ការទប់ទល់នឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី

មហាសេដ្ឋីអាមេរិក និងជប៉ុន២រូប ចេញមុខជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី


ថ្មីៗនេះ មហាសេដ្ឋីពីរូប នៅអាមេរិក និងជប៉ុន បានចេញមុខជួយប្រទេសអ៊ុយក្រែនពីការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ មហាសេដ្ឋីទាំងពីររូបនោះ គឺទី១ មហាសេដ្ឋីអាមេរិកលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX និងទី២ គឺមហាសេដ្ឋីជប៉ុន លោក Hiroshi Mikitani ដែលជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកយក្សរបស់ជប៉ុន។ តើមហាសេដ្ឋីទាំងពីររូបនេះ បានជួយអ្វីខ្លះដល់អ៊ុយក្រែន?
មហាសេដ្ឋីអាមេរិក និងជប៉ុន២រូប ចេញមុខជួយប្រទេសអ៊ុយក្រែនទប់ទល់នឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី

ស្របពេលដែលសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនកំពុងតែបង្ហូរឈាមគ្នាកាន់តែខ្លាំងក្លានៅកណ្ដាលរដ្ឋធានីគៀវ ប្រទេសជាសម្ព័ន្ធមិត្តអ៊ុយក្រែនទាំងអស់ដូចជា សហភាពអឺរ៉ុប អាមេរិក និងប្រទេសធំៗជាច្រើនទៀត សុទ្ធតែបានបង្ហាញពីការគាំទ្រ និងការផ្ដល់ជំនួយយោធា និងមនុស្សធម៌ដល់អ៊ុយក្រែន បើទោះបីជា ប្រទេសទាំងអស់នោះ មិនបានចេញប្រតិបត្តិការយោធាជួយអ៊ុយក្រែនដោយផ្ទាល់ក៏ដោយចុះ ដែលទុកឲ្យអ៊ុយក្រែនប្រយុទ្ធតទល់តែឯងជាមួយកំពូលមហាអំណាចយោធាលំដាប់ទី២លើលោក។ ក្រៅតែពីការផ្ដល់ជំនួយក្នុងក្របខណ្ឌរដ្ឋាភិបាល មហាសេដ្ឋីពិភពលោក​ចំនួន​២រូប ក៏បាន​ចេញមុខ​ជួយដល់​ប្រទេសអ៊ុយក្រែនដែរ។

លោក អេឡុន ម៉ាស់ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បាននិយាយនៅចុងសប្ដាហ៍មុននេះថា ផ្កាយរណប Starlink នៃក្រុមហ៊ុន SpaceX របស់លោក នឹងបើកដំណើរការផ្កាយរណបសម្រាប់ផ្ដល់សេវាអ៊ីនធើណែតនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃរដ្ឋធានីគៀវ បានទទូចឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ ផ្ដល់ស្ថានីយផ្កាយរណបសម្រាប់ប្រទេសរបស់ខ្លួន ដោយសារតែសេវាអ៊ីនធឺណែតនៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែត្រូវបានរំខានដោយសារតែសង្គ្រាមឈ្លានពានពីរុស្ស៊ី។

លោក Elon Musk បានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter របស់លោកថា សេវាផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ឥឡូវនេះបានបើកឲ្យដំណើរការនៅអ៊ុយក្រែនហើយ ហើយស្ថានីយផ្កាយរណបជាច្រើនទៀត ក៏កំពុងត្រៀមដំណើរការផងដែរ។

ការប្រកាសពីការជួយលើផ្នែកសេវាបច្ចេកវិទ្យាផ្កាយរណបទៅកាន់អ៊ុយក្រែននេះ គឺធ្វើឡើងត្រឹមតែ ១០ម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកំណែទម្រង់ឌីជីថលរបស់អ៊ុយក្រែន បានទទូចឲ្យលោក Elon Musk ផ្ដល់ជូនសេវាផ្កាយរណបStarlink ទៅកាន់អ៊ុយក្រែន ពោលគឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនត្រូវបានឈ្លានពានដោយរុស្ស៊ី។

ក្រៅពីនេះ ក៏មានមហាសេដ្ឋីជប៉ុនមួយរូបទៀត គឺលោក Hiroshi Mikitani ដែលជាស្ថាបនិកក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកដ៏ធំ របស់ជប៉ុន គឺក្រុមហ៊ុន Rakuten បានលើកឡើងនៅក្នុងលិខិតមួយទៅកាន់លោកប្រធានាធីបតីអ៊ុយក្រែនថា លោកនឹងបរិច្ចាគប្រាក់ ៨លាន ៧សែនដុល្លារអាមេរិក សម្រាប់សកម្មភាពមនុស្សធម៌ជួយដល់ប្រជាជននៅក្នុងប្រទេសអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយអំពីហិង្សា ដែលបង្កឡើងដោយសង្គ្រាមឈ្លានពាននេះ។

មហាសេដ្ឋីជប៉ុន លោក Mikitani បានបញ្ជាក់ទៀតថា គំនិតរបស់លោកគឺនៅជាមួយលោកប្រធានាធិបតីអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន។ លោកក៏ជឿជាក់ថា រុស្ស៊ី និងអ៊ុយក្រែន អាចនឹងដោះស្រាយបញ្ហានេះ ដោយសន្ដិភាព និងអាចឲ្យប្រជាជនអ៊ុយក្រែនមានសន្ដិភាពរបស់ពួកគេជាថ្មីម្ដងទៀត នៅពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងបានបន្ដធ្វើឡើងជាបន្ដបន្ទាប់ ហើយថ្មីៗនេះ ក៏មានការដាក់ទណ្ឌកម្មចំពោះ លោក ពូទីន ប្រធានាធិបតីរុស្ស៊ីផ្ទាល់ផងដែរ ខណៈដែលទណ្ឌកម្មផ្នែកសេដ្ឋកិច្ចក៏កំពុងធ្វើឡើងកាន់តែធ្ងន់ធ្ងរទៅៗចំពោះរុស្ស៊ីដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស៊ីត្រូវបានដកចេញពីប្រព័ន្ធទូទាត់សកល SWIFT តើនឹងមានប៉ះពាល់អ្វីខ្លះ?

ព័ត៌មាន
ស្របពេលដែលសកម្មភាពឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅតែធ្វើឡើងកាន់តែក្ដៅគគុក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានអះអាង ថា ពួកគេនឹ…

អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ «អាមេរិកគួរបោះបង់ចោលភាពមិនច្បាស់លាស់លើការការពារតៃវ៉ាន់»

ព័ត៌មាន
លោក Shinzo Abe មានការព្រួយបារម្ភ និងលើកឡើងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាបង្ហាញជំហឲ្យកាន់តែច្បាស់លាស់ថែមទៀត ថាខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ