វិស័យអចលនទ្រព្យ

តើទីផ្សារអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពបែបណានៅប៉ុន្មានខែកន្លងមកនេះ?


វិស័យអចលនទ្រព្យកម្ពុជា បានជួបបញ្ហាប្រឈម និងភាពរង្គោះរង្គើជាច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីឥទ្ធិពលនៃវិបត្តិកូវីដ-១៩ ភាពតានតឹងភូមិសាស្រ្តនយោបាយ រហូតដល់វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់មជ្ឈិមបូព៌ា។ ហើយបញ្ហាទាំងនេះ នៅតែជាស្រមោលអន្ទោលតាមប្រាណតាមលងបន្លាចវិស័យអចលនទ្រព្យរបស់កម្ពុជា ដែលមកទល់ពេលនេះមិនទាន់បង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ តើទីផ្សារអចលនទ្រព្យនៅកម្ពុជា មានស្ថានភាពបែបណានៅប៉ុន្មានខែកន្លងមកនេះ?
វិស័យអចលនទ្រព្យ
ដោយ

លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត សង្កេតឃើញថា ចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យមានការប្រែប្រួលតិចតួចនៅប៉ុន្មានខែកន្លងមកនេះ ដោយក្នុងនោះការទិញលំនៅឋានដែលមានតម្លៃចន្លោះចាប់ពី៥ម៉ឺនដុល្លារ ដល់២០ម៉ឺនដុល្លារចាប់ផ្ដើមមានសកម្មភាពឡើងវិញ ខណៈការទិញដីសាងសង់រោងចក្រក៏ចាប់ផ្ដើមមានសកម្មភាពខ្លះផងដែរ។ ទោះការទិញលក់អចលនទ្រព្យមានការកម្រើកឡើងវិញបន្តិចក្តី តែតម្លៃអចលនទ្រព្យហាក់មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ដែលបានបន្ថែមថា មកទល់ពេលនេះ វិស័យនេះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលដោយសាររងសម្ពាធពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។

​ជាមួយគ្នានេះ លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា ការទិញលក់អចលនទ្រព្យនៅ៤ខែកន្លងមកនេះ មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ដោយការទិញអចលនទ្រព្យភាគច្រើនទាល់តែមានតម្រូវការជាក់លាក់ ខណៈការទិញអចលនទ្រព្យទូទៅសម្រាប់វិនិយោគហាក់ពុំសូវមានសកម្មនោះទេ។ បញ្ហានេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចដោយសារប្រជាពលរដ្ឋធ្លាក់ចុះប្រាក់ចំណូល គួបផ្សំធនាគារមានការរឹតបន្តឹងលើការផ្តល់កម្ចីទិញអចលទ្រព្យ ក៏ដូចជាពលរដ្ឋមានការប្រយ័ត្នប្រយែងខ្ពស់លើការចំណាយថវិកា។ ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ ការអភិវឌ្ឍន៍បុរីនៅតែបន្តកើតមាន តែធ្វើឡើងជាដំណាក់កាលដោយផ្អែកប្រភពទុន។ យ៉ាងណាមិញអ្នកជំនាញរូបនេះ មើលមិនទាន់ឃើញពីសញ្ហានៃការងើបឡើងវិញរបស់វិស័យអចលនទ្រព្យរបស់កម្ពុជា ឱ្យដូចឆ្នាំ២០១៩ នៅពេលណានោះទេ។

​ដោយឡែក លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ការទិញលក់អចលនទ្រព្យមានដំណើរការដោយកន្លែង និងតាមតម្រូវការនៃអាជីវកម្មប៉ុណ្ណោះ ខណៈការទិញដើម្បីរស់នៅ និងទុកចំណេញមិនសូវកើតមានច្រើនដូចមុននោះទេ។ កត្តានេះអាចដោយសារប្រាក់ចំណូលរបស់ពលរដ្ឋមួយចំនួនមានកម្រិតជាហេតុធ្វើឱ្យវិស័យអចលនទ្រព្យនៅរយៈពេលចុងក្រោយនេះពុំសូវមានដំណើរការល្អ ខណៈវិស័យនេះក៏អាស្រ័យលើការវិនិយោគពីបរទេសផងដែរ។ ទន្ទឹមនេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ សង្កេតឃើញថា គម្រោងវិនិយោគធំៗមួយចំនួនដែលគ្រោងនឹងអភិវឌ្ឍន៍នៅតំបន់មួយចំនួន ក៏ពុំទាន់មានសកម្មភាពគួរឱ្យកត់សម្គាល់នោះដែរ ។

​អ្នកជំនាញវាយតម្លៃថា ស្ថានភាពវិស័យអចលនទ្រព្យនៅឆ្នាំនេះ និងឆ្នាំ២០២៦ ទំនងជាមិនអាចមានសម្ទុះខ្លាំងនោះទេ ដោយសារតែវិបត្តិជាសកលនៅពុំទាន់បានបញ្ចប់ និងបន្តកើតមានវិបត្តិពាណិជ្ជកម្មបន្ថែមទៀត ស្របពេលការសាងសង់បុរី និងសកម្មភាពពុះដីឡូត៍ ព្រមទាំងការការសាងសង់ខុនដូនាពេលកន្លងមកមានចំនួនច្រើនលើសតម្រូវការបច្ចុប្បន្ន៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើការនាំចេញផលិតផលក្នុងវិស័យកាត់ដេររបស់កម្ពុជា មានការប្រែប្រួលយ៉ាងណានៅ៤ខែឆ្នាំនេះ?

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជាយ៉ាងណាក្តី ប៉ុន្តែការនាំចេញផលិតផលនៅក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្…

តើវិស័យសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងទំនិញរហ័សនៅកម្ពុជា មានស្ថានភាពយ៉ាងណាដែរ?

វិស័យសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងទំនិញរហ័សនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុមហ៊ុនរកស៊ីក្នុងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ