លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) នាយិកាគ្រប់គ្រងមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលនានាគួរតែបន្តប្រយុទ្ធប្រឆាំងនឹងអតិផរណាខ្ពស់ តាមរយៈការដំឡើងអត្រាការប្រាក់ បើទោះបីជាមានក្ដីព្រួយបារម្ភថា វាអាចធ្វើឱ្យប៉ះពាល់ដល់វិស័យធនាគារបន្ថែមទៀតក៏ដោយ។
នៅមុនកិច្ចប្រជុំនិទាឃរដូវ, អាយអេមអេហ្វនិងធនាគារពិភពលោក បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ជួយបំពេញចន្លោះប្រហោងថវិកា ១,៦ ពាន់លានដុល្លារ តាមរយៈការផ្តល់កម្ចីសម្បទានសម្រាប់ប្រទេសចំណូលទាបដែលកំពុងតែត្រូវការយ៉ាងខ្លាំង។ ទំហំថវិកាប៉ុណ្ណោះត្រូវបានប្រទេសចំណូលទាបចំណាយជាចាំបាច់អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលប្រទេសទាំងនោះជាច្រើនកំពុងប្រឈមមុខនឹងបន្ទុកបំណុលកាន់តែច្រើន។ កំណើនបន្ទុកបំណុលនេះគឺមួយផ្នែកបណ្ដាលមកពីអត្រាការប្រាក់ខ្ពស់ដែលនាំឱ្យមានរំហូរមូលធនចេញពីភាគច្រើននៃប្រទេសដែលត្រូវការការវិនិយោគទុនជាខ្លាំង។
ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉លផាស (David Malpass) បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ធនាគារពិភពលោក ដែលបានព្រមានឱ្យដឹងអំពីសេដ្ឋកិច្ចអាប់អួរខ្លាំងជាង អាយអេមអេហ្វ កាលដើមឆ្នាំ ឥឡូវនេះកំពុងកែតម្រូវការព្យាកររបស់ខ្លួនបន្តិច ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងឆ្នាំ ២០២៣ ដោយប្ដូរពីកំណើនក្នុងអត្រា ១,៧ ភាគរយ ទៅ ២ ភាគរយវិញ ដោយសារការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។
ចំពោះប្រធានធនាគារពិភពលោករូបនេះ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនហាក់ដូចជាស្ថិតក្នុងដំណាក់កាលទុនដាំក្បាលចុះ ជាជាងដំណាក់កាលបោះទុនបន្ថែមដើម្បីសង្រ្គោះសេដ្ឋកិច្ច។
ទាក់ទងនឹងស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោក នាយិកាគ្រប់គ្រង អាយអេមអែហ្វ បានថ្លែងថា ទោះបីជាពលរដ្ឋអាមេរិកនិងពលរដ្ឋអឺរ៉ុបនៅតែបន្តចំណាយច្រើនលើទំនិញប្រើប្រាស់ចាំបាច់ ហើយទោះបីជាមានកំណើនដែលជំរុញដោយការបើកប្រទេសចិនឡើងវិញក៏ដោយ ក៏កំណើនសេដ្ឋកិច្ចសាកលលោកនៅឆ្នាំ២០២៣ នៅតែទាបជាង ៣ ភាគរយដែរ។
លោក ម៉លផាស និងលោកស្រី ចចជីវ៉ា នឹងប្រើប្រាស់កិច្ចប្រជុំនិទាឃរដូវឆ្នាំនេះ ដើម្បីសាកល្បង និងធ្វើឱ្យមានវឌ្ឍនភាពលើកំណែទម្រង់រចនាសម្ព័ន្ធបំណុលដែលជាប់គាំង។
ក៏នឹងមានផងដែរ កិច្ចប្រជុំមួយនៅថ្ងៃពុធ ដើម្បីដោះស្រាយតម្រូវការស្តារនិងកសាងប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាមឡើងវិញ។ ធនាគារពិភពលោកប៉ាន់ប្រមាណថាប្រទេសនេះត្រូវការថវិកាបន្ថែមចំនួន ១១ ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ។
កិច្ចប្រជុំនារដូវផ្ការីកឆ្នាំនេះក៏ជាឱកាសមួយ ដើម្បីធ្វើវឌ្ឍនភាពលើរបៀបវារៈប្រកបដោយមហិច្ឆតាគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការធ្វើកំណែទម្រង់ធនាគារពិភពលោក ដើម្បីឱ្យស្ថាប័ននេះអាចត្រៀមខ្លួនកាន់តែប្រសើរឡើង ចំពោះមុខបញ្ហារយៈពេលវែង ដូចជាការប្រែប្រួលអាកាសធាតុជាដើម៕