ក្រុមហ៊ុន Jones Lang LaSalle បានព្រមានថា ស្ថានភាពនៃវិស័យអចលនទ្រព្យរបស់អាម៉េរិក គឺស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ដោយសារតែម្ចាស់ការិយាល័យ អគារអាផាតមិន និងគម្រោងអចលនទ្រព្យពាណិជ្ជកម្មផ្សេងទៀត កំពុងរងនូវសម្ពាធបំណុលមានទំហំរហូតដល់ទៅ១,៥ទ្រីលានដុល្លារដែលនឹងត្រូវសងនៅត្រឹមដំណាច់ឆ្នាំនេះ ហើយប្រហែលមួយភាគបួននៃបំណុលទាំងនេះ គឺស្ថិតក្នុងស្ថានភាពកាន់តែអាក្រក់បំផុត។
មកដល់ពេលនេះតម្លៃអគារនានា បានធ្លាក់ចុះយ៉ាងទូលំទូលាយ ដែលបានធ្វើឱ្យម្ចាស់គម្រោងអគារនានា កាន់តែពិបាកក្នុងការដោះស្រាយបំណុល ដែលនាំឲ្យពួកគេរាំងស្ទះនៅក្នុងដំណើរការស្វែងរកកម្ចីបន្ថែមដើម្បីដោះស្រាយបញ្ហា ដោយបង្ខំឱ្យម្ចាស់អចលនទ្រព្យជាច្រើនបង្កើនដើមទុន ដើម្បីធានាបំណុលថ្មី ឬការស្វះស្វែងរកទុនបន្ថែមពង្រឹងការទប់ទល់នឹងបញ្ហាដែលមានស្រាប់។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា នៅក្នុងស្ថានភាពបែបនេះម្ចាស់អគារនានា នៅសហរដ្ឋអាម៉េរិក ប្រមាណជា៤០ % កំពុងស្ថិតនៅចំកណ្តាលនៃរលកវិបត្តិហិរញ្ញវត្ថុ។ ម្ចាស់ទ្រព្យសកម្មជាច្រើននៅសហរដ្ឋអាម៉េរិក ដែលគេស្គាល់ថា ជាគ្រួសារ ដែលបានទិញអចលនទ្រព្យដោយប្រើប្រាក់កម្ចីនៅពេលមានអត្រាការប្រាក់ទាប ត្រូវប្រឈមមុខនឹងបញ្ហានៅពេលដែលអត្រាការប្រាក់ត្រូវបានតម្លើងហើយចំណូលពីការជួលអគាររបស់ពួកគេធ្លាក់ចុះ ដែលធ្វើឱ្យវាក្លាយជាបញ្ហាប្រឈមមួយក្នុងផែនការគ្រប់គ្រងហិរញ្ញវត្ថុនិងការទូទាត់។
ក្រុមហ៊ុន MSCI Real Assets បានអះអាងថា ក្រៅពីម្ចាស់អគារដែលមានបញ្ហា បណ្តាក្រុមហ៊ុនសេវាកម្មធានារ៉ាប់រងក៏កំពុងតែរងសម្ពាធផងដែរ។ ក្រុមហ៊ុននេះបានអះអាងថា បណ្តាក្រុមហ៊ុនសេវាកម្មធានារ៉ាប់រងនៅពេលនេះកំពុងតែស្ថិតនៅក្នុងសម្ពាធ នៃហិរញ្ញវត្ថុដែលមានតម្លៃដល់ទៅ៩៥ពាន់លានដុល្លារ។
លោកស្រី ខេធី ម៉ាឃី (Catie McKee) នាយក និងជាប្រធានផ្នែកលក់មូលបត្រដែលគាំទ្រដោយកម្ចីទិញផ្ទះនៅក្រុមហ៊ុន Taconic Capital Advisors បាននិយាយថា មួយផ្នែកធំនៃពលរដ្ឋអាម៉េរិក គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពទឹកដល់ច្រមុះ។ លោកស្រីបាននិយាយថា ខាងសេវាកម្មហិរញ្ញវត្ថុ និងធនាគារក៏ស្ថិតក្នុងស្ថានភាពដូចគ្នា ដោយសារតែពួកគេក៏កំពុងតែមានបញ្ហានៅក្នុងការដោះស្រាយនូវសំណងអគារដែលជាទ្រព្យបញ្ចាំមានតម្លៃដល់ទៅ៨០ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ