
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ទោះបីសេដ្ឋកិច្ចកម្ពុជា បានរងឥទ្ធិពលពីកត្តាខាងក្រៅ និងបញ្ហាជម្លោះព្រំដែនជាមួយថៃ យ៉ាងណាក្តី តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវកំណើន និងភាពរឹងមាំ។ តែយ៉ាងណាអ្នកជំនាញរូបនេះ បានផ្តល់ជាយោបល់ថា ដើម្បីបន្តរក្សាបានកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងបរិយាបន្ន កម្ពុជាត្រូវបន្តគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី បង្កើតបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែង ពង្រឹងផលិតកម្មក្នុងស្រុក ផ្លាស់ប្តូរទៅរកផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងលើកកម្ពស់ការធ្វើកសិកម្មឆ្លាតវៃ ដើម្បីជំរុញការនាំចេញ។ សម្រាប់អ្នកជំនាញរូបនេះ ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល និងឌីជីថលដល់យុវជន ក៏ជាមូលដ្ឋានចាំបាច់សម្រាប់សេដ្ឋកិច្ចផងដែរ។ ទន្ទឹមនេះ កម្ពុជា គួរលើកកម្ពស់ឧស្សាហកម្មបច្ចេកវិទ្យាថ្មីៗ ពង្រឹងសេវាហិរញ្ញវត្ថុសម្រាប់ SME បន្តធានាស្ថិរភាពសង្គម និងនយោបាយ ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេស ហើយកម្ពុជា គួរបន្តអត់ធ្មត់ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួនដូចជាកាត់បន្ថយការចំណាយក្រៅផ្លូវការមួយចំនួនរបស់វិនិយោគិនក្នុងវិស័យពន្ធដារ និងគយ, ជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ និងការផលិតក្នុងស្រុកលើវិស័យឧស្សាហកម្ម និងសិប្បកម្មកែច្នៃជាមួយការលើកទឹកចិត្តផ្នែកពន្ធដារ និងបើកការតភ្ជាប់ទីផ្សារឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យផលិតករមានលទ្ធភាពចាប់យកឱកាសក្នុងអំឡុងពេលពលរដ្ឋកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក។ បន្ថែមលើនេះ រាជរដ្ឋាភិបាលត្រូវគិតគួរធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមអគ្គិសនី និងថ្លៃធាតុចូលកសិកម្មឱ្យបានទាបជាងមុន ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែខ្លាំង និងចំគោលដៅ និងជំរុញលើកកម្ពស់ស្មារតីជាតិនិយមបន្ថែមទៀត។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរ កម្ពុជា ត្រូវពង្រឹងវិស័យសសរស្ដម្ភសំខាន់ៗ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ឋឱ្យបានខ្លាំង រាប់ចាប់តាំងពីការបង្កបរិយាកាសវិនិយោគ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីធានាស្ថិរភាពនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ នេះពី ៦,១% មកនៅត្រឹម៤,៩% និងពី៦,២% មកនៅត្រឹម៥% នៅឆ្នាំ២០២៦ ដោយសារការរងឥទ្ធិពលពីជម្លោះព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក៕