ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃ

តើការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃមានស្ថានភាពបែបណាក្នុងរយៈពេល៦ខែមកនេះ?


ទំហំដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនៅក្នុងរយៈពេល៦ខែកន្លងមកនេះ មានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤ បើទោះបីនៅមួយខែចុងក្រោយការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីររងការរឹតត្បិត ដោយសារបញ្ហាជម្លោះព្រំដែនក៏ដោយ។ ពាក់ព័ន្ធបញ្ហានេះដែរ អ្នកជំនាញបានវាយតម្លៃថា ភាពល្អប្រសើរនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ អាចដោយសារការដោះដូរពាណិជ្ជកម្មកំណើនខ្ពស់មុនពេលមិនទាន់មានភាពតានតឹងកើតឡើង។
ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃ
ដោយ

តែយ៉ាងណាអ្នកជំនាញជឿជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចនឹងមានការធ្លាក់ចុះ ប្រសិនបើជម្លោះព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្តអូសបន្លាយពុំមានដំណោះស្រាយ។

បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃមានទំហំជិត២ពាន់២រយលានដុល្លារមានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៤៤៨លានដុល្លារ ខណៈថៃនាំចូលមកកម្ពុជាវិញមានទំហំជាង១ពាន់៧រយលានដុល្លារ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកត់សម្គាល់ឃើញថា ទោះបីការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនៅឆមាសទី១ឆ្នាំ២០២៥ នេះ មានការកើនឡើង៧% ក៏ពិតមែន ប៉ុន្តែការដោះដូរមួយខែចុងក្រោយហាក់មានការធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាមុនពេលប្រទេសថៃ ពុំទាន់មានវិធានការបិទច្រកទ្វារព្រំដែន។ ជាមួយគ្នានេះ អ្នកស្រាវជ្រាវរូបនេះ ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនាពេលខាងមុខ អាចនឹងបន្តធ្លាក់ចុះថែមទៀត ប្រសិនបើស្ថានការណ៍តាមព្រំដែននៅតែមិនមានដំណោះស្រាយ។

ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាកត់សម្គាល់ឃើញថា សកម្មភាពនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃនៅរយៈពេល៦ខែ ឆ្នាំ២០២៥ នេះ មានដំណើរល្អ ខណៈការបញ្ជាទិញត្រូវបានធ្វើឡើងនៅមុនពេលដែលប្រទេសទាំងពីរមានភាពតានតឹងជាមួយគ្នាក្នុងខែឧសភា។ តែយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ច រូបនេះលើកឡើងថា នៅប៉ុន្មានខែខាងមុខ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរអាចនឹងមានការប្រែប្រួល ប្រសិនបើប្រទេសទាំងពីរពុំមានដំណោះស្រាយឱ្យបានឆាប់រហ័សលើភាពតានតឹងដែលកំពុងកើតមាន។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរសម្រេចបានទំហំជាង៤ពាន់២៨៨លានដុល្លារ កើនឡើងជាង១៥% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទំហំ៨៤៤លានដុល្លារ ហើយថៃនាំចូលមកម្ពុជាវិញមានទំហំជាង៣ពាន់៤៤៣លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ឯកឧត្តម វង្សី វិស្សុត ជំរុញឱ្យក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បន្តបង្កើនសក្ដានុពលបន្ថែមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយទទួលបានជោគជ័យរយៈពេល៣០ឆ្នាំ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជំរុញឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន VINCI និងក្រុមហ៊ុន M…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ