
តាមការស្រាវជ្រាវបានបង្ហាញថា គំរូសេដ្ឋកិច្ចពណ៌ប្រាក់ ជាប្រព័ន្ធនៃផលិតកម្ម ការចែកចាយ ការប្រើប្រាស់ទំនិញ និងសេវាកម្មនានា ដែលផលិតដោយមនុស្សវ័យចំណាស់ដើម្បីបំពេញតម្រូវការប្រើប្រាស់ ការរស់នៅ និងសុខភាពរបស់ពួកគេ។ លើសពីនេះ វាជាបែបផែនគំរូ នៃប្រព័ន្ធសេដ្ឋកិច្ច ដែលដំបូងឡើយត្រូវបានផ្តួចផ្តើមឡើងនៅក្នុងប្រទេសជប៉ុន នៅក្នុងអំឡុងទស្សវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែបច្ចុប្បន្នវាបានក្លាយជាបញ្ហាដែលត្រូវបានគេនិយាយជាទូទៅនៅក្នុងប្រទេសឥណ្ឌា ចិន សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត។
សារព័ត៌មាន the Times of India បានរាយការណ៍ថា នៅត្រឹមឆ្នាំ២០៥០ នៅលើពិភពលោកនឹងមានប្រជាជនប្រមាណ២២% មានអាយុ៦០ឆ្នាំឡើង ដូច្នេះវាជាបន្ទុកសង្គមមួយដ៏ធំរបស់ពិភពលោក ដែលកត្តានេះហើយទើបជំរុញឱ្យពិភពលោកដាក់ចេញគំរូសេដ្ឋកិច្ចនេះ ដើម្បីកុំឱ្យបញ្ហានេះក្លាយជាវិបត្តិប្រជាសាស្រ្ត។ នៅពេលនេះជប៉ុន មានប្រជាជនវ័យចំណាស់រហូតដល់ជិត៣០ % ហើយក្រៅពីជប៉ុន អ៊ីតាលី អាល្លឺម៉ង់ ក៏កំពុងមានបញ្ហានេះដែរ ខណៈដែលប្រជាជនវ័យក្មេងមិនត្រឹមតែមិនកើនទេ បែជាថយចុះទៅវិញ ដូច្នេះហើយបានជាផែនការនេះត្រូវបានដាក់ចេញមក ដើម្បីរក្សាសក្តានុពលរបស់មនុស្សចាស់។
បច្ចុប្បន្នចិន និងឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលើពិភពលោកទាំងពីរ ក៏កំពុងប្រឈមមុខដូចគ្នានឹងស្ថានភាពនេះដែរ ដោយតាមការវាយតម្លៃបែបវិទ្យាសាស្ត្រ ចិនអាចនឹងមានមនុស្សចាស់រហូតដល់ជាង៣០០លាននាក់ ខណៈឥណ្ឌា អាចមានរហូតដល់៣៤០លាននាក់ នៅត្រឹមឆ្នាំ២០៥០។
ការផ្លាស់ប្តូរដ៏សំខាន់នេះ បានបង្ហាញពីបញ្ហាប្រឈមចំពោះគំរូសេដ្ឋកិច្ចបែបប្រពៃណី និងជាឱកាសដ៏ធំសម្រាប់ការច្នៃប្រឌិត ជាពិសេសនៅក្នុងអាជីវកម្មការថែទាំសុខភាព បច្ចេកវិទ្យា និងសេវាកម្មសង្គម។ ផលិតផលដែលត្រូវបានចាត់ថ្នាក់ថាពាក់ព័ន្ធ ឬជាផ្នែកមួយនៃប្រព័ន្ធសេដ្ឋកិច្ចពណ៌ប្រាក់រួមបញ្ចូលនូវមុខទំនិញ ឬផលិតផល ឬសេវាកម្មនានា ដែលមនុស្សវ័យចំណាស់ត្រូវការ។
តាមសេចក្តីរាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវ Oxford Economics បានប្រាប់ពិភពលោកឱ្យកុំមើលស្រាលឧស្សាហកម្ម និងសេវាកម្ម ដែលបំពេញដោយមនុស្សចាស់ និងទីផ្សារផលិតផល ក៏ដូចជាសេវាកម្មរបស់មនុស្សចាស់ឲ្យសោះ។ ក្រុមអ្នកសេដ្ឋកិច្ចបានប៉ាន់ប្រមាណថា រហូតដល់ឆ្នាំ២០៣០ ទំហំនៃគំរូសេដ្ឋកិច្ចពណ៌ប្រាក់នេះអាចនឹងមានទំហំរហូតដល់១៥ទ្រីលានដុល្លារ ហើយរហូតដល់ឆ្នាំ២០៥០ ទំហំរបស់វានឹងរីកកាន់តែធំ ដោយក្នុងមួយឆ្នាំមានការកើនឡើងរហូតដល់១ទ្រីលានដុល្លារ៕
ដោយៈ ស សុជាតិ