លើទឹកដីសហរដ្ឋអាម៉េរិក បានទាក់ទាញវិនិយោគិនជាច្រើនដែលចាប់អារម្មណ៍ចង់ទិញយកអាជីវកម្មទាំងមូលរបស់ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ដែលក្រុមអ្នកវិភាគប៉ាន់ប្រមាណថា វាអាចមានតម្លៃរហូតដល់ទៅ៥០ពាន់លានដុល្លារអាម៉េរិក ដោយសារអាជីវកម្មរបស់ TikTok កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕
ដោយ: តែម សុខុម