ប្រធានាធិបតីវេណេស៊ុយអេឡា

តើប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ ជាមនុស្សបែបណា និងមានប្រវត្តិបែបណា?


គ្រាន់តែបើកទំព័រឆ្នាំថ្មី២០២៦ភ្លាម សណ្ដាប់ធ្លាប់ពិភពលោកកាន់តែក្រឡាប់ចាក់ ក្រោយប្រធានាធិបតីលោក ដូណាល់ ត្រាំ បញ្ជាឱ្យកងកម្លាំងពិសេសអាម៉េរិក បើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសលើរដ្ឋធានីការ៉ាកាសទាំងយប់ ដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro។ លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦ ថា ត្រឹមតែប៉ុន្មានម៉ោងនៃប្រតិបត្តិ្កការពិសេសនេះលោក Nicolas Maduro វ័យ៦៤ឆ្នាំ និងភរិយាត្រូវបានចាប់បញ្ជូនទៅទទួលការកាត់ទោសនៅលើទឹកដីសហរដ្ឋអាម៉េរិក។
ប្រធានាធិបតីវេណេស៊ុយអេឡា
ដោយ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ លោក នីកូឡាស ម៉ាឌូរ៉ូ កើតក្នុងគ្រួសារវណ្ណៈកម្មករនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៦២ ដែលបច្ចុប្បន្នមានវ័យ៦៤ឆ្នាំ ជាកូនប្រុសរបស់មេដឹកនាំសហជីពកម្មករ។ លោកធ្លាប់ធ្វើការជាអ្នកបើកឡានក្រុង ហើយអំឡុងពេលនោះលោកបានស្គាល់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ គឺលោក យូហ្គោ ឆាវិក (Hugo Chavez) ដែលបានដឹកនាំការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៩២ ប៉ុន្តែការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះត្រូវបានបរាជ័យ។

បន្ទាប់មកលោក Maduro បានធ្វើយុទ្ធនាការដើម្បីទាមទារឱ្យមានការដោះលែងលោក Hugo Chavez ពីពន្ធនាគារ ហើយចាប់តាំងពីពេលនោះមកលោក Maduro ក៏បានក្លាយជាអ្នកគាំទ្រយ៉ាងប្ដូរផ្ដាច់ចំពោះលោក Hugo Chavez។ លោក Maduro ទទួលបានមួយអាសនៈនៅក្នុងសភា បន្ទាប់ពីលោក Hugo បានជាប់ការបោះឆ្នោតក្នុងឆ្នាំ១៩៩៨។

ក្រោយមកលោក Maduro បានក្លាយជាប្រធានរដ្ឋសភា ហើយបន្ទាប់មកក្លាយជារដ្ឋមន្ត្រីការបរទេស ដោយលោកធ្វើដំណើរជុំវិញពិភពលោក ដើម្បីកសាងសម្ព័ន្ធភាពអន្តរជាតិតាមរយៈកម្មវិធីជំនួយដែលបានពីការលក់ប្រេង។ ក្រោយមកទៀត លោក Hugo បានតែងតាំងលោក Maduro ឱ្យស្នងតំណែង ហើយទីបំផុតលោក Maduro ក៏ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៅឆ្នាំ២០១៣ បន្ទាប់ពីលោក Hugo ទទួលមរណភាព។

រដ្ឋាភិបាលរបស់លោក Maduro បានដឹកនាំប្រទេសឈានទៅរកការដួលរលំសេដ្ឋកិច្ចជាតិដោយអតិផរណាខ្ពស់ និងការខ្វះខាតរ៉ាំរ៉ៃ។ លោក Maduro ត្រូវបានចោទប្រកាន់ថា អាចបន្តកាន់អំណាចបានយូរដោយសារក្លែងបន្លំការបោះឆ្នោត ហើយការដឹកនាំរបស់លោកបាននាំទៅរកកង្វះខាតស្បៀងអាហារ និងការរំលោភសិទ្ធិ រួមទាំងការបង្ក្រាបយ៉ាងសាហាវឃោរឃៅលើបាតុកម្មតវ៉ានៅឆ្នាំ២០១៤ និង២០១៧ផងដែរ។ ពលរដ្ឋវេណេស៊ុយអេឡា រាប់លាននាក់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស។

រដ្ឋាភិបាលរបស់លោក Maduro ត្រូវបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋអាម៉េរិក និងមហាអំណាចដទៃទៀត។ នៅឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់លោកពីបទពុករលួយ និងបទចោទប្រកាន់ផ្សេងៗទៀត។ ទោះជាយ៉ាងណា លោក Maduro តែងតែបានច្រានចោលការចោទប្រកាន់ទាំងនោះ។

លោក Maduro បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី៣នៅខែមករា ឆ្នាំ២០២៥ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៤ ដែលត្រូវបានថ្កោលទោសយ៉ាងកក្រើក ដោយក្រុមអ្នកសង្កេតការណ៍អន្តរជាតិ និងគណបក្សប្រឆាំងថា ជាការក្លែងបន្លំសន្លឹកឆ្នោត។ មនុស្សរាប់ម៉ឺននាក់ដែលបានបាតុកម្មតវ៉ាប្រឆាំងនឹងការប្រកាសជ័យជម្នះរបស់រដ្ឋាភិបាលលោក Maduro ត្រូវបានចាប់បញ្ជូនទៅពន្ធនាគារ។

បេសកកម្មស្វែងរកការពិតមួយរបស់អង្គការសហប្រជាជាតិ (UN) បានរកឃើញកាលពីខែមុនថា កងកម្លាំងការពារជាតិបូលីវ៉ារៀ (GNB) របស់ប្រទេសវេណេស៊ុយអេឡា បានប្រព្រឹត្តការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដោយកំណត់គោលដៅវាយប្រហារទៅលើគូប្រជែងនយោបាយ ដែលជារឿយៗជនល្មើសតែងតែរួចខ្លូនដោយគ្មានទោសពៃរ៍។

វិធានការដោយរដ្ឋាភិបាលរបស់លោក Maduro ក្នុងការគាបសង្កត់លើពលរដ្ឋ និងក្រុមដែលមាននិន្នាការប្រឆាំង ត្រូវបានឆ្លុះបញ្ចាំង ឬលាតត្រដាងកាន់តែច្បាស់ នៅពេលដែលលោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ (Maria Corina Machado) មេបក្សប្រឆាំងនៅវេណេស៊ុយអេឡា ទទួលបានពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥។

លោក Maduro ត្រូវបានរដ្ឋបាលលោក ដូណាល់ ត្រាំ ចោទប្រកាន់ថាជាមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មផ្សេងៗទៀត ហើយក្នុងរយៈពេលជាច្រើនខែមកនេះបានគំរាម និងដាក់សម្ពាធឱ្យលោក Maduro ចុះចេញពីតំណែងដោយសន្តិវិធី ប៉ុន្តែលោក Maduro បានបាត់បង់ឱកាសនេះហើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ត្រាំ ប្រកាសគ្រប់គ្រងវេណេស៊ុយអេឡា ក្រោយវាយឆ្មក់ចូលចាប់លោក ម៉ាឌូរ៉ូ និងភរិយា

សារព័ត៌មាន Channel News Asia បានរាយការណ៍នៅថ្ងៃទី៤ ខែមករា ថា ក្រោយពេលដែលកងកម្លាំងពិសេសរបស់សហរដ្ឋអាម៉េរិកបានបើកការវាយឆ្មក់លើប្រទេសវេ…

UN កោះប្រជុំបន្ទាន់ និងចាត់ទុកការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា ជាគំរូដ៏គ្រោះថ្នាក់បំផុត

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានវាយប្រហារទៅលើប្រទេសវេណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ