សារព័ត៌មាន the Nation បានរាយការណ៍ថា បញ្ហាមូលនិធិថាមពលប្រេងឥន្ធនៈដែលបានបន្សល់ ទុក គឺជារឿងដ៏ឈឺក្បាលមួយដែលរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវបន្តរ៉ាប់រង។ បញ្ហានេះ ក៏ជាមូលហេតុដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ រក្សាបេក្ខភាពរដ្ឋមន្រ្តីក្រសួងថាមពលឱ្យនៅដដែល។
អ្នកវិភាគបានបង្ហើបថា សមាសភាពគណរដ្ឋមន្រ្តីថ្មី ដែលលោកស្រី ផែថងថាន បានបង្ហើបកាលពីថ្ងៃសុក្រ មុខតំណែងជារដ្ឋមន្ត្រីថាមពល គឺនៅតែដឹកនាំដោយលោក ភីរ៉ាផាន សាលីរ៉ាថាវីបាចា (Pirapan Salirathavibhaga)។ ការរក្សាដំណែងនេះ គឺដើម្បីឲ្យលោកទទួលបន្ទុកគោលនយោបាយទាក់ទងនឹងថាមពល ជាពិសេសការកំណត់តម្លៃលក់រាយប្រេងម៉ាស៊ូត ដើម្បីជួយកាត់បន្ថយបន្ទុកដល់ប្រជាពលរដ្ឋតាមគោលនយោបាយរបស់គណបក្សភឿថៃ។
លោក ភីរ៉ាផាន មកពីគណបក្សរួមថៃសាងជាតិ បានកាន់កាប់ក្រសួងនេះតាំងពីខែសីហា ឆ្នាំ២០២៣ ក្នុងអំឡុងពេលរដ្ឋាភិបាលថៃ ដឹកនាំដោយលោក ស៊្រីថា ថាវេស៊ីន អតីតនាយករដ្ឋមន្រ្តី ដែលត្រូវបានតុលាការធម្មនុញ្ញថៃ ទម្លាក់ចេញពីតំណែង។ ពេលទទួលបានការតែងតាំងភ្លាម រដ្ឋមន្ត្រីថាមពលរូបនេះ បានដាក់ចេញនូវការអនុវត្តកម្មវិធីនយោបាយកំណត់តម្លៃប្រេងម៉ាស៊ូតភ្លាមៗ ដោយមួយលីត្រមានតម្លៃមិនឱ្យលើសពី០,៨៨ដុល្លារ ដោយប្រើប្រាស់ប្រាក់ពីមូលនិធិប្រេងឥន្ធនៈដើម្បីឧបត្ថម្ភធន។
ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា មុនពេលវិធានការនេះត្រូវបានដាក់ឱ្យដំណើរការ មូលនិធិប្រេងឥន្ធនៈមានឱនភាពត្រឹមតែជាង១ពាន់៦រយលានដុល្លារប៉ុណ្ណោះ ហើយកាលនោះប្រេងម៉ាស៊ូតមួយលីត្រមានតម្លៃដល់ទៅជិត១ដុល្លារ ប៉ុន្តែក្រោយពេលដែលកម្មវិធីនេះបានដាក់ចេញមូលនិធិនេះមានឱនភាពរហូតដល់ជាង៣ពាន់លានដុល្លារ ឬការចំណាយរបស់រដ្ឋាភិបាលថៃ មានទំហំធំជាងចំណូល ដែលទទួលបានពីវិស័យនេះ។
បើនិយាយអំពីឱនភាពនៃមូលនិធិគឺកើនឡើងខ្លាំង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គម្រោងឧបត្ថម្ភធន នេះ គឺបានទទួលផលសេដ្ឋកិច្ចតបស្នងមកវិញប្រមាណជាង១១លានដុល្លារនៅក្នុងមួយថ្ងៃ ដូច្នេះប្រសិនបើស្ថានការណ៍នៅតែបន្តបែបនេះចរន្តសេដ្ឋកិច្ចនឹងកាន់តែប្រសើរ ជាពិសេសគឺនៅក្នុងចំណោម អ្នកប្រើប្រាស់ប្រេងឥន្ធនៈ។
អ្នកវិភាគកំពុងតាមដានការសម្រេចចិត្តថ្មីរបស់លោក ភីរ៉ាផាន ថាតើលោកនឹងសម្រេចចិត្តយ៉ាងណានៅ លើបញ្ហាមូលនិធិឧបត្ថម្ភប្រេងនៅក្រោមរដ្ឋបាលដែលដឹកនាំដោយលោកស្រី ផែថងថាន ស្របពេលដែល ឱនភាពមូលនិធិបន្តកើនឡើងបែបនេះ៕
ដោយៈ សរ សុជាតិ