នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស្ស៊ី ស៊ូណាក់ បានជួបប្រជុំជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅវ៉ាស៊ីនតោន អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ មេដឹកនាំទាំងពីររូបបានប្រកាសគាំទ្រ«សេចក្ដីប្រកាសអាត្លង់ទិក»ថ្មីកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍រួមនេះបានពិពណ៌នាកិច្ចព្រមព្រៀងរវាងរដ្ឋបុរសទាំងពីរនេះថាជាឯកសារដំបូងដែលគ្របដណ្តប់ទូលំទូលាយលើទំនាក់ទំនងសេដ្ឋកិច្ច បច្ចេកវិទ្យា ពាណិជ្ជកម្ម និងធុរកិច្ច រវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បាននិយាយថា នៅក្រោមផែនការនេះ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ព្រមទាំងអភិវឌ្ឍបច្ចេកវិទ្យានាពេលអនាគត និងវិនិយោគលើវិស័យឧស្សាហកម្មទៅវិញទៅមក។
លោកស៊ូណាក់ និងប្រធានាធិបតីអាមេរិកលោក បៃដិន ក៏បានយល់ព្រមចាប់ផ្តើមភាពជាដៃគូនុយក្លេអ៊ែរស៊ីវិលថ្មីមួយ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការថាមពលស្អាតរបស់ប្រទេសទាំងពីរ។ ពួកគេនឹងរួមគ្នាបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងរយៈពេលវែង រួមទាំងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈរបស់រុស្ស៊ី។
សហរដ្ឋអាមេរិក និងអង់គ្លេស ក៏បានយល់ព្រមធ្វើការជាមួយគ្នាលើការធានាឱ្យការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) មានសុវត្ថិភាព ដោយចាប់ផ្តើមជាមួយនឹងចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាសាកលនៅចុងឆ្នាំនេះ។
លោក ចូ បៃដិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសក្នុងទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិកកំពុងស្វែងរកជំនួយពីចក្រភពអង់គ្លេស ដើម្បីដឹកនាំវិធីសាស្រ្តរួមមួយស្តីពីសុវត្ថិភាពនិងបទប្បញ្ញត្តិសម្រាប់បញ្ញាសិប្បនិម្មិត (AI)។
បន្ថែមពីនេះ ប្រទេសទាំងពីរក៏នឹងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់មួយចំនួន ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុននានារបស់ចក្រភពអង់គ្លេសទទួលបានឥណទានពន្ធ ដែលមាននៅក្រោមច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិកដែរ។ សារធាតុរ៉ែដែលនៅក្នុងកិច្ចព្រមព្រៀងនោះ មានដូចជាលីចូម នីកែល ខូប័ល ក្រាហ្វីត និងម៉ង់ហ្គាណែស ដែលសុទ្ធតែមានសារៈសំខាន់ក្នុងការផលិតប្រភពថាមពលសម្រាប់រថយន្តអគ្គិសនី ទូរស័ព្ទ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ។
សេចក្តីប្រកាសអាត្លង់ទិកថ្មីបង្ហាញថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ក៏នឹងសហការគ្នាលើបច្ចេកវិទ្យាទូរគមនាគមន៍ រួមទាំងបច្ចេកវិទ្យា 5G និង 6G ព្រមទាំងបច្ចេកវិទ្យាបរមាណូ (quantum) ផងដែរ។ សេចក្តីប្រកាសក៏បានរួមបញ្ចូលការប្តេជ្ញាចិត្តជាគោលការណ៍ចំពោះអ្វីដែលគេហៅថា«ស្ពានទិន្នន័យ»រវាងចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិក។ ស្ពាននេះនឹងសម្រួលឱ្យអាជីវកម្មអង់គ្លេសផ្ទេរទិន្នន័យទៅឱ្យអង្គការនានារបសសហរដ្ឋអាមេរិកដោយសេរីនិងដោយពុំមានឧបសគ្គ៕