នៅក្នុងកិច្ចសម្ភាសពិសេសជាមួយខេមបូណូមីស លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅក្នុងឆ្នាំ២០២៤ កន្លងទៅ ពុំមានកំណើនអ្វីគួរកត់សម្គាល់ឡើយ ដោយសារតែវិស័យនេះ មានជួបបញ្ហាប្រឈមជាច្រើន ក្នុងនោះមានទាំងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យធានារ៉ាប់រងទូទៅ ខណៈវិស័យធានារ៉ាប់រងខ្នាតតូចមានកំណើនតិចតួចប៉ុណ្ណោះ។ បើតាមអ្នកជំនាញរូបនេះ ការផ្ដល់សំណងនៅក្នុងឆ្នាំ២០២៤ មានចំនួនច្រើនជាងឆ្នាំ២០២៣ ដោយសារតែមានករណីឆេះអគាររោងចក្រ និងការធានារ៉ាប់រងលើបញ្ហាសុខភាពមានចំនួនច្រើន ជាហេតុធ្វើឱ្យក្រុមហ៊ុនត្រូវផ្ដល់ការធានាជាថវិកាអស់ជាច្រើនលានដុល្លារ។ បញ្ហានេះបានធ្វើឱ្យប្រាក់ចំណូលក្នុងវិស័យនេះមានការធ្លាក់ចុះ។ ទោះមានការធ្លាក់ចុះប្រាក់ចំណូលក៏ពិតមែន ប៉ុន្តែអ្នកជំនាញរូបនេះអះអាងថា វិស័យធានារ៉ាប់រងនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ព្រោះវិស័យនេះត្រូវបានគ្រប់គ្រងដោយប្រព័ន្ធហិរញ្ញវត្ថុពិសេស។
ពាក់ព័ន្ធនឹងទស្សនវិស័យធានារ៉ាប់រងនៅក្នុងឆ្នាំ២០២៥ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានលើកឡើងថា វិបត្តិសកល និងភាពមិនទៀងទាត់របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅតែជាផលលំបាកសម្រាប់វិស័យនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ទោះមានការប្រឈមបែបនេះក៏ដោយ ក៏វិស័យនេះនៅតែមានឱកាសច្រើន បើធៀបនឹងបណ្ដាប្រទេសអភិវឌ្ឍន៍នានា ព្រោះលោកយល់ថា ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា នឹងរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកលូតលាស់នាពេលខាងមុខ។ ទន្ទឹមនេះ លោក យក់ ចំរើនឬទ្ធិ ជឿជាក់ថា វិស័យកសិឧស្សាហកម្មនឹងក្លាយជាវិស័យស្នូលដែលធ្វើឱ្យវិស័យធានារ៉ាប់រងមានកំណើនឡើងវិញ។
បើតាមថ្នាក់ដឹកនាំក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ក្រៅពីវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យធានារ៉ាប់រងទូទៅ និងវិស័យធានារ៉ាប់រងខ្នាតតូច ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ក៏ផ្ដោតលើវិស័យកសិកម្មផងដែរ ក្នុងនោះមានដូចជា ការធានារ៉ាប់រងលើការប្រែប្រួលអាកាសធាតុ និងការប្រែប្រួលទិន្នផល ព្រមទាំងការធានារ៉ាប់រងលើវិស័យកសិឧស្សាហកម្ម ខណៈគិតត្រឹមឆ្នាំ២០២៤ មានកសិករ ប្រមាណ៥ម៉ឺនគ្រួសារ បានប្រើប្រាស់វិស័យធានារ៉ាប់រង៕
អត្ថបទ៖ បូ ដូឡា