តើជំនួបរវាងមេដឹកនាំវៀតណាម និងកូរ៉េខាងត្បូង សម្រេចបានលទ្ធផលធំៗអ្វីខ្លះ?


ក្រុមមេដឹកនាំកូរ៉េខាងត្បូង និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យមួយចំនួនដូចជាថាមពលនុយក្លេអ៊ែរ ផ្លូវរថភ្លើងល្បឿនលឿន និងរ៉ែសំខាន់ៗជាដើម ខណៈប្រទេសទាំងពីរព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី។ ជាមួយគ្នានេះកូរ៉េខាងត្បូង និងវៀតណាមប្តេជ្ញានឹងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំពីជិត៨៧ពាន់លានដុល្លារនៅឆ្នាំ២០២៤ ឱ្យឈានដល់១៥០ពាន់លានដុល្លារនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ជំនួបរវាងមេដឹកនាំវៀតណាម និងកូរ៉េខាងត្បូង
ដោយ

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក តូ ឡឹម (To Lam) ដែលជាមេដឹកនាំកំពូលរបស់ប្រទេសនេះបានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង (Lee Jae Myung) នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនៅកូរ៉េខាងត្បូង ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ។ លោក តូ ឡឹម ជាមេដឹកនាំបរទេសដំបូងគេ ដែលត្រូវបានស្វាគមន៍ដោយលោក លី ចាប់តាំងពីលោកបានឡើងកាន់តំណែងកាលពីខែមិថុនា កន្លងទៅនេះ។

បើតាមការលើកឡើងរបស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កូរ៉េខាងត្បូង និងវៀតណាម ប្តេជ្ញានឹងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំពីជិត៨៧ពាន់លានដុល្លារនៅឆ្នាំ២០២៤ ឱ្យឈានដល់១៥០ពាន់លានដុល្លារនាពេលខាងមុខ ដោយផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជាថាមពលនុយក្លេអ៊ែ​ ផ្លូវរថភ្លើងល្បឿនលឿន និងរ៉ែសំខាន់ៗ។

កូរ៉េខាងត្បូង ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣ ហើយក្រុមហ៊ុន Samsung គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតរបស់វៀតណាមជាមួយការវិនិយោគជាង២៣ពាន់លានដុល្លារនៅក្នុងប្រទេសនេះ ខណៈទូរសព្ទ Samsung ប្រហែលពាក់កណ្ដាលត្រូវបានផលិតនៅវៀតណាម។

វៀតណាមមានបំណងក្លាយជាប្រទេសអភិវឌ្ឍន៍មួយនៅត្រឹមឆ្នាំ២០៤៥ ដោយរដ្ឋាភិបាលបានកំណត់ទិសដៅកំណើនសម្រាប់ឆ្នាំ២០២៥ ពី៨,៣%ទៅ៨,៥% និងមានមហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចឱ្យឈានដល់ពីរខ្ទង់ចាប់ពីឆ្នាំ២០២៦ តទៅ។

មេដឹកនាំកំពូលរបស់វៀតណាមចង់ឱ្យប្រទេសនេះឈានមុខក្នុងការប្រណាំងប្រជែងលើឧស្សាហកម្មបន្ទះឈីប និង AI នៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវរថភ្លើងល្បឿនលឿន អាកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវហាយវេ និងខ្សែរថភ្លើងក្រោមដីនៅក្នុងទីក្រុងធំៗផងដែរ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ខេមបូណូមីស ចាប់ដៃគ្នាជាមួយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប រៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»

អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាស្ថាប័នព័ត៌មានសេដ្ឋកិច្ចឈានមុខគេនៅកម្ពុជា បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ