Covid-19 ប៉ះពាល់ដល់វិស័យទេសចរណ៍

Covid-19 ធ្វើឲ្យ​ចំណូល​វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ធ្លាក់ចុះ ៨០% និងកំពុងស្វែងរកអន្តរាគមន៍បន្ថែមពីរដ្ឋ


សេដ្ឋកិច្ចកម្ពុជា មិនខុសពីប្រទេសជាច្រើនផ្សេងទៀត នៅក្នុងពិភពលោកនោះទេ គឺ បាននិងកំពុងត្រូវបានញ៉ាំញីដោយបញ្ហាមេរោគឆ្លង Covid-19។ ក្នុងនោះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់គាំទ្រដល់វិស័យទេសចរណ៍នោះ បាននិងកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលរហូតដល់ទៅ ៧០% ទៅ៨០% ខណៈដែលមានសណ្ឋាគារ និងភោជនីយដ្ឋានខ្លះ ក៏ត្រូវបានបិទទ្វារជាបណ្ដើរៗហើយ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ វាទាមទារឲ្យមានការជួយអន្តរាគមន៍បន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាល។
មុខម្ហូប​នៅភោជនីយដ្ឋាន Collin's នៅជាន់ទី ១៣ អគារ The Bridge

លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បានអះអាងថា នៅរយៈពេល​១សប្ដាហ៍ចុងក្រោយនេះ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន​គឺមាន​ការធ្លាក់ចុះខ្លាំង​ជាង​​កាលពីប៉ុន្មាន​ ២ ទៅ៣សប្ដាហ៍ ដោយកាលពីមុន មានការ​ធ្លាក់ខ្លាំងតែ​នៅខេត្តសៀមរាបទេ ប៉ុន្ដែ ចុងក្រោយនេះ គឺបានធ្លាក់ចុះ​នៅទូទាំង​ប្រទេស​ទៅហើយ។

បើតាម​ការប៉ាន់ស្មាន​របស់​លោក លូ ម៉េង វិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន គឺមានការធ្លាក់ចុះ​ចំណូល​ប្រមាណ​៧០%​ ទៅ៨០% ដែលវា​បាននិងកំពុង​ធ្វើឲ្យ​ម្ចាស់​អាជីវកម្ម កំពុង​មានការលំបាកកាន់តែខ្លាំង ដោយសារតែ​ការចំណាយ​មានច្រើន។ ហើយបច្ចុប្បន្ន ក៏មាន​អាជីកម្ម​​សណ្ឋាគារ និងភោជនីយដ្ឋាន​ច្រើនគួរសមដែរ បានបិទទ្វារ និងខ្លះទៀតកំពុងគិតគូរ​ថានឹងបិទ ដែល​ភាគច្រើននៅសៀមរាប ភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើតាម​ការគូសបញ្ជាក់​របស់​លោក លូ ម៉េង។  

គេនៅចាំថា កាលពីចុងខែ​កុម្ភៈ កន្លងទៅ រាជរដ្ឋាភិបាល បានចេញ​នូវសេចក្ដី​សម្រេច លើកលែង​ពន្ធ​លើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់រយៈពេល ៤ខែ ប៉ុន្ដែ​សម្រាប់​តែខេត្ត​ សៀមរាបប៉ុណ្ណោះ។ ជុំវិញ នឹង​ការលើកលែងពន្ធនេះដែរ ប្រធានសហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក លូ ម៉េង បាន​បញ្ជាក់ថា ខាងសហព័ន្ធ ក៏ស្នើឲ្យ​រាជរដ្ឋាភិបាល គួរតែ​ពិចារណា​​លើកលែងពន្ធសម្រាប់អាជីវកម្ម​សណ្ឋាគារ និងផ្ទះសំណាក់​នេះ​នៅទូទាំង​ប្រទេសតែម្ដង ព្រោះថាឥឡូវ​វាមិនមែន​ប៉ះពាល់​តែនៅសៀមរាបនោះទេ។ មួយវិញទៀត សម្រាប់អាជីវកម្ម​ភោជនីយដ្ឋាន ក៏ដូចជា អាជីវកម្ម​ទាក់ទងនឹង​សេវាទេសចរណ៍​ផ្សេងទៀត ក៏គួរតែ​ត្រូវបាន​លើកលែងពន្ធផងដែរ។ 

លោក លូ ម៉េង បាន​បន្ថែមទៀតថា ក្នុងកាលៈទេសៈនេះ លោកក៏ស្នើ​ឲ្យ​ម្ចាស់​អចលនវត្ថុដូចជា ដីជួល ឬផ្ទះជួល សម្រាប់បើកហាង ភោជនីយដ្ឋាន ឬសណ្ឋាគារជាដើម សូម​យោគយល់ និងបញ្ចុះថ្លៃជួលខ្លះ ដើម្បីរួមចំណែក​ជួយដល់​វិស័យទេសចរណ៍​របស់កម្ពុជា​ទាំងអស់គ្នា។ លើសពីនេះ លោកក៏ស្នើដល់​ខាងធនាគារ ឲ្យគិតគូ​រ​ក្នុងការ​សម្រួល​ដល់​ការសង​ការប្រាក់​ពីសំណាក់​ម្ចាស់អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ផងដែរ ព្រោះថា បើមិនមាន​ការចូលរួម​ជួយអន្តរាគមន៍​ទេនោះ ចង់ ឬមិនចង់ បើបញ្ហាអាក្រក់នេះ​នៅតែបន្ដ ចំនួន​ហាង ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ដែលបិទទ្វារ​នឹងបន្ដកើត​ឡើងកាន់តែច្រើន។  

ទាក់ទង​នឹង​ឥណទាន​ពីធនាគារ សម្រាប់​អាជីវកម្មក្នុងវិស័យ​ទេសចរណ៍នេះដែរ ខាងធនាគារជាតិ​នៃកម្ពុជា នាពេលថ្មីៗនេះ បាន​ធ្វើការ​អំពាវនាវ​ឲ្យ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៅកម្ពុជា បន្ត​ផ្ដល់​ឥណទាន​ដល់វិស័យអាទិភាព ដូចជា​​អាជីវកម្ម​ក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងផ្ទសំណាក់ និង​ភោជនីយដ្ឋានជាដើម។

ជុំវិញនឹងបញ្ហានេះ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​​ធនាគារអេស៊ីលីដា និងជាប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា បាន​អះអះអាងថា ខាង​សមាគមធនាគារ គឺមានការគាំទ្រ​ចំពោះ​​វិធានការ​របស់​ធនាគារជាតិ ហើយចំពោះ ធនាគារអេស៊ីលីដាផ្ទាល់ គឺនៅតែបន្ដ​ផ្ដល់កម្ចី​សម្រាប់វិស័យអាទិភាព​ជាពិសេស​ក្នុងវិស័យ​ទេសចរណ៍ ក៏ដូចជា​វិស័យ​ផ្សេងទៀតផងដែរ។

សូមបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យ​ឆ្អឹងខ្នងសេដ្ឋកិច្ច​ដ៏​សំខាន់មួយ ដែលបាន​ចូលរួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​របស់កម្ពុជា ប្រមាណ ១៣%។ ក្នុងនោះដែរ បើតាម​របាយការណ៍ពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ដែលបាន​ចេញផ្សាយកាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២០ បាន​ឲ្យដឹងថា កំណើន​នៃវិស័យ​សណ្ឋាគារ និងភោជនីយដ្ឋាន​ សម្រាប់​ឆ្នាំ២០២០នេះ រំពឹងថា​ នឹង​រក្សាបាន​ត្រឹមតែ ២,៧% ប៉ុណ្ណោះ ខណៈដែល​កាលពីឆ្នាំ២០១៩ មានកំណើន ៥,៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកបច្ចេកវិទ្យាកូនខ្មែរ មានគំនិតបង្កើតប្រព័ន្ធគ្រប់គ្រង និងតាមដាន Covid-19 កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាល

ព័ត៌មាន
អ្នកជំនាញផ្នែកបច្ចេកវិទ្យា កូនខ្មែរមួយក្រុម ដែលមានមនសិការ ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនៃ មេរោគ កូវីដ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា ក…

ម្តង​នេះ​លេង​ឈុត​ធំ​ហើយ !!! ផ្តល់​ជូន​បន្តោង​ខ្សែ​ក​ពេជ្រ ដោយ បុរី ប៊ុន លី ក្នុង​ឱកាស​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ….

ព័ត៌មាន
ក្រោយ​ទទួលបានការគាំទ្រពីសំណាក់អតិថិជនលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេលជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែងអំណរគុណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ